រាជរដ្ឋាភិបាលស្នើរដ្ឋសភាជួយពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

216
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ រាជរដ្ឋាភិបាល បានស្នើដល់រដ្ឋសភាជួយពន្លឿនការអនុម័ត សេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មឲ្យបានឆាប់ ដើម្បីងាយស្រួលគ្រប់គ្រងកន្លែងល្បែងពាណិជ្ជកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ជាតិនិង រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ។

នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅវិមានរដ្ឋសភា រវាងអន្តរគណៈកម្មការនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឲ្យរដ្ឋសភាជួយ ពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មឲ្យបានឆាប់ ព្រោះរាជរដ្ឋាភិបាលបានបង្កើតច្បាប់នេះឡើងក្នុង គោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដែលជាទស្សនទានមួយថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យកាស៊ីណូជាវិស័យមួយ ជួយជំរុញដល់ការអភិវឌ្ឍនៅតំបន់ព្រំដែននិងទាក់ទាញផ្នែកវិនិយោគ និងអ្នកទេសចរ ដោយសារតែអាជីវកម្មផ្នែកនេះ ជាប្រភពនាំមក នូវចំណូលពីក្រៅប្រទេសមួយដ៏សំខាន់។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា៖សេចក្តីព្រាងច្បាប់ដែលកំពុងស្នើការអនុម័តនេះ នឹងអនុញ្ញាតឱ្យមានការគ្រប់គ្រងលើវិស័យកាស៊ីណូនិងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹងនិងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមាសម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ ពិនិត្យសិក្សាសេចក្តីព្រាងដែលរាជរដ្ឋាភិបានបញ្ជូនមកយ៉ាងហ្មត់ចត់បំផុត។

កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានឱ្យដឹងថា៖ ក្រោយពីបានសាកសួរនូវចម្ងល់មួយចំនួនទៅតំណាងរាជរដ្ឋាភិបាលនិងស្នើកែសម្រួលនូវពាក្យពេចន៍មួយចំនួនដើម្បីឱ្យត្រឹមត្រូវតាមក្បួនច្បាប់គណៈកម្មការ រដ្ឋសភាបានសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ ទៅគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិភាក្សានិងអនុម័ត នាពេលខាងមុខ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម