អ្នកវិទ្យាសាស្ត្រ​អះអាងថា វត្តមាន​សត្វ​ត្រយង​យក្ស​នៅ​កម្ពុជា​កំពុងតែ​មានការ​ថយចុះ​

198
ចែករម្លែក

ដោយ​: ជា សីហៈ / ភ្នំពេញ​: សត្វ​ត្រយង​យក្ស​ដែល​គេ​ដឹងថា ជា​បក្សី​កម្រ​ហើយ​មាន​ដែន​ជម្រក​រស់នៅក្នុង​ព្រៃរបោះ​ស្ងួត​កំពុងតែ​មានការ​ថយចុះ​ខ្លាំង​និង​គួរ​ឲ្យ​កត់សម្គាល់​ទាំង​ចំនួន និង​ដែនដី​ដែលជា​ទីជម្រក​របស់​វា​ដោយសារ​បញ្ហា​ផ្សេងៗ ដូចជា​ការបាត់បង់​ទីជម្រក ការរំខាន និង ការ​ប្រមាញ់​។​

​យោងតាម​របាយការណ៍ នៃ​ការសិក្សា​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ព្រឹត្តិ​ប័​ត្ត​ប្រវត្តិ​ធម្មជាតិ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុងពេល​បច្ចុប្បន្ននេះ​ចំនួន​សត្វ​ត្រ​យ៉ង​យក្ស​ពេញវ័យ​មាន​មិន​ដល់​ចំនួន ២00 ក្បាល​ផង​ហើយ​ការស្វែងយល់​ពី​ចំនួន​ប្រជាសាស្ត្រ​របស់​វា​ដែល​នៅ​សេសសល់​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ធ្វើការ​អភិរក្ស​។

​ប្រភព​ដដែល​បានបង្ហាញ​ពី​ការប៉ាន់ប្រមាណ​នូវ​ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ត្រ​យ៉ង​នេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​ជា​លើកដំបូង​តាមរយៈ​ការអង្កេត​តាមដាន​សំបុក​របស់​វា​នៅ​អំឡុង​រដូវ​បន្ត​ពូជ​ចាប់ពី​ឆ្នាំ ២០២៥ ដល់​ឆ្នាំ ២០១៨ និង​ការអង្កេត​នៅតាម​ត្រពាំងទឹក​នា​រដូវប្រាំង​ក្នុង​ឆ្នាំ​២០១៩​។​

​ជាទូទៅ​ទាំង​ចំនួន​នៃ​ការកត់ត្រា​ជារួម​និង​ចំនួន​របស់​សត្វ​ត្រយង​យក្ស​ដែល​គណនា​ពី​ការអង្កេត​នៅតាម​ត្រពាំង​មាន​កម្រិត​ខ្ពស់​នៅក្នុង​អំឡុង​ខែមករា​និង​ខែកុម្ភៈ​ហើយ​ការកត់ត្រា​តាមរយៈ​សំឡេង​របស់​វា​មាន​ជាតិ​ការកើនឡើង​នៅ​ខែកុម្ភៈ​មាន​សំបុក​ត្រ​យ៉ង​យក្ស​សរុប​ចំនួន ៣១ ត្រូវបាន​គេ​រកឃើញ​និង​អង្កេត​តាមដាន​នៅក្នុង​អំឡុងពេល​នៃ​រដូវ​បន្ត​ពូជ​នៅក្នុង​អំឡុងពេល​អង្កេត​។​

​នៅក្នុង​អំឡុងពេល​អង្កេត​អត្រា​ញាស់​របស់​សត្វ​ត្រ​យ៉ង​យក្ស គឺមាន​ប្រមាណ​ជា ៩0​ភាគរយ ជាមួយនឹង​ចំនួន​កូន​សត្វ​ត្រ​យ៉ង​យក្ស​នោះ​ជា​មធ្យម ១,៥៣ ក្បាល​ក្នុង​មួយ​សំបុក​ហើយ​ចំនួន​កូន​សត្វ​ត្រ​យ៉ង​យក្ស​ញាស់​ជា​មធ្យម​មាន​១០,២៥​ក្បាល​នៅក្នុង​មួយឆ្នាំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម