នៅ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស​ចិន គាំទ្រ​ពហុភាគី​និយម​ក្នុង​ពិភពលោក​

248
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​កញ្ញា បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ពហុភាគី​និយម​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ និង​បាន​ជំរុញ​ឱ្យ​ប្រទេស​នានា ដោយ​រួមទាំង​សហរដ្ឋ​អាម៉េរិក ផលិត​វ៉ាក់សាំង​កូវី​ដ​១៩ ជា​ប្រយោជន៍​សាធារណៈ​នៅ​លើ​ភព​លោក​សម្រាប់​មនុស្ស​នៅ​គ្រប់​ទីកន្លែង​។​

​លោក វ៉ាង យី បាន​និយាយថា ” ក្នុង​គ្រា​ដ៏​លំបាក​នេះ បណ្តា​ប្រទេស​ធំៗ កាន់តែ​មាន​កាតព្វកិច្ច​បន្ថែមទៀត​ដើម្បី​ដាក់​អនាគត​មនុស្សជាតិ​ជាដំបូង បោះបង់​ចោល​គំនិត​សង្គ្រាមត្រជាក់​និង​ភាពលំអៀង​​ខាង​មនោគមវិជ្ជា​ហើយ​រួមគ្នា​ក្នុង​ស្មារតី​នៃ​ភាព​ជា​ដៃគូ​ដើម្បី​ជម្នះ​ការលំបាក​”​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ​បាន​ថ្លែង​កត់សម្គាល់​ដូចនេះ​នៅ​ឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​កំពុង​បន្ត​ធ្វើ​។​

​ដោយ​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ ហ្គូ​ថេ​រ៉េស បាន​លើកឡើង​អំពី​កង្វះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​ដែលមិន​​អាច​គ្រប់គ្រង​បាន​នៅ​ឡើយ​នេះ​។​

​លោក ហ្គូ​ថេ​រ៉េស បាន​និយាយថា​” បរាជ័យ​របស់​សហគម​ន៍​អន្តរជាតិ គឺ​ដោយសារ​កង្វះ​ការត្រៀម​លក្ខណៈ​ជា​សកល​ដើម្បី​សហប្រតិបត្តិ រូប​រួម​កម្លាំង និង សាមគ្គី​គ្នា “​។​

​លោក​បាន​និយាយថា​មនុស្ស​ជិត​មួយ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​ហើយ​មនុស្ស​ជាង​៣០ លាន​នាក់ បាន​ឆ្លង​ជំងឺ​នេះ​។​

​បន្ទាប់​ពី​ការ​ថ្លែង​របស់លោក អង់​តូ​នីញ៉ូ ហ្គូ​ថេ​រ៉េស លោក វ៉ាង​យី បាន​និយាយ ថា ប្រទេស​នានា​គួរតែ​ឆ្លុះបញ្ចាំង​អំពី​សក្ដានុពល​និង​បញ្ហា​ប្រឈម​នៅក្នុង​ប្រព័ន្ធ​អន្តរជាតិ​ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើឱ្យ​​អភិបាលកិច្ច​ពិភពលោក​មាន​ភាពល្អប្រសើ​រ​ឡើង​ដោយ​មាន​អង្គការ​សហប្រជាជាតិ​នៅ​កណ្តាល​។​

​លោក វ៉ាង យី​ស្នើថា សហគមន៍​អន្តរជាតិ​គួរតែ​ដោះស្រាយ​កិច្ចការ​ពិភពលោក​ជាមួយ​នឹង​គោលការណ៍​ពិគ្រោះ​យោបល់​និង​សហប្រតិបត្តិការ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក វ៉ាង យី ចូលរួម​កិច្ចប្រជុំ​តាម​អន​ឡាញ​នៃ​ក្រុម​មេដឹកនាំ​ពិភពលោក​កាលពី​ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម