​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បដិសេធ​ចំពោះ​ការចោទប្រកាន់ របស់​ឈ្មោះ អេង ឆៃអ៊ាង​

355
ចែករម្លែក

ដោយៈ មុនី​រ័ត្ន /
​ភ្នំពេញៈ
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ច្រានចោល​ចំពោះ ការចោទប្រកាន់ និង​និយាយ​មួល​បង្កាច់ គ្មាន​ការពិត ពី​សំណាក់​លោក អេង ឆៃអ៊ាង អ្នកនយោបាយ ជាប់​បម្រាម​តុលាការ​កម្ពុជា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​អ្នក​គៀបសង្កត់​សិទ្ធិ​ប្រជាពលរដ្ឋ​។ អ្នកនាំពាក្យ បាន​ហៅ​ការចោទប្រកាន់​នេះ បញ្ជាក់​អោយឃើញ ពី​ចរិត​ពិត នៃ​អ្នកនយោបាយ​ប្រឆាំង ដែលមាន​ភ្នែក​ភ្លឺ​នឹង​គេ​ដែរ តែ​ធ្វើ​ពុតត្បុត ជា​មនុស្ស​ខ្វាក់ ធ្វើ​មិនដឹងមិនឮ មើលមិនឃើញ នូវ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កន្លងមក​។​

​ការបដិសេធ​របស់ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ មុនី​រ័ត្ន​)

​អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ភារកិច្ច​បម្រើ​ជាតិ ប្រជាជន និង​ការខិតខំ​ធ្វើអោយ​សង្គម មាន​ភាពយុត្តិធម៌ រួមទាំង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ​សង្គម ការដោះស្រាយ​បញ្ហា​នានា ក្តីកង្វល់ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ​។ ការធ្វើ​វេទិកាសាធារណៈ ការ​បង្ខិត​សេវា​អោយ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ដូចជា​សេវា​ច្រកចេញចូល​តែមួយ ក៏ត្រូវ​បានធ្វើ​ឡើង ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធ​ផល ទន្ទឹមនឹង​ការ បណ្តុះបណ្តាល​ស្មារតី មនសិការ​វិជ្ជាជីវៈ ដល់​មន្ត្រី និង​កងកម្លាំង​នគរបាលជាតិ ព្រមទាំង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​ប្រភព​ដដែល បាន​បន្តថាៈ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ​មួយ លេខ ០៤៣ ស​ណន ស្តីពី​ការយកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ​។ ក្រោយពី​បានចេញ សេចក្តីណែនាំ​នេះ ប្រជាពលរដ្ឋ និង​បណ្តាញសារព័ត៌មាន​ជាច្រើន បាន​សម្តែង​មតិ​ស្វាគមន៍ និង​គាំទ្រ​។ ផ្ទុយទៅវិញ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយ ជាប់​បម្រាម​តុលាការ​កម្ពុជា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស បានធ្វើ​អត្ថាធិប្បាយ ក្នុង​វិទ្យុ​បរទេសមួយ កាលពី​យប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយនិយាយ​បំផ្លើស មិន​ទទួលស្គាល់​ការពិត ក្នុងន័យ​ចោទប្រកាន់ អាជ្ញាធរ​មូលដ្ឋាន​ថា ជា​អ្នក​គៀបសង្កត់​សិទ្ធិ​ប្រជាពលរដ្ឋ និង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ​។​


សំដី​នេះ​បញ្ជាក់​អោយឃើញ ពី​ចរិត​ពិត នៃ​អ្នកនយោបាយ​ប្រឆាំង ដែលមាន​ភ្នែក​ភ្លឺ​នឹង​គេ​ដែរ តែ​ធ្វើ​ពុតត្បុត ជា​មនុស្ស​ខ្វាក់ ធ្វើ​មិនដឹងមិនលឺ មើលមិនឃើញ នូវ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កន្លងមក ។ ប្រសិនបើ​ដូច​សំដី របស់​ឈ្មោះ អេង ឆៃអ៊ាង បាន​លើកឡើងថា មន្ត្រី​ថ្នាក់ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​មិនកើត និង​គ្មាន​ជំនឿ​នោះ ម្ល៉េះ​សម រាជរដ្ឋាភិបាល សព្វថ្ងៃនេះ មិនអាច​ស្ថិតនៅ​គង់វង្ស​បានទេ ហើយក៏​មិនអាច​កសាង​ប្រទេស អោយ​រីកចម្រើន រក្សាបាន សន្តិសុខ សន្តិភាព ជូន​ប្រជាជន និង​ប្រទេសជាតិ បាន​ដូច​សព្វថ្ងៃ​ឡើយ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ចាត់ទុកថាៈ សំដី​របស់​ឈ្មោះ អេង ឆៃអ៊ាង គឺជា​សំដី​ភូតកុហក គ្មាន​ខ្លឹមសារ ដោយ​គ្រាន់តែ​និយាយ អោយឮ​សំលេង និង កុំអោយ​តែ​គូកន និង​បក្ខពួក​របស់ខ្លួន បំភ្លេច​ឈ្មោះ​ខ្លួន​តែប៉ុណ្ណោះ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម