គ្រោង​ស្ថាបនា​ស្ពាន​អាកាស ចំណុច​រង្វង់​មូល​ចោមចៅ ឱ្យ​រួចរាល់ នៅ​ឆ្នាំ​២០២១

151
ចែករម្លែក

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​អះអាងថាៈ គម្រោងការ​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្រោង​នឹង​បញ្ចប់ នៅ​ឆ្នាំ​២០២១ ខាងមុខ ហើយ​គិត​មកដល់ពេលនេះ ការដ្ឋាន​ស្ថាបនា សម្រេចបាន​ប្រមាណ ៥៥ ភាគរយ​ហើយៗ បញ្ហា​កកស្ទះ​ចរាចរណ៍ នៅក្នុង​តំបន់​ការដ្ឋាន​នេះ ក៏​នឹង​ជិត​ដោះស្រាយ​បានដែរ ដើម្បី​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ ។​

​ពាក់ព័ន្ធ​ការងារ​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថាៈ សំណង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល ចោមចៅ មកដល់ពេលនេះ ការដ្ឋាន​ទាំងមូល សម្រេចបាន​ប្រមាណ ៥៥ ភាគរយ​ហើយ ដោយ​ក្រុមការងារ​យើង បាន​នឹង​កំពុង​បង្ហើយ​ការងារ ផ្លូវ​ក្រោម​ដី ខណៈ​ការដ្ឋាន នៅ​ផ្លូវ​ក្រោម​ដី​នេះ បាន​ស្ថាបនា​ជិត​រួចរាល់ ១០០ ភាគរយ​ហើយ​នោះ​។​

​គួរ​បញ្ជាក់ថា​៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​ម៉ៅការ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន អាណិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​ការសាងសង់ ក្នុង​រយៈពេល ៣០ ខែ និង​ចំណាយ​ថវិកា សាងសង់ ប្រមាណ ២២ លាន​ដុល្លារ​អាមេរិក​។​

​បើ​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ការដ្ឋាន​នេះ ត្រូវ​សាងសង់ ដោយ​បែង​ចែកជា ៣ ផ្នែក​គឺៈ​
​ស្ពាន​ទី​១ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរណ៍ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ដែលមាន​ចរាចរណ៍ ពីរ​គន្លង​ទៅ និង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤,៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរមា ដែល​អាច​ចរាចរណ៍​ក្រោម​ស្ពាន មាន ៥,៥ ម៉ែត្រ​។​

​ស្ពាន​ទី​២ បំបែក​ចេញពី ស្ពាន​អាកា​សមេ បត់​ឆ្វេង ត​ភ្ជាប់​ចរាចរណ៍ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត មាន​ប្រវែង​សរុប ២០២ ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង ៤០ ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង ៤៤ ម៉ែត្រ​) ទទឹង ៥,២៥ ម៉ែត្រ ។​

​ស្ពាន​ទី​៣ ជា​ស្ពាន​កោង​បត់​ឆ្វេង ត​ភ្ជាប់​ចរាចរណ៍ ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦ ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង ៦០ ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង ២៨ ម៉ែត្រ​) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។​

​ផ្លូវ និង​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរណ៍ ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០ ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។ ផ្លូវ​លើ​ផ្ទៃដី ជា​ផ្លូវ​មេ​ត​ភ្ជាប់ ចរាចរណ៍ ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។​

​ផ្លូវ​ក្រោម​ដី ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរណ៍ ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង ទំហំ ទទឹង ៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ ៥,៥​ម៉ែត្រ ។​

​ស្ពាន នឹងមាន​អាយុកាល ១០០ ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ បូមទឹក​ស្វ័យប្រវត្តិ ផងដែរ​។​

​គួររំលឹកថា​៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​រង្វង់​មូល​ចោមចៅ​នេះ បាន​បើក​ការដ្ឋាន ដំណើរការ​សាងសង់​ជា​ផ្លូវការ កាល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម