ទីបំផុត​យន្តហោះ​ចម្បាំង​ក្នុង​សង្គ្រាម​លោក​បាន​ឡើងគោក​វិញ ក្រោយ​បេសកកម្ម​មួយ​ឆ្នាំ​របស់​អ្នក​មុជទឹក​

426
ចែករម្លែក

​ខ្មោច​យន្ដហោះ​ចម្បាំង​ធុន Bell P-39 Airacobra មួយគ្រឿង​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ត្រូវ​បាន​ទាញ​ចេញពី​បាតសមុទ្រ​ខ្មៅ (Black Sea) ឡើងគោក​វិញ​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ខ្មោច​យន្ដហោះ​នេះ​ត្រូវបាន​ស្ទូច​ចេញពី​ឆកសមុទ្រ​កាឡា​មី​តា (Kalamita Bay) ត្រង់​ភូមិសាស្ត្រ​ក្បែរ​ភូមិ​ណូវ៉ូ​ហ្វ​យ៉ូ​ដូ​រ៉ូ​វកា (Novofyodorovka) តំបន់​គ្រីមៀ (Crimea) ក្នុង​បេសកកម្ម​រួម​គ្នា​រវាង​អង្គការ Russian Geographical Society និង​ក្រសួង​ការពារជាតិ​រុស្ស៊ី​។​

​គួររំឭកថា វា​បាន​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​កងទ័ព​ជើង​ទឹក Black Sea Fleet ក្នុង​ឆ្នាំ​១៩៤៣​ប៉ុន្តែ​អ្នក​បើក​យន្តហោះ​បាន​បង្ខំចិត្ត​ចុះចត​វា​ជា​បន្ទាន់​លើ​ទឹក​នៅ​មួយ​ឆ្នាំ​ក្រោយមក​ដោយសារ​បញ្ហា​​បច្ចេកទេស​អំឡុងពេល​ហោះហើរ​ហ្វឹកហាត់​។​

​សូមបញ្ជាក់​ថា យន្ដហោះ​នេះ​ត្រូវ​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​ម្នាក់​ឈ្មោះ អាឡិ​ស៊ី កា​ហ្សារី​ណូវ (Alexey Kazarinov) ប្រទះ​ឃើញ​ដោយ​ចៃដន្យ​ក្នុង​ឆ្នាំ​២០១៧ ក្នុង​ជម្រៅ​ទឹក​ត្រឹមតែ ៦ ម៉ែត្រ និង​ចម្ងាយ​ប្រមាណ ៨០០ ម៉ែត្រ​ពី​មាត់​ឆ្នេរ​។​

​ទោះជា​យ៉ាងណា ការ​សិក្សា​ផ្លូវការ​អំពី​ខ្មោច​យន្តហោះ​ចម្បាំង​នេះ​ទើបតែ​ត្រូវ​ក្រសួងការពារជាតិ​រុស្ស៊ី ចាប់ផ្ដើម​ធ្វើ​ក្នុង​ឆ្នាំ​២០១៩ ប៉ុណ្ណោះ​ហើយ​បេសកកម្ម​នេះ​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ពេញ​ទម្រាំ​ស្ទូច​វា​​ចេញ​មក​លើ​គោក​វិញ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម