អង្គការYUNDI បង្ហាញពីភាពជោគជ័យនៃការជួយដល់កុមារកម្ពុជាក្នុងការព្យាបាលរោគបេះដូង

228
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ អង្គការYUNDIប្រចាំកម្ពុជាបានបង្ហាញភាពជោគជ័យពីគម្រោងនៃក្តីស្រឡាញ់ដល់កុមារ ដែលជាការជួយសម្របសម្រួលជូនដល់កុមារកម្ពុជាទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFUWAI ប្រទេសចិន។

ថ្លែងទៅកាន់បណ្តាក្រុមការងារទាំង៥ប្រទេសដែលបានរៀបចំកិច្ចប្រជុំតាមOnlineជាមួយក្រុមគ្រូពេទ្យ និងក្រុមការងារនៅប្រទេសចិន បង់ក្លាដេស នេប៉ាល់ មីយ៉ាន់ម៉ា និងឡាវកាលពីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០នា ទីស្នាក់ការ អង្គការYUNDIប្រចាំកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ពីបទពិសោធន៍ដែលអង្គការនេះបានជួយដល់កុមារកម្ពុជានាកន្លងមក ។

លោកថា បទពិសោធន៍នៃភាពជោគជ័យនេះមានកត្តារួមផ្សំចំនួន៤គឺ ១-គម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ២-ការលើកទឹកចិត្តពីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ៣-ឆន្ទៈរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិនប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈវេជ្ជសាស្ត្រ និង៤-កិច្ចសហការល្អជាមួយនឹងអង្គការ សង្គមស៊ីវិលនានាក្រោមលំហសេរីភាពយ៉ាងពេញលេញនៅកម្ពុជា។

ក្នុងពិធីនេះដែរតំណាងក្រុមការងាររបស់ប្រទេសទាំង៥ខាងលើបានបង្ហាញពីការកោតសរសើរចំពោះបេសកកម្មការងារនេះ ព្រមជាមួយគ្នាក៏បានស្នើសុំក្រុមការងារកម្ពុជាបន្តចែករំលែកនូវបទពិសោធន៍របស់ខ្លួន ហើយផ្តល់ឱកាសដល់ក្រុមការងាររបស់បណ្តាប្រទេសទាំងនោះមកសិក្សារៀនសូត្រនៅកម្ពុជា។

គួរបញ្ជាក់ថាចាប់ពីចុងខែកញ្ញា ឆ្នាំ២០២០ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារកម្ពុជានឹងចែករំលែកពីបទពិសោធន៍ជោគជ័យរបស់ខ្លួននៅកម្ពុជា ដែលអង្គការYUNDIបានបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូននៅកម្ពុជាក្រោមលំហសេរីភាពពេញបរិបូរណ៍ និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា  ដែលជាពិសេសក្រុមគ្រួសារកុមារដែលមានជំងឺបេះដូងចំហ។ គិតមកទល់នឹងចុងឆ្នាំ២០១៩កន្លងមក ក្នុងកិច្ចសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការYUNDIបានជួយដល់កុមារកម្ពុជាចំនួន៨៧រូបបានជាសះស្បើយពីជំងឺបេះដូងចំហក្រោយពីបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន ប្រទេសចិន៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម