រដ្ឋមន្ត្រី​កសិកម្ម​ចុះ​ស្វែងយល់​ពី​វារីវប្បកម្ម​និង​ដំណាំ​មួយចំនួន​នៅ​ខេត្តកណ្តាល

172
ចែករម្លែក


ដោយៈ ជា​សីហៈ/​ភ្នំពេញៈ លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រួម​នឹង​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​ចុះ​សិក្សា​ស្វែងយល់​ពី​ផលិតកម្ម​កសិកម្ម​នៅ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​កាលពី​ថ្ងៃទី ២៦ ខែកញ្ញា​ឆ្នាំ​២០២០ ។
​លោក​រដ្ឋមន្ត្រី​បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត​មក​ចែកជូន​កសិករ​ចំនួន ៥២​គ្រួសារ នៅ​ភូមិ​ព្រះ ប្រសប់ ឃុំ​ព្រះ ប្រសប់ ស្រុក​ខ្សាច់កណ្តាល រូ​ច​បាន​បន្តដំណើរ​មក​ពិនិត្យ​ផលិតកម្ម​ដំណាំ​បន្លែ​ដូចជា​ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និង​ប៉េងប៉ោះ របស់​កសិករ នៅ​ភូមិ​បឹង​ក្រចាប់ ឃុំ​ព្រែ​កតា​មាក់​។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល លោក​រដ្ឋ​មន្ត្រី និង​សហការី​បាន​អញ្ជើញ​បន្តដំណើរ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​កសិករ​មួយរូប ស្ថិតនៅ​ភូមិ​ក្អម​សំណ​លើ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក​។​


​នាឱកាស​ទាំងនោះ​លោក​រដ្ឋមន្ត្រី​បានធ្វើការ​សំណេះសំណាល​ដោយបាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​បាន​ជំរុញ​សកម្ម​ភាព​នៃ​យុទ្ធនា​ការជំរុញ​ផលិតកម្ម​ស្បៀង​មាន​ជាអាទិ៍ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និង​កង្កែប​ជា​លក្ខណ​គ្រួសារ​ដើម្បី​បង្កើន​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​​​ពេលដែល​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ។
​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ស្រុក​ខ្សាច់កណ្តាល ជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ទាំង ១១ ក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ផ្នែក​ផលិតកម្ម​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​រាជធានី​ភ្នំពេញ ហេតុនេះហើយ​លោក​បាន​ណែនាំ​ឲ្យ​ប្រជាកសិករ​ត្រូវ​ឆ្លៀត​ទាញយក​ប្រយោ​ជន៍​​ពី​ឱកាស​មាស​នេះ តាមរយ​:​ខិតខំ​បង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ ចិញ្ចឹមសត្វ ត្រី និង​ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការ​ផ្គត់​ផ្គង​ឲ្យ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម