នាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​ថា ទំនាក់ទំនង​ជប៉ុន​-​ចិន​ល្អប្រសើរ​ជា​ធម្មតា​នោះ គឺ​មាន​សារៈសំខាន់​សំរាប់​តំបន់​

298
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​និយាយថា​លោក​និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ព្រមព្រៀង​គ្នា​នៅក្នុង​កិច្ច​ជំនួប​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កញ្ញា​ថា​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​​ជាមួយគ្នា​ដោយ​រៀបចំ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដោយ​រួម​ទាំង​កិច្ចប្រជុំ​កំពូល ប៉ុន្តែ​មិន​បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​ជីន​ពីង​ទៅកាន់​ប្រទេស​ជប៉ុន​នោះ​ទេ​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​” ខ្ញុំ​បាន​ប្រាប់​លោក ស៊ី ជីន​ពីង ថា​ស្ថិរភាព​នៃ​ទំនាក់ទំនង​ជប៉ុន​-​ចិន​គឺ​មាន​សារៈសំខាន់​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​​តំបន់​និង​សង្គម​អន្តរជាតិ​ផងដែរ​”​។​

​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ លោក ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ គឺជា​ជំនួប​លើកដំបូង​របស់​លោក​ចាប់តាំងពី​បាន​ចូលកាន់​តំណែង​ជាង​មួយ​សប្តាហ៍​មុន ដោយ​ចូល​ជំនួស លោក ស៊ីន​ហ្សូ អាបេ​ដែលបាន​​លាលែង ដោយសារ​តែ​សុខភាព​មិនល្អ​។​

​ដំណើរ​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​របស់លោក ស៊ី ជីន​ពីង ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ខែ​មេសា ត្រូវបាន​ពន្យារពេល​ដោយ​គ្មាន​ពេល​កំណត់ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។ ការ​គ្រោង​ធ្វើ​ទស្សន​​កិច្ច​នេះ បាន​បង្ក​ឱ្យមាន​ការតវ៉ា​សូម្បីតែ​នៅក្នុង​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​ជប៉ុន​ដោយសារ​ការ​បន្តឹង​ការគ្រប់គ្រង​របស់​ចិន​លើ​ក្រុង​ហុងកុង​និង​សកម្មភាព​នៃ​ការអះអាង​សិទ្ធិ​កាន់កាប់​នៅ​សមុទ្រ​​ក្នុង​តំបន់​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​និយាយថា​”​យើង​មិន បាន​ពិភាក្សា​អំពី​ដំណើរ​ទស្សនកិច្ច​ដែល​អាច​ធ្វើ​ឡើង​របស់​លោក​ស៊ី ជីន​ពីង​ទៅកាន់​ប្រទេស​ជប៉ុន​ទេ​។​

​លោក​បាន​និយាយថា ទោះ​យ៉ាងណា​មេដឹកនាំ​ទាំង​២​បាន​យល់ព្រម​រៀបចំ​កិច្ចប្រជុំ​កំពូល​និង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ដទៃទៀត​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ការដោះស្រាយ​បញ្ហា​ក្នុង​តំបន់​និង​​អន្តរជាតិ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា និង លោក ស៊ី ជីន​ពីង បាន​ព្រមព្រៀង​គ្នា​នៅក្នុង​កិច្ច​ជំនួប​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​និង​កិច្ចប្រជុំ​កំពូល

ទីតាំងផ្សាយពាណិជ្ជកម្ម