​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ផ្សព្វផ្សាយ​ឱ្យ​កសិករ​ពិចារណា​ពូជស្រូវ​ចំនួន​១៧ មុខ​

119
ចែករម្លែក

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានធ្វើការ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២៣ ខែ កញ្ញា​ឆ្នាំ​២០២០ កន្លងទៅ នូវ​ពូជស្រូវ​ចំនួន ១៧​មុខ​ដែលមាន​សក្តានុពល​សម្រាប់​ផលិតកម្ម​ដំណាំ​នេះ​នៅក្នុង​ប្រទេស ។​

លោក​បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់​របស់ ថា ” ថ្ងៃនេះ​(​ថ្ងៃទី​២៣ ខែ កញ្ញា ) អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ជម្រាបជូន​បងប្អូន​ប្រជាកសិករ បាន​ជ្រាប​ក្នុងការ​ជ្រើសរើស​នូ​វប្រ​ភេទ​ពូជស្រូវ​ចំនួន ១៧ ដែល​សម​ស្របតាម​ក្សេត្រ​បរិស្ថាន​និង​លក្ខខណ្ឌ​ដាំ​ដុះ បម្រែបម្រួល​អាកាសធាតុ និង​ទីផ្សារ ព្រមទាំង​ផ្តល់​តម្លៃបន្ថែម​ជូន​ដល់​អ្នកប្រើប្រាស់ ក្នុងចំណោម​ប្រភេទ​ពូជស្រូវ​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ចេញ​ជូន​កសិករ​ប្រើប្រាស់​ចំនួន ៤៦ កន្លងមក​” ។​

​តាម​ការផ្សព្វផ្សាយ​នោះបាន​ឲ្យ​ដឹងថា ពូជស្រូវ​ទាំងនោះ​រួមមាន ដូចជា​ប្រភេទ​ពូជស្រូវ​ខា​១៥, ពូជ​ខា​១៦, ពូជស្រូវ​ផ្កា​រំដេង​, ផ្កា​ច័ន្ទ​សែន​សរ​, ពូជស្រូវ​ផ្កាមាលតី​, ពូជស្រូវ​ខា​៤, ប្រភេទ​ស្រូវ​ខា​៦, ស្រូវ​ខា​៩, ពូជស្រូវ​រាំង​ជ័យ​, ពូជ​អ៊ី​អ៊ែរ​៦៦, ពូជស្រូវ​ជលសារ​, ពូជស្រូវ​សែន​ពិដោរ​, ស្រូវ​ផ្ការំដួល និង ស្រូវដំណើប​ស្បៃ​មង្គល ជាដើម ។


​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ដោយឡែក ពូជស្រូវ​ផ្កា​រមៀត​វិញ គឺជា​ប្រភេទ​ពូជស្រូវ ដែល​ចេញ​ផ្កា​នៅ​ចន្លោះ​ពីថ្ងៃ​ទី​១០ ដល់ ២៥ ខែ តុលា ផ្តល់​ផល​ពី ៣​ទៅ ៦,៥ តោន តែ​ជា​ប្រភេទ​ស្រូវ​ធន់​នឹង​ទឹកជំនន់ ដី​ប្រែ ហើយ​វា​ប្រភេទ​ស្រូវ​ដែល​ផ្តល់​អង្ករ​មាន​សារ​ធាតុដែក​ខ្ពស់ ហើយ​គេ​ថា​ជា​អង្ករ​ល្អ​សម្រាប់​មនុស្ស​ចាស់ និង នារី​មាន​ផ្ទៃពោះ ។​

​ប្រភេទ​ស្រូវ​ស្មាច់​០២ គឺជា​ប្រភេទ​ពូជ ដែល​ចេញ​ផ្កា​ពី ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់ ថ្ងៃទី ១០ ខែ ធ្នូ ជាមួយនឹង​ទិន្នផល​ពី ៣,២​ទៅ ៤,២ តោន ហើយ​ជា​ប្រភេទ​ពូជស្រូវ​ដែល​ផ្តល់​អង្ករសម្រូប​ពណ៌​ក្រហម សំបូរ​ទៅដោយ​ជាតិ​សរសៃ សមស្រប​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​វា​ច្រើន​ដាំ​នៅ​តំបន់ ទំនាប​រំពឹង​ទឹកភ្លៀង ។​
​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ​អាច​នឹងសិក្សា​ស្វែងយល់​បន្ថែមទៀត​ជាមួយនឹង​មន្ត្រី​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិ​វ​ឌ្ឈ​ន៍​កសិកម្ម​កម្ពុជា​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម