ប្រជុំពិភាក្សា​រៀបចំ​កែលម្អ ប្រព័ន្ធ​ភ្លើង​អគ្គិភ័យ ប្រព័ន្ធ​ទឹក បរិស្ថាន​នានា​ទាំង​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សារ​ធំ​បាត់ដំបង

127
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ នៃ​សាលា​លា​ខេត្តបាត់ដំបង មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​កែលម្អ ប្រព័ន្ធ​ភ្លើង​អគ្គិភ័យ ប្រព័ន្ធ​ទឹក បរិស្ថាន​នានា ទាំង​ជុំវិញ​ផ្សារ​និង​ក្នុង​ផ្សារ​ធំ​បាត់ដំបង ដើម្បី​ការពារ​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ ក្រោម​អធិបតីភាព​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង តំណាង​លោក ងួន រតនៈ អភិបាលខេត្ត​។​

​ចូលរួម​ក្នុង​កិច្ចប្រជុំ​មេះ​ដែរ រួមមាន​លោកនាយក នាយករង រដ្ឋបាលខេត្ត លោកនាយក​ទីចាត់ការ លោក​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត លោក​ប្រធាន​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង លោក​ប្រធាន​អង្គភាព​អគ្គិសនី​បាត់ដំបង លោក​អភិបាល អភិបាលរង ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បាន​លើកឡើងថា ចំពោះមុខ​រដ្ឋបាលខេត្ត​បានគ្រោង​រៀបចំ​កន្លែង​លក់​ជា​បណ្តោះអាសន្ន​ជូន​ដល់​បងប្អូន​អាជីវករ​១៨​នាក់ ដែល​រង​ការខូចខាត​អស់​តូប​ចំនួន​៣៣​តូប ដោយ​អគ្គិភ័យ​ឆាប់ឆេះ​ផ្សារ​ធំ​បាត់ដំបង​កាលពី​ថ្ងៃទី​៣០​ខែសីហា ឆ្នាំ​២០២០​កន្លងទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ជាង​ធ្វើការ​ជួសជុល​កែលម្អ​រៀបចំ​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ទឹក ទៅតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​បង្ការ​ការពារ​ជៀសវៀង​ការកើតឡើង​ជាយថាហេតុ​ណាមួយ​ម្តង​ទៀង​ផងដែរ​។​

​លោក​អភិបាលរង​បាន​បន្តថា ការរៀបចំ​ផ្សារ​ធំ​បាត់ដំបង​នឹង​យក​ធ្វើជា​គំរូ​ដល់​ផ្សារ​ដទៃទៀត ក្នុង​ក្រុង​បាត់ដំបង ហើយ​និង​បន្ត​ឱ្យ​ផ្សារ​នានា ក្នុង​ខេត្ត​ត្រូវ​រៀបចំ​ប្រព័ន្ធ​ភ្លើងអគ្គិសនី ប្រព័ន្ធ​ទឹក​ទៅតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ជៀសវៀង​ការកើតមាន​បញ្ហា​អគ្គិសនី​ណាមួយ​កើតឡើង​ដូច​ផ្សារណាត់​ដែរ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បានបញ្ជាក់​បន្ថែមទៀត​ថា ចំពោះ​ការជួសជុល​ផ្សារ ការសាងសង់​តូប​លក់ដូរ​ឡើងវិញ ក្នុង​ផ្សារ​ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត អ្នកយក​ភាស៊ី​ផ្សារ​និង​អ្នកវិនិយោគ​ផ្សារ​។ ដោយឡែក​ការស្នើសុំ​មិន​បង់ថ្លៃ​តូប រយៈ​ប្រាំ​ឆ្នាំ អាជ្ញាធរខេត្ត មិនមាន​សិទ្ធិ​ក្នុងការ​សម្រេច​បានទេ ពីព្រោះ​ហួស​ដែន​សមត្ថកិច្ច​របស់ខ្លួន ប៉ុន្តែ​រដ្ឋបាល​នឹង​រៀបចំ​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ដើម្បី​ធ្វើការ​សម្រេច តាម​សំណូមពរ​របស់​បងប្អូន​អា​ជីករ ដែល​បាន​ស្នើសុំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម