ម៉ូតហុងដា បើបុករថយន្ត ខ.ម ចតស្ងៀម បណ្តាលឱ្យស្លាប់ម្នាក់

287
ចែករម្លែក

ដោយ៖គូលែន / សៀមរាប៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារតែយុវជននោះ បានបើកម៉ូតូ ទៅបុករថយន្ត ពាក់ផ្លាកលេខ ខេមរភូមិន្ទ ( ខ.ម ) ពីក្រោយ ដែលចតស្ងៀម។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ ២៩៥-២៩៦ ស្ថិតនៅក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាល ស្រុកប្រាសាទបាគង បានបញ្ជាក់ថាៈ មានម៉ូតហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Y 4632 បើកបរដោយយុវជនម្នាក់ ដែលមិនស្គាល់ឈ្មោះ បានបើកបរ ពីទិសខាងលិច ទៅខាងកើត បានបុកពីក្រោយរថយន្តចតស្ងៀម យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

លោកបានបន្តថាៈ ចំណែករថយន្ត ម៉ាកហ៊ីយាន់ដាយ ពាក់ផ្លាកលេខ ខេមរភូមិ 01 3-0490 បានចតនៅលើផ្លូវ បែរមុខចំទៅទិសខាងកើត ក្រោយកើតហេតុ អ្នកបើក​រថយន្ត រត់គេចខ្លួនបាត់។ អ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុក នៅវត្តរលួស ដើម្បីស្រាវជ្រាវ រកសាច់ញាតិយកទៅធ្វើបុណ្យ។

លោកបានអះអាងថាៈ អ្នកបើកបរម៉ូតូឌ្រីម បើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់បែបនេះ។ ចំពោះវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន​នគរបាលស្រុក ដើម្បីបង្កសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម