ប្រមុខ​ការទូត​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​កូរ៉េ លើក​ទី​១០ នៅ​សប្តាហ៍​ក្រោយ​

171
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ តប​តាម​ការអញ្ជើញ​របស់ លោក​ជាម បិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា(រូបឯកសារ)

​ប្រភព​ដដែល​បន្តថា​កិច្ចប្រជុំ​នេះ នឹង​ដឹកនាំ​ដោយ​សហប្រធាន លោក ជាម ចិញ​មិញ និង​លោកស្រី កាង ក្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​។ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​កំណត់​ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។ រដ្ឋមន្ត្រី ការបរទេស​នឹង ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​សាមគ្គីភាព ក្នុងការ​ដោះស្រាយ​បញ្ហា តំបន់ និង​សកល សម្រាប់​កំណើន ការអភិវឌ្ឍ និង​វិបុលភាព​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់ មេគង្គ និង សាធារណរដ្ឋ​កូរ៉េ​។ រដ្ឋមន្ត្រី ក៏​នឹង​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២ ទៀតផង​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម