​ទុស្សេ​ខ្សែភ្លើង ឆេះ​រោងចក្រ​ផលិត​ស្បែកជើង វ៉ុល​ស្កូ អ៊ិន​ធើ​ណេ​សិ​នណល​

175
ចែករម្លែក

ដោយ​៖ ចាន់តូ /
​ភ្នំពេញ​៖
រោងចក្រ​ផលិត​ស្បែកជើង ដ៏​ធំ​មួយកន្លែង ត្រូវ​អគ្គិភ័យលេប​ត្របាក់ យ៉ាង​សន្ធោសន្ធៅ បង្កឱ្យមាន​ការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យអន្តរាគមន៍ ជាច្រើន​គ្រឿង ។

​គ្រោះ​អគ្គិភ័យ​នេះ បានកើត​ឡើងកាលពី​វេលា​ម៉ោង ១ និង​១០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សៅ​រ៍ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ម្ចាស់​រោងចក្រ ជា​ជន​ជាតិចិន ហើយ​រថយន្ត​ផលិតនៅ​ប្រទេស​កូរ៉េ ២ គ្រឿង និង​ទ្រព្យសម្បត្តិក្នុង​រោងចក្រ​មួយចំនួនធំ ត្រូវ​អគ្គិភ័យឆេះ​ទាំងស្រុង ។​

​ប្រភពពី​សន្តិសុខ​ម្នាក់ បានឲ្យដឹងថាៈ មុនពេល​កើតហេតុ គាត់​ឃើញ​ទុស្សេ​ចរន្តអគ្គិសនីចេញពី​តុ​កាត់ បង្កជា​អណ្ដាតភ្លើងយ៉ាងខ្លាំង ហើយក៏​រាយការណ៍​ទៅ សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទាក់ទង​ហៅរថយន្ត​ពន្លត់​អគ្គិភ័យ ក៏ប៉ុន្តែ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យមកដល់ អគ្គិភ័យបាន​ឆាបឆេះ យ៉ាង​សន្ធោ​សន្ធៅបាត់ទៅហើយ​។​

​ប្រភព​បាន​បន្តទៀតថាៈ រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចុះមក​បាញ់​ពន្លត់ដល់​កន្លែងកើតហេតុ ជា​បន្តបន្ទាប់ ជាច្រើន​គ្រឿង ហើយ​បាន​បាញ់​ឲ្យ​រលត់ គ្រាន់តែ​ថមថយអណ្ដាតភ្លើង ពេល​អស់​ទឹកក៏​ឆាបឆេះ​ឡើងវិញ ដោយសារ​មាន​ជាតិ​ជ័រ និង​ប្រេង ទើប​ពិបាក​ក្នុងការ​គ្រប់គ្រង​បន្តិច​។ តែ​មិនមាន​អ្នករបួស ឬ​រងគ្រោះ​ដល់​អាយុជីវិត​នោះទេ ដោយសារ​កម្មករ ធ្វើការ​តែ​ពេល​ថ្ងៃតែប៉ុណ្ណោះ​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ចំពោះ​ករណី​អគ្គិភ័យខាងលើនេះ ឆេះ​ដោយ​ទុស្សេ​ខ្សែភ្លើង ។ អគ្គិភ័យ​នេះ រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ ៤​និង​៥០ នាទី ទៀបភ្លឺ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ៕​/V/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម