​​ព្រោះតែ​គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់ បង្ក​ឱ្យ​អ្នកភូមិ មាន​ជំនឿ​មិន​សម​ហេតុផល លើ​រូបសំណាក​មួយ​

232
ចែករម្លែក

ដោយ​៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖
ដោយសារតែ​នៅ​វាលស្រែ និង​នៅ​ភូមិដ្ឋាន នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ និង​នៅ​ឃុំ​តា​គង់ នៅ​ស្រុក​ម៉ាឡៃ គ្មាន​ទឹកភ្លៀង​គ្រប់គ្រាន់ បាន​បង្ក​ឱ្យ​អ្នកភូមិ ជា​កសិករ នៅក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ មាន​ជំនឿ មិន​សម​ហេតុផល លើ​រូបសំណាក​មួយ ថា​ចង្រៃ រហូតដល់​មាន​ជនដៃដល់ បាន​ទៅ​បំផ្លាញ​រូបសំណាក​នោះ ក៏ប៉ុន្តែ​ទោះបីជា​យក​រូបសំណាក​នោះ ចេញពី​ភូមិ ឬ​បំផ្លាញ​ក៏ដោយ ក៏​នៅ​បណ្ដា​ភូមិ ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ នៅតែ​គ្មាន​ភ្លៀង​ធ្លាក់​ដដែល ។​

​លោក វ៉ាន់ ឡុង ស្មៀនឃុំ​សំរោង ស្រុក​អូរជ្រៅ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៣ កញ្ញា នេះ​ថាៈ មុននេះ ទោះបី​ទូទាំងប្រទេស ក៏​ដូច​ទូទាំង​ខេត្ត ទទួល​ទឹកភ្លៀង ដោយសារ​បង្ក​ពី​ឥទ្ធិពល នៃ​ព្យុះ និង​ភ្លៀង ក្នុង​តំបន់​ក៏ដោយ ក៏​នៅ​ភូមិសាស្ត្រ​ឃុំ​សំរោង ពិសេស​តាម​វាលស្រែ នៅតែ​មិន​ទទួលបាន​ទឹកភ្លៀង ស្រោចស្រព អោយ​សមស្រប​នៅឡើយ ។ ពោល​គឺមាន​ភ្លៀង រលឹម​ផ្សែង​ក្រូច​ខ្លះ ប៉ុន្តែ​គ្មាន​ទឹក​ដក់​គល់​ស្រូវ​ឡើយ​។ ដូច្នេះ ដំណាំ​ស្រូវ ក៏​មិន​អាចមាន​ដើមដង ដុះ​លូតលាស់ បានល្អ​ដែរ ។​

ស្មៀនឃុំ​សំរោង បាន​រំលឹក​ពី​ជំនឿ មិន​សម​ហេតុផល របស់​ពលរដ្ឋ ជា​កសិករ នៅ​ឃុំ​សំរោង ស្រុក​អូរជ្រៅ​ថា គឺ​ពួកគាត់ បាន​ខឹងសម្បារ​នឹង​រូបសំណាក​មួយ ដែល​សប្បុរសជន បាន​យកទៅ​តម្កល់ នៅ​សាលាបឋមសិក្សា ភូមិ​គោក​ចាស់ ឃុំ​សំរោង ដោយ​យល់ថា មកពី​ដាក់​រូបសំណាក​នោះ ទើប​ធ្វើអោយ គ្មាន​ភ្លៀង​ធ្លាក់ ហើយ​បង្ក​ក្រៀម​ស្វិត ដំណាំ​ស្រូវ និង​ខ្វះ​ទឹក​បរិភោគ ទឹក​ប្រើប្រាស់ ។​

​ពលរដ្ឋ ជា​កសិករ បានស្នើ​សុំ​ទៅ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម កាលពី​នៅ​ជា ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បី​យក​រូបសំណាក​នោះ ពីសា​លា មក​តម្កល់ នៅ​វត្ត​សំរោង ។

កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ អតីត​ស្នងការ បានអោយ​លោក រី ដា​រ៉េត ទៅ​ដឹកនាំ​កម្លាំង យក​រូបនោះ​ចេញ តាម​សំណូមពរ ។ ប៉ុន្តែ​លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​អប់រំ ព្រមទាំង​សប្បុរសជន បានស្នើ​សុំ​លោក លី សុ​វណ្ណា​រឹទ្ធិ អភិបាលស្រុក​អូរជ្រៅ ដើម្បី​យក​រូបសំណាក​នោះ ពី​វត្ត ទៅកាន់​សាលារៀន ដើម​វិញ ។​ លោក​អតីត​ស្នងការ ក៏​សម្របសម្រួល សុំ​ការយោគយល់ ដើម្បី​ដឹក​រូបសំណាក​នោះ តាម​សំណើ ។​

លុះដល់​ថ្ងៃទី​៦ កញ្ញា ក៏មាន​ជន​មិន​ស្គាល់មុខ បាន​ប្រើ​អំពើហិង្សា វាយបំបាក់ បំបែក​រូបសំណាក​នោះ ហើយ​មកទល់ពេលនេះ ក៏​សមត្ថកិច្ច និង​អាជ្ញាធរ រក​ជនដៃដល់ មិនទាន់​ឃើញ​នៅឡើយ ។ ពី​នោះមក នៅ​វាលស្រែ ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ និង​វាលស្រែ នៅ​តំបន់​ជាប់​គ្នា​នោះ ក្នុង​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ និង​ក្នុង​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ក៏​នៅតែ​មិន​ទទួលបាន ទឹកភ្លៀង​សមល្មម​នៅឡើយ ។ ពោលគឺ​ជំនឿ​មិន​សម​ហេតុផល​ថា មកពី​រូបសំណាក​នោះ​ចង្រៃ ទើប​មិនមាន​ភ្លៀង​ធ្លាក់ ក៏​សាបរលាប​ម្តង​បន្តិចៗ​។​

​លោក វ៉ាន់ ឡុង បាន​បន្តថាៈ មកទល់​ថ្ងៃទី​២៣ កញ្ញា វាលស្រែ​ក្នុងភូមិ​គោក​ចាស់ វាល​ស្មា​ក់ ក្នុងភូមិ​អ្នកតា​ឈរ ភូមិ​បន្លិច ភូមិ​សំរោង ភូមិ​វត្ត ភូមិ​កណ្តាល ភូមិ​ថ្មី ភូមិ​កំពង់​រាប នៅតែ​គ្មាន​ទឹកភ្លៀង ធ្លាក់​បាន​ទឹក​ដក់ គល់​ស្រូវ​ដដែល ពោលគឺ​មានតែ​រលឹម បន្តិចបន្តួច​ប៉ុណ្ណោះ ៕S/ V

ទីតាំងផ្សាយពាណិជ្ជកម្ម