ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​

172
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្ដាល​៖​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។ អំពើហិង្សា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ស្ថិតក្នុង​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​មន្ត្រីនគរបាល​ស្រុក​ពញាឮ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ គឹម ខាយ អាយុ​៣៥​ឆ្នាំ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ខា លក្ខិណា អាយុ​១៧​ឆ្នាំ ។ ជនសង្ស័យ​និង​កូនស្រី មាន​ទីលំនៅ​ភូមិ ស្រះ​ពោធិ ឃុំ ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។ នៅ​ថ្ងៃកើតហេតុ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ខា លក្ខិណា បាន​ជិះ​ម៉ូតូ​ម៉ាក Icon ពណ៌​ក្រហម លាយ ខ្មៅ ដឹក​ប្អូនស្រី​ឈ្មោះ ខា ស្រី​នុត អាយុ​៣​ឆ្នាំ​ទៅរក​ប្តី​នៅ​ម្តុំ​ដីក្រហម កន្លែង​តង់​ខៀវ ស្ថិត​ក្នុងភូមិ ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ។​

​ក្នុងពេលនោះ​ជនសង្ស័យ​ឈ្មោះ​គឹម​ខាយ​បាន​ដើររក​ជនរងគ្រោះ​ជា​កូនបង្កើត​ខណៈនោះ​ដែរ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​កំពុង​ពរ​ប្អូន​ឈ្មោះ​ខា​ស្រី​នុត​នៅ​ម្តុំ​កែង​ផ្លូវ​បេតុង​ចូល​ភូមិ​ស្រះ​ពោធិ៍​ឃុំ​ភ្នំ​បាត​។​ស្របពេលនោះ​ជនសង្ស័យ​បាន​ដេញ​ឱ្យ​ជនរងគ្រោះ​ពរ​ប្អូន​និង​យក​ម៉ូតូ​ទៅផ្ទះ​។​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រមទៅ​ស្រាប់តែ​ជនសង្ស័យ​ជា​ឪពុក​ខឹង​បាន​ហូត​យក​ខ្សែក្រវាត់​ពី​ចង្កេះ​វាយ​ទៅលើ​ជនរងគ្រោះ​ត្រូវចំ​កែងដៃ​ខាងស្តាំ​១​ខ្សែក្រវាត់​និង​ចំ​កំភួនជើង​ខាងឆ្វេង​១​ក្រវាត់ បណ្តាលឱ្យមាន​របួសស្នាម ។

​ក្រោយមក​សមត្ថកិច្ច​បា​ន​ទទួល​ព័ត៌មាន​ថា មាន​ករណី​ឪពុក​វៃ​កូន ក៏​ចុះទៅ​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ធ្វើការ​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម