រថយន្ត​ដឹកទំនិញពីរ​គ្រឿងបុក​គ្នា​៖ តៃកុង​ម្នាក់កៀប​ស្លាប់​ក្នុង​រថយន្ត និង​ម្នាក់ទៀត របួសធ្ងន់​

364
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / កណ្តាល​៖ រថយន្ត​ដឹកទំនិញពីរ​គ្រឿង បាន​បុក​គ្នា​ពេញទំហឹង បណ្តាលឲ្យ​តៃកុង​ម្នាក់កៀប​ស្លាប់ក្នុង​រថយន្ត និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល ៩ ម៉ោង​ហើយ សព​មិនទាន់​អាច​គាស់​ចេញពី​ក្នុង​រថយន្តបាន​នៅឡើយ​ទេ ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ១១ និង​៣៥​នាទី យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣-៣៤ ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​អះអាងថាៈ មាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ តាកែវ 3A-0021 បើកបរ​ដោយ ឈ្មោះ ថោង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​សែន​សុខ រាជធានី​ភ្នំពេញ បាន​កៀប​ជាប់​ក្នុង​រថយន្ត ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថាៈ រថយន្ត​នេះ បើកបរ​មាន​ទិសដៅពី​អ្នក​លឿង ទៅ​ភ្នំពេញ ។ ពេល​បើក​មកដល់​កន្លែង​កើតហេតុ រថយន្ត​នេះ បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ មក​បុក​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-3308 បើកបរ​ដោយ​ឈ្មោះ គយ សុភាព ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់ ដែលមាន​ទិសដៅ​ពី​ភ្នំពេញ ទៅ​អ្នក​លឿង ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​សមត្ថកិច្ច អះអាងថា បណ្តាលមកពី​អ្នកបើកបរ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ តាកែវ 3A-0021 ធ្វេសប្រហែស គ្មាន​ការប្រុងប្រយ័ត្ន មិនបាន​ពិនិត្យមើលស្ថានភាព​ផ្លូវ​ខាងមុខ៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម