រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងថាការចាក់អ្នកកាសែត២នាក់នៅប៉ារីសជាអំពើភេរវកម្ម

190
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបាននិយាយកាលពីថ្ងៃសុក្រទី២៥កញ្ញាថា ការចាក់អ្នកកាសែតចំនួន២នាក់នៅខាងក្រៅអតីតការិយាល័យកាសែត Charlie Hebdo នៅទីក្រុងប៉ារីស កន្លែងដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងឆ្នាំ ២០១៥ គឺជា “អំពើភេរវកម្មរបស់ពួកអ៊ីស្លាមជ្រុលនិយម”។

ជនសង្ស័យ ២ នាក់ត្រូវបានចាប់ខ្លួនដាច់ដោយឡែកពីគ្នាភ្លាមៗបន្ទាប់ពីការចាក់នោះ ដែលបណ្តាលឱ្យរបួសអ្នកកាសែត ២ នាក់។ ពួកគេជាអ្នកកាសែតប្រុសម្នាក់ស្រីម្នាក់ធ្វើការឱ្យសារព័ត៌មាន Premieres Lignes។

ជនសង្ស័យសំខាន់ត្រូវបានចាប់នៅលើជណ្តើរនៃសាលល្ខោនអូប៉េរ៉ាបាស្ទីល ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងវាយប្រហារនេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ជើរ៉ាល់ ដាម៉ានីន បាននិយាយថាបុរសដែលមានឈ្មោះថា អាលី បានមកដល់ប្រទេសបារាំងកាលពីបីឆ្នាំមុនក្នុងនាមជាអនីតិជន ដែលទំនងមកពីប្រទេសប៉ាគីស្ថាន ប៉ុន្តែអត្តសញ្ញាណរបស់គាត់នៅកំពុងផ្ទៀងផ្ទាត់នៅឡើយ។

លោកដាម៉ានីនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍បារាំងប៉ុស្តិ៍លេខ២ យ៉ាងដូច្នេះថា “ប៉ុន្តែជាក់ស្តែងវាជាអំពើភេរវកម្មរបស់ក្រុមអ៊ីស្លាមជ្រុលនិយម។ ពិតណាស់​ គ្មានអ្វីត្រូវសង្ស័យទេ។ វាជាការវាយប្រហារបង្ហូរឈាមជាថ្មីប្រឆាំងនឹងប្រទេសរបស់យើង ប្រឆាំងនឹងអ្នកកាសែត ប្រឆាំងនឹងសង្គមនេះ”។

ប៉ូលិសបានចាប់ខ្លួនបុរស២នាក់ ដែលមួយជាជនដៃដល់និងមួយទៀតជាជនសង្ស័យ ក្រោយជនដៃដល់ប្រឡាក់សុទ្ធតែឈាមពេញខ្លួននៅក្បែរសាលល្ខោនអូប៉េរ៉ាបាស្ទីល និងជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួននៅស្ថានីយរថភ្លើងក្រោមដីមួយកន្លែង។

ជនសង្ស័យសំខាន់មានឈ្មោះអាលីអាយុ១៨ឆ្នាំ ខណៈបុរសទី២គឺជាជនជាតិអាល់ហ្សេរីអាយុ៣៣ឆ្នាំ។

ក្រោយមក មនុស្ស៣នាក់ផ្សេងក៏ត្រូវបានឃាត់ខ្លួនផងដែរទាក់ទិននឹងការវាយប្រហារនេះ។ នេះយោងតាមប្រភពតុលាការប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ៕ ដោយ ៖ កញ្ញាដាលីស

អាលីអាយុ១៨ឆ្នាំជាជនសង្ស័យសំខាន់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយចាក់អ្នកកាសែត២នាក់ឱ្យរបួសធ្ងន់

ទីតាំងផ្សាយពាណិជ្ជកម្ម