មន្ត្រី​៖ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត ក កីឡា​តេ​ក្វាន់​ដូ ជា​ឱសថ​ដ៏​មានតម្លៃ​វិសេសវិសាល មិនអាច​កាត់ថ្លៃ​បាន​

201
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានបញ្ចប់​ជា​ផ្លូវការ នូវ​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្វឹក​កម្រិត ក កីឡា​តេ​ក្វាន់​ដូ ITF ” ។ វគ្គ​បណ្តុះបណ្តាល ” គ្រូបង្វឹក​កម្រិត ក កីឡា​តេ​ក្វាន់​ដូ​ITF ” មាន​រយៈពេល ៦ ថ្ងៃ ក្រោម​ជំនួយ​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ មាន​សិក្ខាកាម ចូលរួម​សរុប ៣០ រូប មកពី​តាម​បណ្តា​ក្លិប ចំនួន​១១ នៅ​រាជធានី​-​ខេត្ត ។​

​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត ” ក ” កីឡា​តេ​ក្វាន់​ដូ ITF នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក បួន លឹម​ហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ប្រធានកិត្តិយស សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ហ៊ុន សា​ម៉ុ​ត ប្រធាន​នាយកដ្ឋាន​អប់រំ កាយ និង​កីឡា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ សហព័ន្ធ​កីឡា​តេ​ក្វាន់​-​ដូ ITF កម្ពុជា ។​

​លោក បួន លឹម​ហេង បាន​មានប្រសាសន៍ថាៈ នេះ​ជា​សមិទ្ធផល​ថ្មី ក្រោម​កិច្ចសហការ​ការងារ រវាង​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​អាណាព្យាបាល របស់​សហព័ន្ធ​ជាតិ ដែល​បានផ្តល់​ការយកចិត្តទុកដាក់ ក្នុងការ​ជួយផ្តល់​សេវា​បច្ចេកទេស ក៏ដូចជា ការផ្តល់​ថវិកា​ប្រចាំឆ្នាំ ដល់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ក្នុង​ពង្រឹង និង​ពង្រីក​សកម្មភាព​ការងារ ទាំង​ការងារ​បណ្តុះបណ្តាល ធនធានមនុស្ស និង​ការរៀបចំ​ការប្រកួត​នានា​។​

​លោក​បាន​បន្តថាៈ វគ្គ​នេះ ជា​ឱសថ​ដ៏​មានតម្លៃ​វិសេសវិសាល មិនអាច​កាត់ថ្លៃ​បាន ដែល​ផ្តល់ឱកាស​ពេញលេញ ដល់​យើង​ទាំងអស់ ក្នុងការ​អភិវឌ្ឍ សមត្ថភាព ទាំង​ចំណេះដឹង ជំនាញ និង​បញ្ចេញ​ទេពកោសល្យ​ដែល​ខ្លួន​មាន ដើម្បី​ប្រកួតប្រជែង និង​កសាង​សមិទ្ធផល ស្នាដៃ​ជាច្រើន ក្នុង​កម្រិត​តំបន់ ទ្វីប និង​កម្រិត​ពិភពលោក តាមរយៈ​ការ​ឈ្នះ​មេដាយ ជាច្រើន នាពេល​កន្លងមក នូវលើ​ឆាក​អន្តរជាតិ ។​

​លោក អ៊ូ រតនា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ​ធី​អេស បាន​ឲ្យ​ដឹងថាៈ សិក្ខាកាម​ចំនួន ៣០ នាក់ ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី “​គ្រូបង្វឹក​កម្រិត ក កីឡា​តេ​ក្វាន់​ដូ ” ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់ និង​មកពី​តាម​ក្លិប នៅ​រាជធានី ខេត្ត ចំនួន ១១ រួមមាន​៖ រាជធានី​ភ្នំពេញ ១​នាក់ ខេត្តកណ្តាល ១​នាក់ ខេត្តកំពង់ស្ពឺ ៤​នាក់ ខេត្ត​ត្បូងឃ្មុំ ២​នាក់ ខេត្តស្ទឹងត្រែង ២​នាក់ ខេត្តពោធិសាត់ ១​នាក់ ខេត្តបាត់ដំបង ២​នាក់ ខេត្តតាកែវ ១​នាក់ ខេត្តព្រៃវែង ២​នាក់ ខេត្តបន្ទាយមានជ័យ ១​នាក់ និង​ខេត្ត​ប៉ៃលិន ២​នាក់​។​

​លោក អ៊ូ រតនា បានបញ្ជាក់​ថាៈ លោក​គ្រូធំ ជនជាតិ​កូរ៉េ រី ឆុ​ល​ណាំ ដែលជា​គ្រូ​អន្តរជាតិ កម្រិត​ខ្សែក្រវាត់​ខ្មៅ ៨​ជាន់ និង​ជា​ប្រធាន​បច្ចេកទេស កីឡា​តេ​ក្វាន់​ដូ ប្រចាំ​ទ្វីបអាស៊ី រួមជាមួយ​លោក បួន​ហ៊ុ​ង សុធី​យ៉ា ជា​អគ្គលេខាធិការ​សហព័ន្ធ មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ ៧ ជាន់ ជា​គ្រូឧទ្ទេស នៅក្នុង​វគ្គ​នេះ ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម