អាម៉េរិក​បណ្តេញ​ស្ថាន​កុងស៊ុល​ចិន​មួយទៀត​ដោយ​ចោទប្រកាន់​ថា​ជា «​កន្លែង​បណ្តុះបណ្តាល​ចារ​កម្ម​»

297
ចែករម្លែក

​កាលពី​ខែ​កក្កដា​កន្លងទៅ ស្ថាន​កុងស៊ុល​មួយ​នៅ​ក្រុង​ហោ​ស្តុន រដ្ឋ​តិច​សាស់ ត្រូវ​អាម៉េរិក​ប្រកាស​ថា​ចា​កន្លែង​ចារកម្ម​យ៉ាង​សកម្ម​មួយ និង​ជា​មណ្ឌល​សំរាប់​ការប៉ុនប៉ង​លួច​ទិន្នន័យ​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​​នឹង​ការស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​។​នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ស្ពុត​និក​របស់​រុស្ស៊ី​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​កញ្ញា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​ប្រាប់​កាសែត​The New York Post ថា​ស្ថាន​កុងស៊ុល​ចិន​មួយ​គឺ​ជា​មជ្ឈមណ្ឌល​សំរាប់​ចារកម្ម​នៅលើ​​ទឹកដី​អាម៉េរិក ក្រោយ​ការចាប់ខ្លួន​មន្ត្រីប៉ូលិស​ក្រុង​ញូវយ៉ក​ម្នាក់ ដែល​រង​ការចោទប្រកាន់​ថា​ធ្វើ​ចារកម្ម​អោយ​ចិន​ប៉េកាំង​។​

​ដោយ​ចង់​សំដៅ​ស្ថាន​កុងស៊ុល​ចិន​នៅ​ញូវយ៉ក លោក​ផ​មផេវ​បាន​និយាយថា «​ពួកគេ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ដែល​ឆ្លង​ផុត​ខ្សែបន្ទាត់​កិច្ចការ​ទូត​ធម្មតា ដល់​កំរិត​ដូចជា​ការធ្វើ​ចារកម្ម​ច្រើនជាង​»​។​

​បើ​តាម​ប្រមុខ​ការទូត​អាម៉េរិក​រូបនេះ ការសំរេច​បិទ​ស្ថាន​កុងស៊ុល​នេះ​កើតឡើង​ក្រោយ​ពី​នាយប៉ូលិស​ក្រុង​ញូវយ៉ក​ម្នាក់ ឈ្មោះ បាយ​ម៉ា​ដា​ជី អាង​វ៉ាង​ត្រូវបាន​ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ​ដោយសារ​ធ្វើជា​​ភ្នាក់ងារ​អោយ​រដ្ឋាភិបាល​ចិន និង​ជួយ​រក​ព័ត៌មាន​អំពី​ជន​ទី​បេតិ៍​ក្នុងក្រុង​ញូវយ៉ក​។​

​វា​ជា​ការចោទប្រកាន់​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធថា​ជា​«​ការ​មួលបង្កាច់​ទាំងស្រុង​»​។​

​ទោះជា​ចិន​បដិសេធ ក៏​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក នៅតែ​ថា ស្ថាន​កុងស៊ុល​ចិន​នៅ​ញូវយ៉ក​ពាក់ព័ន្ធ​នឹង​ចារ​កម្ម និង​បាន​ព្រមាន​ថា​នឹង​មាន​ការចាប់ខ្លួន​អ្នក​ការទូត​និង​ភ្នាក់ងារ​បង្កប់​ជាច្រើន​នាក់​​ទៀត​។​

​តាមពិត​វា​មិនមែន​ជា​លើកដំបូង​ទេ​ដែល​ស្ថាន​កុងស៊ុល​ចិន​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ក្លាយជា​គោលដៅ​របស់​រដ្ឋការ​ត្រាំ ដោយ​កាលពី​ខែកក្កដា ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង​ហោ​ស្តុន ត្រូវបាន​បញ្ជា​អោយ​បិទ​​ក្រោម​ការចោទប្រកាន់​ដូចគ្នា ក្រោយ​ការិយាល័យ​ស៊ើបការណ៍​សហព័ន្ធ​(FBI)​អាម៉េរិក​បាន​ចោទប្រកាន់​និយោជិត​របស់​ស្ថាន​កុងស៊ុល​ថា​បាន​ចូលរួម​លួច​ទិន្នន័យ​វេជ្ជសាស្ត្រ​ស្តីពី​វ៉ាក់សាំង​កូវី​ដ​១៩​និង​ព្យា​​យាម​ជ្រៀតចូល​រក​ព័ត៌មាន​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង​និង​ហ្គាស​។​

​ប្រមុខ​ការទូត​អាម៉េរិក​រូបនេះ កាលពី​ថ្ងៃ​ពុធ​ក៏​បាន​ព្រមាន​ដល់​អ្នកនយោបាយ​អាម៉េរិក​ទាំង​កំរិត​រដ្ឋ​និង​មូលដ្ឋាន​ទាំងអស់​អោយ​ប្រុងប្រយ័ត្ន​ពួក​អ្នកការទូត​ចិន ដែល​លោក​ថា​អាច​អន្ទង​ទាក់ទាញ​ពួក​​គេ​អោយ​ក្លាយជា​ផ្នែក​នៃ​ការឃោសនា​និង​ចារកម្ម​របស់​ចិន​ប៉េកាំង​។​

​ការវាយប្រហារ​ចុងក្រោយ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​កើត​ឡើង​នៅ​ពេល​អាម៉េរិក​នៅ​សល់​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​មុន​ឈាន​ដល់​ការបោះឆ្នោត​នា​ខែ​វិច្ឆិកា ខណៈ​ដែល​លោក​ប្រធានាធិបតី​ត្រាំ ហាក់​ចាញ់​សម្លេង​គូប្រជែង​នៅក្នុង​ការស្ទង់មតិ និង​កំពុង​យក​ប្រធានបទ​ចិន​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​៕​ប្រែ​សម្រួល​៖​វាសនា​

​ផ​ម​ផេវ​៖ យើង​បិទ​វា​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ចារកម្ម​ជាក់ស្តែង

ទីតាំងផ្សាយពាណិជ្ជកម្ម