មានការ​ភ្ញាក់ផ្អើល​ខណៈ​កម្មវិធី Miss Grand Cambodia 2020 ផ្លាស់ប្តូរ​ទីតាំង​ប្រកួត

373
ចែករម្លែក

ភ្នំពេញៈ​មហាជន​ដែល​តាមដាន​កម្មវិធី​ប្រកួត​សម្រស់ Miss GrandCambodia 2020 មានការភ្ញាក់ផ្អើល​បន្ទាប់ពី​កម្មវិធី​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ទីតាំង​ប្រកួត​ភ្លាមៗ​។​គឺ​មុនពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឈានចូល​មកដល់​។

​តាម​គម្រោង​ កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់​ព្រ័​ត្រ Miss GrandCambodia 2020​គ្រោងឡើង​នៅ​ពហុ​កី​ឡដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិក ​នា​រាត្រី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ ​ប៉ុន្តែ​ត្រូវបាន​ផ្លាស់ប្តូរ​។ មានការបារម្ភ​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​ថា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកគាំទ្រ​ ពិសេស​អ្នក​ចូល​ទស្សនា​ដោយផ្ទាល់ ខណៈ​ការប្រកួត​ត្រូវបាន​ប្តូរ​ទៅកាន់​អគារព្រី​មៀរ​សែន​សុខ វិញ​នោះ​។

​លោក អ៊ិន សុ​ភិន អគ្គនាយក​ផលិតកម្ម​មហាហង្ស​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ចាត់ចែង​រៀបចំ​កម្មវិធី​នេះ​បាន​ពន្យល់ថា ការផ្លាស់ប្តូរ​ភ្លាមៗ​នេះ​នឹងមិន​ជះឥទ្ធិពល​អាក្រក់ ឬ​នាំ​ឲ្យ​មានភាពរអាក់រអួល​ដល់​កម្មវិធី​នោះឡើយ​។​ផ្ទុយទៅវិញ​នឹង​កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​ល្អ​ ព្រោះតែ​ទីនោះ​នឹងត្រូវ​ទម្លាយ​សាល​បី​បញ្ចូល​គ្នា ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទស្សនា​កាន់តែច្រើន​។ ចំពោះ​មូលហេតុ​នៅ​ពីក្រោយ​ការផ្លាស់ប្តូរ​ទីតាំង​នេះ​ ពី​ព្រោះតែ​ទីតាំង​ស្តា​ត​បានធ្វើ​ការជូនដំណឹង​មក​ភ្លាមៗ​ដោយ​មិន​អនុញ្ញាតឲ្យ​មាន​អ្នកគាំទ្រ​ណា​ម្នាក់​ចូល​ទស្សនា​ក្រៅតែពី​ក្រុមការងារ​ផ្សាយ​ផ្ទាល់ និង​ផលិត​កម្មវិធី​នោះទេ​។

​លោក​បាន​បង្ហើប​ឱ្យដឹងថា រហូតមកដល់​ល្ងាច​ថ្ងៃទី​២៤​ខែកញ្ញា នេះ​មាន​អ្នកទិញ​សំបុត្រចូល​ទស្សនា​ច្រើនជាង​មួយ​ពាន់​នាក់​ហើយ ​ហើយ​កម្មវិធី​គ្រប់យ៉ាង​គឺ​នឹង​ប្រព្រឹត្តទៅជា​ធម្មតា​ ដោយ​មិនមាន​ការកែប្រែ​កម្មវិធី​ណាមួយ​ទៀតឡើយ​គឺ​លើកលែងតែ​ទីតាំង​នេះ​មួយ​ប៉ុណ្ណោះ ​ព្រោះតែ​ក្រុមការងារ​ទាំងអស់​បាន​ត្រៀមខ្លួន​ជិត​មួយឆ្នាំ​មកហើយ​។

​លោក​បាន​បញ្ជាក់ថា កម្មវិធី​ដែល​ធ្វើឡើង​នៅ​ទីតាំង​ថ្មី​ក៏មាន​ការត្រួតពិនិត្យ​កម្តៅ និង​ការបាញ់ទឹក​អាល់កុល​ឲ្យ​អ្នកចូលរួម​ទស្សនា​ផងដែរ​។ កម្មវិធី​ប្រកួត​ដ៏​ធំ​សម្បើម​មួយ​នេះ​នឹង​ជាអត្តសញ្ញាណ​ថ្មី​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ​ព្រោះ​កម្មវិធី នឹង​បង្ហាញ​ពី​ការរីកចម្រើនរបស់​ប្រទេសជាតិ លើកតម្កើង​សិល្បៈ​វប្បធម៌​ជាតិ​ទំនៀមទម្លាប់ លើកស្ទួយ​តម្លៃ​ស្ត្រី និង​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​។

​សូម​បញ្ជាក់ដែរថា កម្មវិធី​ប្រកួត Miss GrandCambodia 2020 បាន​ក្លាយជា​របត់​ថ្មី​នៃព្រឹត្តិការណ៍ ប្រកួត​សម្រស់​របស់​កម្ពុជា​។​បើទោះបីជា​កម្មវិធី​នេះ​លេចចេញ​រឿង​ចម្រូង ចម្រាស​ច្រើន​មែន ​ប៉ុន្តែ​វា​នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​៕ ដោយៈ បូ​រិ​ន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម