អវកាសយានិកណាសានឹងបោះឆ្នោតពីស្ថានីយអវកាស

144
ចែករម្លែក

នាងខេត រូប៊ីន អវកាសយានិករបស់អង្គការណាសាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press កាលពីថ្ងៃសុក្រទី២៥កញ្ញាថា នាងគ្រោងនឹងបោះឆ្នោតពីទីអវកាសដែលមានចម្ងាយជាង ៣២២ គីឡូម៉ែត្រពីលើផែនដី។

រូប៊ីនកំពុងស្ថិតនៅខាងក្រៅទីក្រុងមូស្គូក្នុងក្រុងស្តារប្រទេសរុស្ស៊ី ត្រៀមខ្លួនជាមួយអវកាសយានិកពីររូបទៀតសម្រាប់ការបាញ់បង្ហោះយាននៅពាក់កណ្តាលខែតុលានិងស្នាក់នៅរយៈពេល ៦ ខែនៅស្ថានីយអវកាសអន្តរជាតិ។

នាងរូប៊ីនបាននិយាយថា “ខ្ញុំគិតថាវាពិតជាសំខាន់ណាស់សម្រាប់អ្នករាល់គ្នាចូលរួមបោះឆ្នោត។ ប្រសិនបើយើងអាចធ្វើវាបានពីអវកាស នោះខ្ញុំជឿថាមនុស្សក៏អាចធ្វើវាបានពីលើដីដែរ”។

អវកាសយានិកអាម៉េរិកភាគច្រើនរស់នៅទីក្រុងហ៊ូស្តុន។ ច្បាប់រដ្ឋតិចសាសអនុញ្ញាតឱ្យពួកគេបោះឆ្នោតពីអវកាសដោយប្រើសន្លឹកឆ្នោតអេឡិចត្រូនិចដែលមានសុវត្ថិភាព។ ក្រុមត្រួតពិនិត្យបេសកកម្មបញ្ជូនសន្លឹកឆ្នោតទៅស្ថានីយអវកាសហើយបញ្ជូនសន្លឹកឆ្នោតដែលបានបោះរួច ត្រឡប់ទៅស្មៀននៅលើដីវិញ។

រូប៊ីននិយាយថា “វាមានសារៈសំខាន់ណាស់ក្នុងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង។ យើងចាត់ទុកវាជាកិត្តិយសមួយដែលអាចបោះឆ្នោតបានពីអវកាស”។

អវកាសយានិកណាសាធ្លាប់បានបោះឆ្នោតពីអវកាសពីមុនរួចមកហើយ។ នាងរូប៊ីន និងលោក សេន គីមប្រូ ធ្លាប់បានបោះឆ្នោតពីស្ថានីយអវកាសអន្តរជាតិរួចមកហើយ៕ ដោយ ៖ កញ្ញាដាលីស

នាងខេត រូប៊ីន នឹងបោះឆ្នោតពីទីអវកាស

ទីតាំងផ្សាយពាណិជ្ជកម្ម