ពាក្យសាធារណរដ្ឋថៃកំពុងលេចពេញបណ្តាញសង្គម ក្រោយសភាថៃបោះឆ្នោតបដិសេធការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

481
ចែករម្លែក

ពាក្យដែលគេសរសេរនាំមុខដោយសញ្ញាទ្រុងជ្រូកថា #សាធារណរដ្ឋថៃ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម Twitter ក្នុងប្រទេសថៃកាលពីថ្ងៃសុក្រទី ២៥ ខែកញ្ញា បន្ទាប់ពីសភាបានបោះឆ្នោតច្រានចោលសំណូមពរនៃការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដូចដែលក្រុមអ្នកតវ៉ាបានទាមទារ។

ក្នុងអំឡុងពេលធ្វើបាតុកម្មជាង២ខែប្រឆាំងរដ្ឋាភិបាល ពួកមេដឹកនាំតវ៉ាមួយចំនួននិយាយថា ពួកគេស្វែងរកការកែទម្រង់រដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចនៃរបបរាជានិយមរបស់ព្រះមហាក្សត្រមហា វិជ្ជរ៉ាឡុងកន ប៉ុន្តែពួកគេមិនបានស្វែងរកការលុបបំបាត់ចោលរបបនេះទេ។

យោងតាមក្រុមហ៊ុន Twitter បានឱ្យដឹងថា ពាក្យថា”សាធារណរដ្ឋ”ជាភាសាអង់គ្លេសជាជាងជាភាសាថៃ ត្រូវគេប្រើនៅក្នុងបណ្តាញនេះជាង ៧៣០.០០០ ដង ហើយជាកន្សោមពាក្យក្នុងសញ្ញាទ្រុងជ្រូកដែលមាននិន្នាការកំពូលនៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃសុក្រ។

ព្រះបរមរាជវាំងមិនបានធ្វើអត្ថាធិប្បាយនិងមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើការតវ៉ាឬការទាមទារឱ្យមានកំណែទម្រង់របស់ព្រះមហាក្សត្រនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក អានូចា បូរ៉ាប៉ាច័យស្រី បាននិយាយថាលោកមិនបានឃើញសញ្ញាទ្រុងជ្រូកនោះផង ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ប៉ុន្តែនិយាយថានាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាកំពុងស្តាប់គ្រប់ភាគីអំពីបញ្ហានៃរដ្ឋធម្មនុញ្ញ។

លោកនិយាយថា “មានអ្នកចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងមានអ្នកផ្សេងទៀតមិនចង់ធ្វើ”។

សភាដែលត្រួតត្រាដោយអ្នកគាំទ្ររដ្ឋាភិបាលបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពន្យារពេលធ្វើការសម្រេចចិត្តថាតើខ្លួននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែរឬអត់។

សេចក្តីសម្រេចនេះបានធ្វើឱ្យក្រុមអ្នកតវ៉ានិងអ្នកតំណាងរាស្ត្របក្សប្រឆាំងខឹងសម្បា ដោយចោទប្រកាន់សភាថាព្យាយាមស៊ីពេលវេលា។

ក្រុមអ្នកតវ៉ាស្វែងរកការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលពួកគេនិយាយថាត្រូវបានព្រាងដើម្បីធានាថាលោកប្រាយុទ្ធដែលជាអតីតមេដឹកនាំរបបយោធា បានបន្តកាន់អំណាច បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន។ ពួកគេក៏ចង់ឱ្យលោកចុះចេញពីតំណែងដែរ។

លោកប្រាយុទ្ធមានប្រសាសន៍ថាការបោះឆ្នោតនេះគឺមានលក្ខណៈត្រឹមត្រូវហើយ៕ ដោយ ៖ កញ្ញាដាលីស

បាតុករថៃខឹងសម្បាដែលសភាព្យាយាមគេចវេសមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ទីតាំងផ្សាយពាណិជ្ជកម្ម