អង្គការ​សុខភាព​ពិភពលោក​ថា ២​លាន​នាក់​អាច​ស្លាប់​ដោយកូវី​ដ​១៩ មុន​មាន​វ៉ាក់សាំង​ប្រើ​ទូទៅ​

477
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​អាច​កើន​ទ្វេ​ដល់​ចំនួន​២​លាន​នាក់ នៅ​មុន​ពេល​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​មួយ​ត្រូវបាន​ផលិត​ចេញ​និង​ប្រើ​ជា​ទូទៅ​នៅ​លើ​ពិភពលោក ហើយ​ចំនួន​​នេះ​កាន់តែ​ខ្ពស់​បើសិនជា​មិន​មាន​កិច្ចខិតខំ​រួមគ្នា​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​សកល​នេះ​ទេ​, នេះ​បើ​តាម​មន្ត្រី​ម្នាក់​នៅ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កញ្ញា​។​

​លោក​ម៉ៃ រ៉ា​យ​អឹន ប្រធាន​កម្មវិធី​គ្រាអាសន្ន​របស់​អង្គការ​នេះ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​បើសិនជា​យើង​មិន​ខិតខំ​ទប់ស្កាត់​ទេ (២​លាន​នាក់​)…​គ្រាន់តែ​ជា​ការ​ស្រមៃ តែ​ទំនង​ដែរ​»​។​

​នៅ​៩​ខែ​មកនេះ ក្រោយ​ពី​វីរុស​កូរ៉ូណា​បង្ហាញ​វត្តមាន​លើកដំ​បូង​នៅក្រុង​វូ​ហាន​ប្រទេស​ចិន មនុស្ស​ជិត​១​លាន​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​។​

​លោក​រ៉ា​យ​អឹន បាន​និយាយថា «​យើង​នៅ​មិន​ទាន់​ចេញ​ផុត​ពី​ព្រៃ​នៅ​កន្លែង​ណាមួយ​នៅឡើយ​ទេ យើង​មិន​ទាន់​ចេញពី​ព្រៃ​អាហ្វ្រិក​នៅឡើយ​ទេ​»​។​

​បើ​តាម​លោក​រ៉ា​យ​អឹន មនុស្ស​វ័យក្មេងៗ​គួរ​ត្រូវ​បន្ទោស​ចំពោះ​កំណើន​នៃ​ការឆ្លង​ថ្មីៗ នៅពេល​មាន​ការបារម្ភ​ថា​ពួកគេ​បាន​ជំរុញ​ការឆ្លង​រាលដាល​ក្រោយ​ពី​ការ​រឹតត្បិត​និង​ការបិទ​ខ្ទប់​ត្រូវបាន​បន្ធូរបន្ថយ​​នៅ​ជុំវិញ​ពិភពលោក​។​

​ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​កំពុង​បន្ត​ពិភាក្សា​ជាមួយ​ចិន​អំពី​ការចូលរួម​ក្នុង​គំរោង​Covax​ដែល​ត្រូវ​បង្កើតឡើង​សំ​រាប់ការ​ចែកចាយ​និង​ប្រើប្រាស់​អោយបាន​លឿន​ហើយ​ស្មើភាព​​នូវ​វ៉ាក់សាំង​ប្រឆាំង​កូវី​១៩​នៅ​ទូទាំង​ពិភពលោក​។​

​លោក​រ៉ា​យ​អឹន​បាន​អោយដឹងថា កោះ​តៃវ៉ាន់​បាន​ចូលរួម​ក្នុង​គំរោង​នេះ ទោះជា​ខ្លួន​មិន​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក ដែលនាំអោយ​អ្នកចូលរួម​ក្នុង​គំរោង​នេះ​ឡើង​ដល់​១៥៩​ហើយ​៣៤​ទៀត​​នៅ​ពិចារណា​នៅឡើយ​។​

​លោក​ថា កិច្ច​ពិភាក្សា​ជាមួយ​ចិន រួម​មាន​ការស្នើសុំ​អោយ​ចិន​ផ្តល់​វ៉ាក់សាំង​ដល់​គំរោង​នេះ​។​

​កាលពី​ថ្ងៃ​សុក្រ​ផងដែរ មន្ត្រី​សុខាភិបាល​ចិន​ម្នាក់​បាន​និយាយថា អង្គការ​សុខភាព​ពិភពលោក បាន​គាំទ្រ​ចិន​ក្នុង​ការចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​លើ​មនុស្ស ទោះជា​វា​ស្ថិត​ក្នុង​ដំណាក់កាល​​ពិសោធន៍​នៅឡើ​យក្តី​៕​ប្រែ​សម្រួល​៖​វាសនា​

​លោក​ម៉ៃ រ៉ា​យ​អឹន ប្រធាន​កម្មវិធី​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក ផ្តោត​សំសាន់​លើ​កិច្ច​ខិតខំ​រួម​ដើម្បី​ប្រយុទ្ធ​នឹង​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម