អូស្ត្រាលី សន្យា​ផ្តល់ Software eWater Source គ្រប់គ្រង​ទឹក ដល់​ក្រសួង​ធនធានទឹក​

129
ចែករម្លែក


ដោយៈ ប​.​ខុន /​ភ្នំពេញៈ ឯកអគ្គរាជទូត​អូស្ត្រាលី សន្យាថា នឹង​ផ្តល់ជូន​នូវ​កម្មវិធី Software eWater Source ដែលជា​កម្មវិធី​ធ្វើ​ម៉ូ​ឌែ​ល គ្រប់គ្រង​ធនធានទឹក ដល់​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម សម្រាប់​ប្រើប្រាស់ ក្នុងការ​ចងក្រង ត្រួតពិនិត្យ និង​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ ។​

​ការសន្យា​នេះ បានធ្វើ​ឡើង នៅក្នុង​ជំនួប​រវាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក ប៉ាប​ឡូ កាង (Pablo Kang) ឯកអគ្គ រដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ ការ​គម្រោង​ជំនួយ លើ​វិស័យ​ធនធានទឹក កាលពី​ល្ងាច ថ្ងៃទី​២៣ កញ្ញា នៅ​ទីស្តីការក្រសួង​ធនធានទឹក​។​

​នៅក្នុង​ជំនួប​នេះ លោក លឹម គានហោ បាន​ថ្លែង​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋាភិបាល អូស្ត្រាលី តាមរយៈ​ឯកអគ្គរាជទូត ដែល​បាន​ជួយ​គាំទ្រ ដល់​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្​ចកម្ពុជា ឲ្យ​មានការ​រីកចម្រើន ជា​បន្តបន្ទាប់ ជាពិសេស​វិស័យ ធនធានទឹក ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​រួមចំណែក​ទ្រទ្រង់ ដល់​ការលូតលាស់ សេដ្ឋកិច្ចជាតិ ។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន ឯកអគ្គរដ្ឋទូត អំពី​សមិទ្ធផល និង​ការងារ​ដែល​ក្រសួង សម្រេចបាន និង​កំពុង​អនុវត្ត ព្រមទាំង​កិច្ចការងារ ចំពោះមុខ ក្នុង​ក្រប ខណ្ឌ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រួមចំណែក​ដោះស្រាយ បញ្ហា​ប្រឈម ក្នុង​បរិបទ​នៃ បម្រែបម្រួល​អាកាសធាតុ សំដៅ​ធានាបាន នូវ​សន្តិសុខ​ទឹក សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់ និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព ។​

​លោក ប៉ាប​ឡូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ​ភាព​រីករាយ ដែល​ជួបពិភាក្សា​ផ្ទាល់ ជាមួយ​លោក​រដ្ឋមន្ត្រី និង​បានធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ លើ​វិស័យ​ធនធានទឹក និង​ឧតុ​និយម ដែល​ក្រសួង​សម្រេចបាន ក៏ដូចជា កិច្ច​ការបន្ត​ត្រូវអនុវត្ត ក្នុង​បេសកកម្ម រួមចំណែក​ដល់​ការអភិវឌ្ឍ និង​ការរីកលូតលាស់ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ។​

លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី នូវ​ការប្តេជ្ញាចិត្ត បន្ត​រួមចំណែក​ជួយ​របស់ រាជរដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា វិស័យ​ធនធានទឹក ឱ្យមាន​ការវិវត្ត រីកចម្រើន​តទៅ​មុខ ។ ក្នុងនាម​រដ្ឋាភិបាល​អូស្ត្រាលី ឯកអគ្គរដ្ឋទូត បាន​សន្យា​ផ្តល់ជូន​នូវ​កម្មវិធី Software eWater Source ដែលជា​កម្មវិធី​ធ្វើ​ម៉ូ​ឌែ​ល គ្រប់​គ្រង​​ធនធានទឹក ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​ប្រើប្រាស់ ក្នុងការ​ចងក្រង​ត្រួតពិនិត្យ និង​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ ។ ទិសដៅ​បន្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង DFAT ដោយមាន​ការគាំទ្រ​បច្ចេក​ទេស ពី CAVAC និង eWater នឹង​ពិភាក្សាគ្នា​លម្អិត​បន្ថែមទៀត អំពី​គម្រោង​ជាក់​លាក់ ក្រោម​ជំនួយ​គាំទ្រ ពី​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​វិស័យ​ធនធានទឹក នៅ​កម្ពុជា ។​

​រំលឹក​ឱ្យដឹងថា រដ្ឋាភិបាល​អូស្ត្រាលី បាននិងកំពុង​ជួយ​ដល់​កម្ពុជា លើ​គម្រោង CAVAC ជំហាន​១ (២០១០-២០១៥) នៅ​ខេត្តកំពត ខេត្តតាកែវ និង ខេត្តកំពង់ធំ និង​គម្រោង CAVAC ជំហាន​២ (២០១៦-២០២១) កំពុង​អនុវត្ត​នៅ​ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្តព្រៃវែង ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម