សម្ដេច​ក្រឡាហោម​ប្រាប់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ពី​តួនាទី​ភារកិច្ច​សំខាន់ៗ​របស់​ក្រសួងមហាផ្ទៃ​

139
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ​ខិ​ន​ហ្វ្រើ​រិ​ន​។ ជំនួប​ពិភាក្សា​នេះ គឺជា​លើក​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ផាត សុ​ផានិត អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ នៅក្នុង​ជំនួប​ពិភាក្សា សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន អំពី​អាណត្តិ​ការងារ តួនាទី​ភារកិច្ច​សំខាន់ៗ ធំ​ពីរ របស់​ក្រសួងមហាផ្ទៃ គឺ​៖


​តួនាទី​១. ក្រសួងមហាផ្ទៃ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្របសម្រួល ជាមួយ​ថ្នាក់ជាតិ និង​រដ្ឋបាល​ដែនដី សំដៅ​សម្រួល​ដល់ ដំណើរការ​ភារកិច្ច របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​ប្រព្រឹត្តទៅ ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​សម្តេច បានលើកឡើង អំពី​ការពង្រឹង​សមត្ថភាព រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម តាំងពី​ឆ្នាំ​២០០២ មក​។

​ទី​២. ពាក់ព័ន្ធ​ទៅនឹង​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដែលជា​កិច្ចការ​ស្នូល​មួយ របស់​ក្រសួងមហាផ្ទៃ ក្នុងការ​ថែរក្សា​សន្តិសុខ​ទូទៅ នៅក្នុង​ប្រទេស ក៏ដូចជា ការថែរក្សា សុខ​សុវត្ថិភាព ជូន​ដល់​វិនិយោគិន​បរទេស ផងដែរ ដែល​មក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​បន្តថាៈ ក្រៅពី​ការងារ​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ជម្រាប​ពី​តួនាទី ស្នូល​សំខាន់ៗ មួយចំនួនទៀត របស់​ក្រសួងមហាផ្ទៃ ដែល​ក្នុងនោះ មានការ​ងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ ដល់​ប្រជាពលរដ្ឋ និង​ការងារ​សញ្ជាតិ ការគ្រប់គ្រង​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន ការងារ​ចុះបញ្ជី​គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ការងារ​គ្រប់គ្រង​ពន្ធនាគារ នៅ​ទូទាំងប្រទេស​… ។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើង អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ក្របខ័ណ្ឌ​វិស័យ​សន្តិសុខ រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​កម្ពុជា និង​សហរដ្ឋអាមេរិក ។​ក្នុងនោះ មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន FBI ស្ថាប័នគយ និង​អន្តោប្រវេសន៍ និង​ក្រសួង​សន្តិសុខ​មាតុភូមិ សហរដ្ឋអាមេរិក និង​ការិយាល័យ​សន្តិសុខ ប្រចាំ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។ ដោយមាន​ការសហការ​ល្អ ក្នុងការ​ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស ការជួញដូរ​ផ្លូវភេទ និង​បទល្មើស​គ្រឿងញៀន ជាដើម ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម