នាយករដ្ឋមន្ត្រីអូស្ត្រាលីដៀមដាមដោយពាក្យសម្តីធ្ងន់ៗដាក់ប្រទេសធំៗ ដែលមិនព្រមចែករំលែក វ៉ាក់សាំងកូវីដ១៩

335
ចែករម្លែក

នាយករដ្ឋមន្រ្តីអូស្រ្តាលីស្កុត ម៉ូរីសុន កាលពីថ្ងៃសុក្រទី២៥កញ្ញាបានទទូចថា ប្រទេសណាដែលបង្កើតបានវ៉ាក់សាំងកូវីដ១៩ ត្រូវចែករំលែកវាជាសកល ដោយព្រមានថា ប្រវត្តិសាស្រ្តនឹងក្លាយជាអ្នកកាត់ក្តីដ៏ធ្ងន់ធ្ងរបំផុត បើមិនចែក រំលែកទេនោះ។

លោកម៉ូរីសុនបានធ្វើការអំពាវនាវដោយសម្តីធ្ងន់ៗបែបនេះនៅឯអង្គការសហប្រជាជាតិ ខណៈដែលសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្រ្តរបស់អូស្ត្រាលីបានជំទាស់នឹងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីសហការលើវ៉ាក់សាំង។

លោកម៉ូរីសុនបាននិយាយនៅក្នុងសារមួយទៅកាន់មហាសន្និបាតអ.ស.ប ដែលបាន ថតទុកមុននៅមុខសាលមហោស្រពស៊ីដនី យ៉ាងដូច្នេះថា “នៅពេលនិយាយ អំពីវ៉ាក់សាំង ទស្សនៈរបស់អូស្រ្តាលីគឺច្បាស់លាស់ណាស់ ៖ អ្នកណាដែលរកឃើញ វ៉ាក់សាំងត្រូវតែចែករំលែក”។

លោកនិយាយថា “នេះគឺជាការទទួលខុសត្រូវជាសកល ហើយវាជាការទទួល ខុសត្រូវខាងសីលធម៌សម្រាប់វ៉ាក់សាំងដែលត្រូវចែកចាយឱ្យបានឆ្ងាយនិងទូលំទូលាយ”។

លោកបន្តថា “អ្នកខ្លះអាចមើលឃើញពីអត្ថប្រយោជន៍ក្នុងរយៈពេលខ្លី ឬសូម្បី ផលចំណេញ ប៉ុន្តែខ្ញុំសូមធានាចំពោះអ្នកដែលគិតរបៀបនេះថា មនុស្សជាតិនឹងមាន ការចងចាំយូរបំផុតនិងជាអ្នកកាត់ក្តីដ៏ធ្ងន់ធ្ងរបំផុត”។

លោកម៉ូរីសុនបានប្តេជ្ញាថា អូស្រ្តាលីនឹងចែកចាយវ៉ាក់សាំងប្រសិនបើរកឃើញវា ហើយសន្យាថានឹងគាំទ្រដល់ Covax ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ សហប្រជាជាតិ មានគោលបំណងឱ្យមានវ៉ាក់សាំងចំនួន ២ ពាន់លានដូសត្រៀមខ្លួន សម្រាប់ការចែកចាយជាសកលនៅចុងឆ្នាំ ២០២១។

សហរដ្ឋអាម៉េរិកចិននិងរុស្ស៊ី ដែលបានបង្ហាញវ៉ាក់សាំងផ្ទាល់ខ្លួនរួចហើយនោះ មិនបានចូលរួមជាមួយគម្រោង Covax ទេ៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកម៉ូរីសុនថាប្រវត្តិសាស្ត្រនឹងក្លាយជាអ្នកកាត់ក្តីធ្ងន់ធ្ងរបំផុតចំពោះប្រទេសដែលមិនចែករំលែកវ៉ាក់សាំងកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម