សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​កម្លាំងចលករ​មួយ​កាន់​តែមាន​ប្រសិទ្ធភាព

433
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ក្នុងសារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​បានធ្វើ​ការអំពាវនាវ​ដល់ភាគី​ពាក់ព័ន្ធ​ជាតិ​និង​អន្តរជាតិ​ចូលរួម​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្លាយជា​ចលករ​មួយ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជា​ក្បាលម៉ាស៊ីន បង្កើត​ការងារ​ដ៏​ចម្បង​និង​មាន​ឥទ្ធិពល​មេគុណ​ខ្ពស់​ជួយ​ទ្រទ្រង់​វិស័យ​ផ្សេងៗ​ទៀត​នៅ​តំបន់​ជនបទ ។

​នៅក្នុង​សារលិខិត​ចេញ​ថ្ងៃទី ២៥ ខែ កញ្ញា​ អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​៖«​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ​»​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ​២០២០​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​ចលករ​មួយ​កាន់​តែមាន​ប្រសិទ្ធភាព​ចូលរួម​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ជា​ក្បាលម៉ាស៊ីន​បង្កើត​ការងារ​ដ៏​ចម្បង​និង​មាន​ឥទ្ធិពល​មេគុណ​ខ្ពស់​ជួយ​ទ្រទ្រង់​វិស័យ​ផ្សេងៗ​ទៀត​នៅ​តំបន់​ជនបទ ខ្ញុំព្រះករុណា ខ្ញុំ​ សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ដូចតទៅ​៖

១. បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វីដ​-១៩ ហើយ​បាននិងកំពុង​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​និង​សង្គម​ផ្សេងៗ​ទៀត​។ ការចាប់ផ្តើម​ឡើងវិញ​នៃ​ការធ្វើដំណើរ​ម្សាន្ត​ក្នុងស្រុក​តាម​បណ្តា​គោលដៅ​ទេសចរណ៍​នានា​ពេញ​ផ្ទៃ​ប្រទេស​ដោយ​តម្កល់​សុវត្ថិភាព​និង​សុខភាព​សាធារណៈ​ជាអាទិភាព​ត្រូវបាន​មើលឃើញថា​ជា​ឱកាស​នៃ​ការស្តារ​វិស័យសេដ្ឋកិច្ច​ជាតិ​ឡើងវិញ ។ ដូចនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រូវ​កំណត់​យក​វិស័យ​ទេសចរណ៍​ជាសសរ​ស្តម្ភយុទ្ធសាស្ត្រ​មួយ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ​ដែល​ត្រូវមាន​ផែនការអភិវឌ្ឍន៍​ជាក់លាក់​ស្របតាម​សក្តានុពល​ទេសចរណ៍​នៃ​តំបន់​នីមួយៗ ដោយមាន​ការចូល រួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុង​ទម្រង់​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​-​ប្រជាជន (4P:Public-Private-People Partnership)​។

២. ការអភិវឌ្ឍ​ជំនាញ​និង​ការអប់រំ​គឺជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ ។ ក្នុងន័យនេះ​រដ្ឋ​ឯកជន​ដៃគូ​អភិវឌ្ឍន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិ​ការផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​សហគ្រិនភាព​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែលជា​អ្នកបម្រើ​សេវាកម្ម​ទេសច​រណ៍​ដោយ​ផ្តោត​ជាពិសេស​លើ​ការបង្កើត​និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ស្របតាម​បរិបទ​នៃ​វិស័យ​ទេសចរណ៍​ឌីជីថល​និង​និន្នាការ​ទីផ្សារ​ទេសចរណ៍​។

៣.​ការដើរ​កម្សាន្ត​ជាការ​ស្វែងរក​បទពិសោធ​ន៍​ដែល​មិន​ធ្លាប់​ជួប ។ ក្នុងន័យនេះ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ​ក៏​ជា​ឱកាស​នៃ ការស្រាវជ្រាវ​ចងក្រង​នូវ​គុណ​តម្លៃ​វប្បធម៌ ប្រពៃណី​ទំនៀម ទម្លាប់​ថែមទៀត​ក្នុង​តំបន់ ដើម្បី​បង្ហាញ​និង​ផ្តល់​បទពិសោធន៍​ល្អ​ឯក​របស់​តំបន់​នីមួយៗ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ​ផងដែរ​ ហើយ​ដែល​នឹង​អាចជួយ​ជំរុញ​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ច្នៃប្រឌិត (Creative Economy)​លើសពី​ផលិតផល​ទេសចរណ៍​ដែល​តំបន់​ជនបទ​តែងតែ​ផ្តល់ជូន​ដូចជា​៖​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​សុខភាព​-​ផាសុកភាព ទេសចរណ៍​កីឡា និង​ទេសចរណ៍ធម្មជាតិ​។ ដូចនេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការរៀបចំ​អភិវឌ្ឍ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទេសចរណ៍​តំបន់​ជនបទ​ក៏ដូចជា​កញ្ចប់​ទស្សនកិច្ច​នានា​ប្រកបដោយ​ភាព​ទាក់ទាញ​និង​មានការ​ចងចាំ​ល្អ​។

​ក្នុង​សារលិខិត​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ក្រសួង​ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ ផ្នែក​ឯកជន​និង​អង្គការ​មិនមែន រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​សូម​បន្ត​ចូលរួម​គាំទ្រ​និង​រួមចំណែក​ឱ្យ​កាន់តែ​សកម្ម​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ រក្សា​សម្បត្តិ​វប្បធម៌ ប្រពៃណី ការពារ​បរិស្ថាន លើកកម្ពស់​គុណភាព​ផលិតផល​និង​សេវាកម្ម​ទេសចរណ៍ រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​។

​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​កំណើន​គួរ​ជាទី​មោទនៈ​ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង ២៨ ម៉ឺន​នាក់​ឆ្នាំ​១៩៩៨ រហូតដល់ ៦,៦ លាន នាក់​នៅ​ឆ្នាំ ២០១៩ និង បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង ៦៣ ម៉ឺន​នាក់​និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់​ថែមទៀត​។​ចាប់ពី​ដើមឆ្នាំ ២០២០ រហូតដល់​ពេលបច្ចុប្បន្ន​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​ផងដែរ ។

​ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​សហការ​ជាមួយ​អង្គការ​សុខភាពពិភពលោក​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ គ្មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​ គ្មានករណី​ស្លាប់​ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច​ដែល​បានទទួល​ការត្រួតពិនិត្យ​ព្យាបាល​ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកបដោយ​ភាព​ហ្មត់ចត់ ។ លើសពីនេះ​ទៀត​រាជរដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​ដាក់ចុះ​នូវ​វិធាន​នានា​ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម​ បុគ្គលិក​បម្រើ​ការងារ ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម