រដ្ឋមន្ត្រី​ធនធានទឹក ទៅ​ទប់​រូង​នាគ ទំនប់​ខ្ពប​ត្របែក​

806
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ពិនិត្យ​ការងារ​អន្តរាគមន៍ ជួសជុល​ទំនប់​អាងទឹកខ្ពប​ត្របែក ដែលមាន​រូង​នាគ (​ធ្លុះធ្លាយ​) ជា​សំណង់​ចាស់ មាន​សក្តានុពល ស្រោចស្រព​លើ​ផ្ទៃ បង្កបង្កើនផល​ស្រូវ និង​ទឹក​ប្រើប្រាស់ របស់​ក្រុង​ដូន​កែវ និង​ស្រុក​ចំនួន​បី ក្នុង​ខេត្តតាកែវ​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ល្ងាច ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ អមដោយ​រដ្ឋលេខាធិកា​រ ប្រចាំការ ដែលជា​ប្រធាន មុខព្រួញ​ទឹក ខេត្តតាកែវ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក និង​ការងារ​អន្តរាគមន៍ ជួសជុល​ទំនប់​អាងទឹក ខ្ពប​ត្របែក ដែលមាន​រូង​នាគ (​ធ្លុះធ្លាយ​) នៅជាប់​នឹង​ទ្វារ​ទឹក ដែលជា​សំណង់​ចាស់ ត្រូវ​ជួសជុល​បន្ទាន់ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់ ។​

​លោក​រដ្ឋមន្ត្រី អញ្ជើញ​ទៅកាន់​ការដ្ឋាន​ជួសជុល ទំនប់​ខ្ពប​ត្របែក ស្ថិតនៅក្នុង​ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​នេះ គឺ​បន្ទាប់ពី​ពី​ទទួលបាន​ព័ត៌មាន ពី ប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ថាៈ មាន​រូង​នាគ (​ធ្លុះធ្លាយ​) ទំនប់​នៅត្រង់ចំណុច ក្បាលស្ពាន​ទ្វារ​ទឹកធំ នៃ​អាងទឹក ខ្ពប​ត្របែក ដែលមាន​ការចូលរួម​ទប់ ពី​អាជ្ញាធរ ប្រជាពលរដ្ឋនៅ​មូលដ្ឋាន និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តតាកែវ រួចមក​។​

​ការងារ​អន្តរាគមន៍ ដែលមាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី​លោក​រដ្ឋមន្ត្រី​នេះ បាន​ប្រើប្រាស់​គ្រឿងចក្រ ច្រើន​គ្រឿង ជួសជុល​រូង​នាគ ដែលមាន​អង្កត់ផ្ចិត ប្រវែង ១,៣ ម៉ែត្រ ។ ការងារ​អន្តរាគមន៍ បាន​បិទ​ភ្ជិត​រូង​នាគ ដោយ​ជោគជ័យ នៅពេល​កណ្តាលអធ្រាត្រថ្ងៃ​ដដែល​។​

​លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​ណែនាំ​ដល់ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តតាកែវ និង​មន្ត្រី​បច្ចេកទេស ឲ្យ​បន្ត​យកចិត្តទុកដាក់​តាមដាន ត្រួត ពិនិត្យ ធ្វើយ៉ាងណា ឲ្យ​ការងារ​ជួសជុល បានល្អ​ប្រសើរ ទៅតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​ក្នុងការ​រក្សា​ទឹកទុក​ប្រើប្រាស់ នាពេលខាងមុខ​។​

​លោក ប៊ុន ហួ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តតាកែវ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​ថាៈ នៅក្នុង​ការចុះ​ពិនិត្យមើល ការងារ​ជួសជុល ទំនប់​អាងទឹក ខ្ពប​ត្របែក​នេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ខាង នាយកដ្ឋាន​ធារាសាស្ត្រ និង​វិស្វកម្ម លើក​គម្រោង​ជួសជុល ទំនប់​អាងទឹក​នេះ​ឡើងវិញ ព្រោះ​ជា​ទំនប់​ចាស់ ដែល​បាន​សាងសង់ឡើង តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ​។​

​លោក ប៊ុន ហួ បាន​និយាយថាៈ អាងទឹក​ខ្ពប​ត្របែក​នេះ មាន​ប្រភពទឹក មកពី​ស្ទឹង​កាត់​ភ្លុក ក្នុង​ខេត្តកំពង់ស្ពឺ ស្ទឹង​ភេ ខេត្តកំពត និង​ផ្ទៃ​រងទឹក​ភ្លៀងខ្លួនឯង ជា​អាង​បែងចែក​ទឹក ទៅ​ស្រោចស្រព លើ​ផ្ទៃដី​បង្កបង្កើនផល នៅក្នុង​ស្រុក​ត្រាំកក់ ស្រុក​សំរោង ស្រុក ទ្រាំង និង​ក្រុង​ដូន​កែវ​។​

​លោក ប៊ុន ហួ បានឱ្យដឹង​ទៀតថាៈ អាងទឹក​ខ្ពប​ត្របែក​នេះ ស្តុក​ទឹក​ទុក បានតែ​ប្រមាណ​ជា ៥​លាន​ម៉ែត្រគុប​ទេ សម្រាប់​ការផ្គត់ផ្គង់ ដល់​ការដាំដុះ នៅចុងរដូវ និង​ដើមរដូវ តែ​វា​មាន​មុខងារ​សំខាន់ ទទួល​ទឹកធ្លាក់ មកពី​តំបន់ភ្នំ ហើយ​បែងចែក​ទៅតាម ប្រព័ន្ធ​ស្រោចស្រព របស់​ស្រុក​ចំនួន​បី និង​ក្រុង​មួយ នៅក្នុង​រដូវវស្សា ជាពិសេស​ទឹកស្អាតសម្រាប់​ប្រើប្រាស់ នៅ​រដូវប្រាំង​របស់​ក្រុង​ដូន​កែវ និង​ស្រុក​ចំនួន​បី (​ត្រាំកក់ សំរោង និង ទ្រាំង​)៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម