ចុម​យក្ស​! កណ្ដុរ Magawa វីរបុរស​ដោះមីន​នៅ​កម្ពុជា ទទួល​មេដាយមាស​ថ្នាក់ George Cross ពី​ចក្រភព​អង់គ្លេស

229
ចែករម្លែក

​កណ្តុ​រហិត​រក​គ្រាប់​មីន​មួយ​ក្បាល​ឈ្មោះ ម៉ា​ហ្គា​វ៉ា (Magawa) មាន​កិត្តិយស​ធំធេង​ទទួលបាន​មេដាយមាស PDSA Gold Medal ពី​ចក្រភព​អង់គ្លេស ដែល​ស្មើនឹង​គ្រឿងឥស្សរយស​ខ្ពស់​ផុត​លេខ George Cross សម្រាប់​អាណាចក្រ​សត្វ​ក្នុង​ចក្រភព​អង់គ្លេស សម្រាប់​ការបូជា​របស់​វា​ក្នុង​កិច្ចការ​ដោះមីន​នៅ​កម្ពុជា​។​

​កណ្តុរ​ឈ្មោល​ពូជ​អាហ្វ្រិក ដ៏​អង់អាច​ក្លាហាន​ខាងលើនេះ​បាន​រក​ឃើញ​គ្រាប់​មីន​ចំនួន​៣៩ គ្រាប់ និង​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ២៨ គ្រាប់ ចាប់តាំងពី​វា​ទទួល​បាន​ការ​បង្វឹក​ពី​អង្គការ​សប្បុរសធម៌ APOPO ដែល​មាន​ជំនាញ​ឯកទេស​ខាង​បង្វឹក​សត្វ​ឱ្យ​ហិត​រក​គ្រាប់​មីន និង​ជំងឺរបេង​នៅក្នុង​ខ្លួន​មនុស្ស​។​

​វា​ជា​វីរបុរស​កណ្ដុរ (Hero Rat) ដែល​ទទួលបាន​ជោគជ័យ​បំផុត​របស់​អង្គការ​សប្បុរសធម៌​ខាងលើ ក្រោយ​ពី​វា​បាន​បោសសម្អាត​គ្រាប់មីន​លើ​ផ្ទៃ​ដី​ជាង ១៤១.០០០​ម៉ែត្រការ៉េ​ដែល​ស្មើ​នឹង​តារាង​​បាល់ទាត់​ចំនួន ២០ ។ វា​ជា​កណ្ដុរ​ទី​១ នៅក្នុង​ប្រវត្តិសាស្ត្រ ៧៧ ឆ្នាំ​របស់​អង្គការ​នេះ​ដែល​ទទួលបាន​មេដាយ​បែបនេះ​។​

​លោក គ្រីស្តូហ្វ ខ​ក់ស៍ (Christophe Cox) នាយក​ប្រតិបត្តិ​អង្គការ APOPO ដែល​សហការ​ជាមួយ​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា (CMAC) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន PA ថា​”​ខ្ញុំ​បាន​​បម្រើ​ការងារ​នៅ​អង្គការ APOPO អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ហើយ​ការទទួលបាន​មេដាយ​នេះ​ពិត​ជា​កិត្តិយស​ធំធេង​ណាស់​សម្រាប់​ពួក​យើង​ជាពិសេស​សម្រាប់​ក្រុម​គ្រូបង្វឹក​សត្វ​របស់​យើង​​ដែល​ខំ​ប្រឹងក្រោក​បង្ហាត់​សត្វ​ទាំងនោះ​តាំងពី​ព្រឹក​ព្រលឹម​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​វា​ក៏​ជា​កិត្តិយស​ធំធេង​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ទូទាំង​ពិភពលោក​ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន​ផងដែរ​។ មេដាយ PDSA Gold Medal ធ្វើឱ្យ​ពិភពលោក​ចាប់អារម្មណ៍​អំពី​បញ្ហា​គ្រាប់មីន​”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម