ព្រាង​, ព្រៀប​, ព្រាប​, ភាវនា​, កម្មដ្ឋាន​, កម្ម​, កម្មសិទ្ធិ​, កូដកម្ម​, បាតុកម្ម​

567
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ព្រាង ( កិ​. ) ធ្វើ​មួយ​ទ្រួស​ល្បងមើល​សិន​; និយាយ​, ស្នើ​មួយ​លើក​មុន​ល្បងមើល​សិន : ព្រាងការ​, ព្រាងសំបុត្រ​, ព្រាង​សេចក្ដី​, ព្រាងដំណើរ​, និយាយ​ព្រាង ។ គុ​. ដែល​គ្រាន់តែ​ធ្វើ ឬ​និយាយ​មួយ​លើក​មុន​ល្បងមើល​សិន : សេចក្ដីព្រាង​, សំបុត្រ​ព្រាង​, ពាក្យ​ព្រាង ។ ភ្លឺ​ព្រាងៗ ដែល​ភ្លឺ​បន្តិចៗ​ព្រឹមៗ ។ យល់​ព្រាងៗ យល់​បន្តិចៗ​មិនទាន់​ស៊ប់ ។

ព្រៀប ( គុ​. ឬ កិ​. វិ​. ) ដែល​ពេញ​កំពុង​រកកល់​ហៀរ : ពេញព្រៀប​; ទឹក​ជន់​ព្រៀប​ច្រាំង ។

ព្រាប ( ន​. ) ឈ្មោះ​បក្សី​មួយ​ប្រភេទ រូបរាង​ស្រដៀង​នឹង​លលក តែ​សម្បុរ​ផ្សេងគ្នា​, មាន​ច្រើន បែប​, ច្រើន​នៅ​អាស្រ័យ​នឹង​ដំបូលផ្ទះ ឬ​ដំបូល​កុដិ​, សាលា​, វិហារ​, ជាដើម​; ព្រាបយំ ហៅថា ព្រាបថ្ងូរ ព្រោះ​វា​យំ​ឮសូរ​ក្រអួន​រន​រន្ថាន់​ដូច​គេ​ថ្ងូរ ។

ភាវនា ( ន ) ការ​ចម្រើន​, ការ​នឹក​ចំពោះ​ត្រង់​អារម្មណ៍​ដ៏​ល្អ​តែមួយ​ដដែលៗ​ឲ្យ​ច្រើនៗ គឺ​នឹក ហើយ​នឹក​ទៀត​រឿយៗ​ជា​អនេក​, ការរំពឹង​ស្មឹង​ស្មាធិ៍ តាំង​ភាវនា​, ចម្រើន​ភាវនា ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន : ខំ​ភាវនា​, ភិក្ខុ​ភាវនា​កម្មដ្ឋាន ។

កម្មដ្ឋាន ( ន ) ហេតុ​ជាទី​តម្កល់​នៃ​បរិកម្ម : ចម្រើនកម្មដ្ឋាន ។ កម្មន្តរាយ ( ន ) អន្តរាយ​នៃ ការងារ​, ការវិនាស​ខូច ខាត​ការងារ​; អន្តរាយ​ព្រោះ​កម្ម ។ កម្មន្តសាល ( ន​.) សាល​នៃ​ការងារ​, រោង​សម្រាប់​ធ្វើការ​របរ​ផ្សេងៗ ។ កម្មបថ ( ន​.) ផ្លូវ ឬ គន្លង​នៃ​កម្ម គឺ​ដំណើរ​របស់​អំពើអាក្រក់ ឬ ល្អ​ដែល​សត្វលោក​ធ្វើ​ដោយ កាយ វាចា ចិត្ត​; ខាង​អាក្រក់​ហៅថា អកុសលកម្មបថ ។ ខាង​ល្អ ហៅថា កុសល​កម្មបថ ។ កម្មវត្ថុ ( ន​) រឿង​នៃ​ការងារ​; សេចក្ដី​បំ​ព្រួញ​រឿង​ក្នុង​សំបុត្រស្នាម ផ្សេងៗ ដើម្បី​ឲ្យ​ដឹងថា​ជា រឿងនេះ រឿង​នោះ : សំបុត្រ​ជា​ផ្លូវការ ច្រើនតែ​មានកម្ម​វត្ថុ ។​

កម្ម ( ន​. ) អំពើ​; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅថា កម្ម (​កម្ម​ជា​កុសល​, កម្ម​ជា​អកុសល​) : ទទួល​កម្ម​, រងកម្ម តាម​កម្ម​ចុះ គឺ​ទទួល​, រង តាម​អំពើ​ដែល​ខ្លួន​បានធ្វើ បាន​សន្សំ​មកហើយ ។ កម្មករ (​កាំ​-​មៈ​-​ក​) ន​. (​បា​.) អ្នកធ្វើ​ការបម្រើ​ដោយ​ឈ្នួល (​អ្នកស៊ីឈ្នួល​) : ពួកកម្មករ​កំពុង ធ្វើការ​ខ្ញៀវ ។

កម្មសិទ្ធិ ( ន ) វត្ថុ​ដែល​សម្រេច​តាម​អំណាចច្បាប់​ថា​ជា​របស់ខ្លួន​ដាច់ស្រេច​ហើយ​, មុខការ​ងារ ឬ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​សម្រេចបាន​មកលើ​ខ្លួន : ដី​នេះ​ជា​កម្មសិទ្ធិ​របស់ខ្ញុំ ។

កូដកម្ម ( ន​. ) អំពើ​ព្រហើន​, អំពើ​កោងកាច​វៀចវេរ​; ពុតត្បុត​; ការសំដែង​អាកប្បកិរិយា​ប្រឆាំង ចំពោះ​រឿង ឬ កិច្ចការ​ណាមួយ​ដែល​ខ្លួន​មិន​ពេញចិត្ត ។

បាតុកម្ម ( ន​. ) អំពើ​ជាក់ស្ដែង​, ការធ្វើ​ឲ្យ​ដឹង​ឬ​ឲ្យ​ឃើញ​ប្រា​ដក​; ការលើក​គ្នា​ដើរ​ដង្ហែ​ជា​ក្បួន ដើម្បី​សម្ដែង​សេចក្ដី​មិន​ពេញចិត្ត​ចំពោះ​អំពើ​អ្វី​នីមួយ​ឬ​ទទូច​សុំ​ស្រុះគ្នា​ឲ្យ​សម្រេច​ផលប្រយោជន៍ អ្វីមួយ​តាម​សេចក្ដី​ពេញចិត្ត​ខ្លួន​ទាំងអស់គ្នា : ធ្វើបាតុកម្ម​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ រឿង​…; បាតុកម្ម​នៃ​ពួកកម្មករ​…​។ បាតុកម្ម​បំពាន​ច្បាប់ បាតុកម្ម​ខុសផ្លូវ​ច្បាប់ ។ បាតុកម្ម​ឡើង ចាង បាតុកម្ម​តាម​ទំនើង​ក្រៅ​លក្ខណា​នុ​ញ្ញាត ។​ល​។ បាតុកម្ម​សុភាព​បាតុក​ម្ម​សុភាពរាបសា តាម លក្ខណា​នុ​ញ្ញាត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម