ស​.​ស​.​ស​.​ក​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​»

162
ចែករម្លែក
លោក ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ស​.​ស​.​ស​.​ក​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​»(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ចូលរួម​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភពលោក អបអរសាទរ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ ប្រកាស​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្កើត​ឱកាស​ចូលរួម ដើម្បី​ពិភពលោក​សម្រេច​ឲ្យ​បាន​នូវ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រ៍​។ ស្ថិតក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​រង​ការយាយី​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ​២០២០​នេះ ទិវា​អន្តរជាតិ​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ប្រារព្ធ​ឡើង​ក្រោម​ពាក្យស្លោក «​សិទ្ធិ​ទទួល​ព័ត៌មាន​៖ សង្គ្រោះ​ជីវិត ការកសាង​ទំនុកចិត្ត និង​បង្កើត​នូវ​ក្តីសង្ឃឹម​»​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​។​


​ក្នុងន័យនេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ជាមួយ​ប្រជាជន​កម្ពុជា ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​រួមគ្នា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​វិធាន​ការបង្ការ ទប់ស្កាត់ និង​ព្យាបាល​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ រហូត​បានជា​សះស្បើយ​ទាំងស្រុង ហើយដោយ​មិនមាន​ប្រជា​ជនណាម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បាត់បង់​អាយុជីវិត​ដោយសារ​ជំងឺ​នេះឡើយ​។ លទ្ធផល​ជាក់ស្តែង​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី «​សមត្ថភាព​ជាតិ​យើង​ក្នុងការ​ជម្នះ​ការលំបាក​» ហើយ​បាន​កសាង នូវ​ជំនឿ​ចិត្ត​និង​ក្តីសង្ឃឹម ចំពោះ​អនាគត​ដ៏​ប្រសើរ​រួមគ្នា​ត​ទៅមុខទៀត​។​


​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ព័ត៌មាន នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​ខិតខំ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​គ្រោង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំនេះ​។ យើង​មាន​ក្តី​សង្ឃឹមថា ច្បាប់​នេះ​នឹង​ក្លាយ ជា​មធ្យោបាយ​បន្ថែម​រួមចំណែក​ពង្រឹងពង្រីក​នូវ​ឥរិយាបទ ផ្នត់គំនិត និង​វប្បធម៌ «​ប្រជាធិបតេយ្យ​ចូលរួម​» ពី​សំណាក់​ប្រជាពលរដ្ឋ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។


​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា យល់ឃើញថា ការកសាង​ជំនឿ​ចិត្ត​សង្គម គឺ​ត្រូវតែ​ឈរលើ​មូលដ្ឋាន​នៃ​សកម្មភាព​ជាក់ស្តែង លទ្ធផល​ជាក់ស្តែង ដោយ​ស្មារតី​ចូលរួម ការជួយ​បំពេញ​ឲ្យ​គ្នា ការគោរព និង​ការ​យល់យោគ​។ គេ​មិនគួរ​គប្បី​បណ្តុះ​ជំនឿ​ដែល​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម ការសន្យា​ភូតភរ ព័ត៌មាន​ប្រឌិត ការ​បំភ្លៃ ការអុជ​អាល និង​មនោគមន៍វិជ្ជា​ញុះញង់ ដែល​បង្កើត​ការភ័ន្តច្រឡំ ហើយ​ឈានទៅ​ធ្វើ​សកម្មភាព​ដោយ​ងងឹតងងល់ បង្កចលាចល បំផ្លាញ​សង្គមជាតិ និង​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។ បរិបទ​នៃ​ប្រទេស​កម្ពុជា «​កត្តា​សន្តិភាព​» បាន​បង្ក​បរិយាកាស​ដ៏​មានតម្លៃ​សម្រាប់​ការកសាង​គុណភាព​ជីវិត និង​បានធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​ល្អប្រសើរ​ឡើង​។ បច្ចុប្បន្ន​កម្ពុជា​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ពិភពលោក ប្រកបដោយ​មោទនភាព ទាំង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនង​អន្តរជាតិ វប្បធម៌ សិល្បៈ កីឡា មនុស្សធម៌ និង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​


​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ទាញ​ការចាប់អារម្មណ៍​ថា ទិវា «​សិទ្ធិ​ទទួល​ព័ត៌មាន​» ក៏​រំលឹក​យើង​ជាប្រចាំ​ថា យើង​អាច​ប្រើប្រាស់​សិទ្ធិ​នេះ ដើម្បី​ឈ្វេងយល់​ព័ត៌មាន​គ្រប់​ទិដ្ឋភាព មិន​ត្រឹមតែ​អំពី​វឌ្ឍនភាព​នៃ​ប្រទេសជាតិ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​យើង​ក៏ត្រូវ​តាមដាន​ជាប្រចាំ អំពី​សភាពការណ៍​វិវឌ្ឍន៍​ប្រែប្រួល​ឥតឈប់ឈរ​នៃ​បញ្ហា​តំបន់​និង​ពិភពលោក​ផងដែរ​។ ខណៈដែល​មាតុភូមិ​កម្ពុជា​យើង​កំពុង​រីករាយ​ជាមួយ​សុខសន្តិភាព ឥឡូវនេះ មហាអំណាច​កំពុង​ប្រជែង​គ្នា​យក​ប្រៀប​ខាង ភូមិសាស្ត្រ​នយោបាយ យោធា និង​សេដ្ឋកិច្ច ដែល​តោង​តែ​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​។ ប្រវត្តិសាស្ត្រ​បង្ហាញថា ក្នុង​បរិបទ​នៃ​ការ​រះ​ឡើង​នៃ​មហាអំណាច​ថ្មី និង​ការធ្លាក់ចុះ​ឥទ្ធិពល​នៃ​មហាអំណាច​មួយ គឺ​បង្កើត​បញ្ហា​ប្រឈម​ចាក់ស្រែះ និង​ពិបាក​ប៉ាន់ស្មាន​។ ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ជាមួយ​បន្ទាត់នយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុង «​ការបន្ត​កសាង​មិត្ត​គ្រប់ទិសទី​ក្រោម​ស្មារតី​ឯករាជ្យ​» អធិបតេយ្យ ដោយ​គោរព​គ្នា​ទៅវិញទៅមក ស្មើភាព​និង​ស្មើ​សិទ្ធិ ហើយ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​


​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដូច​បានបង្ហាញ​ខាងលើ សូម​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់ បណ្តាញ​សង្គម ឲ្យ​បន្ត​ប្រើប្រាស់​សិទ្ធិ​ទទួល​ព័ត៌មាន ក្នុង​ឧ​ត្ត​ម​គតិ​ដើម្បី​ពង្រឹងសមត្ថភាព​ជាតិ ដើម្បី បណ្តុះ «​ស្មារតី​កម្ពុជា​និយម​»​។ សូម​បន្ត​ប្រើប្រាស់​លំហ​សិទ្ធិសេរីភាព​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​អំពី «​តម្លៃ​សន្តិភាព​» និង​មរតក​វប្បធម៌​ល្អ​ប្រពៃ​ថ្លៃថ្នូរ​របស់​ប្រជាជន​យើង​ទៅកាន់​ពិភពលោក ដោយ​តម្កល់ ផលប្រយោជន៍​ជាតិ​យើង​មុនគេ​។ យើង​ត្រូវតែ​ជឿជាក់​លើ​ខ្លួន​យើង​ជាមុន និង​ជឿជាក់​លើ​អនាគត​ដ៏​ប្រសើរ​របស់​ប្រទេសជាតិ​យើង​ជាមុន​។ គ្មាន​នរណា​ស្គាល់​តម្រូវការ​កម្ពុជា ជាង​កម្ពុជា​ខ្លួនឯង​ឡើយ​។ គ្មាន​នរណា​លើកតម្កើង​កម្ពុជា ជាង​កម្ពុជា​ខ្លួនឯង​នោះឡើយ​។ ដូច្នេះ ការចូលរួម​ផ្សព្វផ្សាយ រូបភាព​ល្អ​១​សន្លឹក ខ្លឹមសារ​ល្អ​១​ឃ្លា ទស្សនវិជ្ជា ការថ្នៃប្រឌិត​ថ្មី គឺមាន​តម្លៃ​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​របស់​អ្នក ប្រទេសជាតិ​អ្នក ហើយ​ទង្វើ​វិជ្ជមាន​ជាប្រចាំ​នេះ នឹង​ក្លាយជា​កម្រង​ប្រវត្តិសាស្ត្រ ដែល​កត់ត្រា​នូវ​គុណសម្បត្តិ​របស់​អ្នក​បាន​ចូលរួម​ក្នុង «​បុព្វហេតុ​ដើម្បី​ឧត្តមភាព​ជាតិ​មាតុភូមិ​» របស់​យើង ហើយ​សកម្មភាព​នេះ​មានគុណ​តម្លៃ​ធំធេង​ទាំង​សម្រាប់​បច្ចុប្បន្ន​និង​តទៅ​អ្នកជំនាន់ក្រោយ​៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម