កូវីដ-១៩ ថ្ងៃ២៦ កញ្ញា÷ មិនមាន ករណីជាសះស្បើយ និងមាន ករណីសង្ស័យវិជ្ជមានថ្មី១នាក់ កំពុងគេចខ្លួនពីកន្លែងស្នាក់នៅ

191
ចែករម្លែក


ដោយ÷វិវឌ្ឍន៍/ភ្នំពេញ÷គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាគឺមិនមានករណីជាសះស្បើយ និងមានករណី សង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំនួន ១នាក់ (គឺជាបុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប)។

តាមការរាយការណ៍ដោយមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២០ ហើយលទ្ធផលតេស្តរបស់​គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មកគាត់ត្រូវបានបន្តធ្វើ​ចត្តាឡីស័កនៅកន្លែងស្នាក់នៅរបស់តាម​អាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថាវិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន (មកដល់នៅវេលាយប់ម៉ោងប្រហែលជា ១១:០០ យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅ​វេលាព្រឹកនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួល បាននៅល្ងាចនៃថ្ងៃដដែល ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានរត់គេចចេញពីកន្លែងស្នាក់នៅខាងលើរបស់គាត់បាត់តែម្តង។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប កំពុងព្យាយាមរុករកបុរសជនជាតិ​ហុងគ្រី​រូបនេះ តែមិនទាន់រកឃើញនៅឡើយទេ។

ប្រសិនបើនៅល្ងាចនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាក​របស់គាត់ ពិតជាឃើញវិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេះរបស់គាត់​បែប​នេះ (តាំងពីម៉ោងប្រហែលជា ៩យប់នៃថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ) នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរ ច្រើន និងជួបមនុស្សច្រើន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហើយប្រសិនបើ​មានលោកអ្នកណាបានឃើញ ឬដឹងព័ត៌មានអំពីបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំនេះ សូមលោកអ្នក មេត្តាជួយផ្តល់ព័ត៌មានឲ្យបាន ឆាប់ជាទីបំផុតមកអាជ្ញាធរ​មានសមត្ថកិច្ច ។ហើយបងប្អូនដែលបានប៉ះពាល់ជាមួយបុរសខាងលើនេះ សូមចូលរួមមកបង្ហាញខ្លួននៅមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីធ្វើតេស្តរក​វីរុសកូវីដ-១៩ ដើម្បីរួមគ្នាអាចនឹងបញ្ចៀសបាននូវការចម្លងចូលសហគមន៍៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម