​អាជ្ញាធរខេត្ត អំពាវនាវ​ឱ្យ​អ្នក​ផលិត​ដំណាំ​កសិកម្ម មាន​ភាពស្មោះត្រង់ និង​មាន​គុណភាព​

266
ចែករម្លែក

​ដោយ​៖ គង់​ហេង​/​កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ដល់​ប្រជាកសិករ ជា​អ្នក​ផលិត​ដំណាំ កសិកម្ម​ទាំងឡាយ មាន​ភាពស្មោះត្រង់ និង​ផលិតផល​ប្រកបដោយ​គុណភាព ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ និង​ធានា​សុវត្ថិភាព សុខភាព​ដល់​អ្នក​បរិ​ភោគ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​បែបនេះ នៅក្នុង​ឱកាស​ដែល​លោក បាន​ដឹកនាំ​មន្ត្រីរាជការ ចូលរួម​ចែក​ធាតុ​ចូល​កសិកម្ម ជូន​សមាជិក​បណ្តុំ​អាជីវកម្ម ដំណាំ​បន្លែ កម្មវិធី ASPIRE នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​អនុវិទ្យាល័យ ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​


​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ «​សំណួរ​សួរថា កសិករ​យើង ខំ​ដាំ​ណាស់​ម្នាក់ៗ យកទៅលក់​នៅឯណា​? ជា​បញ្ហា​ប្រឈម​នឹង​ទីផ្សារ ដោយ​អ្នក​ដាំ ឬ​អ្នក​ផលិត ចង់បាន​ថ្លៃ ហើយ​អ្នកទិញ ចង់បាន​ថោក​។ យើង​ត្រូវ​រក​ចំណុចកណ្តាល​មួយ ដើម្បី​ឱ្យមាន​ការចរចា​គ្នា នូវ​តម្លៃ​ទីផ្សារ គឺ​ធ្វើយ៉ាងណា ឱ្យ​តម្លៃ​អាច​ទទួលយកបាន នៅ​ទីផ្សារ​»​។​

​លោក​បាន​បន្ថែមថាៈ ប៉ុន្តែ​កត្តា​ចម្បង យើង​ត្រូវ​ផ្តល់​ជាសំខាន់ ទៅលើ​គុណភាព សម្រាប់​ការផលិត បើទោះជា​ដំណាំ​កសិកម្ម ដែល​នាំចូល​ពី​ក្រៅប្រទេស មានការ​ប្រកួតប្រជែង​ខ្លាំង នូវ​តម្លៃ និង​គុណភាព គឺ​តម្លៃ​របស់គេ ថោក​ជាង ហើយ​គុណភាព​របស់គេ​ល្អ​ជាង​។ តែ​យើង​ត្រូវធ្វើ​យ៉ាងណា កុំឱ្យ​ចាញ់​គេ គឺ​ត្រូវ​ផ្តល់​សំខាន់ ទៅលើ​គុណភាព​។​

​លោក​បាន​បន្តថាៈ មួយវិញទៀត ទាមទារ​ឱ្យ​ការផលិត របស់​ប្រជាកសិករ ទាំងឡាយ មាន​ភាពស្មោះត្រង់ ដោយ​ចងក្រង​ជា បណ្តុំ​អាជីវកម្ម​បន្លែ របស់​យើង ដែលជា​គម្រោង​កម្មវិធី « ASPIRE » មាន​ភាពស្មោះត្រង់ គឺ​ធ្វើយ៉ាងណា ឱ្យ​ផលិតផល​ដាំ​ដុះ​របស់​យើង មានគុណ​ភាព ឈានទៅ​ប្រកួតប្រជែង​បាន ជា​បន្លែ​សរីរាង្គ ឬ​ជា​បន្លែ​សុវត្ថិភាព លើ​សុខភាព ដល់​អ្នក​បរិភោគ​។​

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម បាន​អនុវត្ត​អនុ​កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ ( ASPIRE) ។ ដោយបាន​អនុវត្ត​សកម្មភាព ស្រុក​គោលដៅ​ចំនួន ប្រាំពីរ និង​ក្រុង​ចំនួន មួយ ដែលមាន​ឃុំ សង្កាត់ សរុប​ចំនួន​២៤ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម