​បញ្ហា​ចម្បងៗ ដែល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​បាន​ជួបប្រទះ និង ឆ្លងកាត់​កន្លងមក

183
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: គិត​ត្រឹម​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជាង​បី​ខែ ហើយ ដោយបាន​ចាប់ផ្តើម​កាល​ពីថ្ងៃ​ទី ២៥ ខែ មិថុនា បញ្ចប់ទៅ​កាលពី​ថ្ងៃទី ២៤ ខែ កក្កដា មាន​ប្រជាជន​ជាង ៥៦ ម៉ឺន​គ្រួសារ​បានទទួល ដោយ​កម្មវិធី​ចំណាយ​ថវិកា​អស់​ជាង ២៣ លាន​ដុល្លារ​អាម៉េរិក ហៅថា ខែ ទីមួយ ជុំ​ទី មួយ ។ បន្ទាប់មក​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ កក្កដា និង បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃទី ២៤ ខែ សីហា មាន​ប្រជាជន​ជាង ៦១ ម៉ឺន​គ្រួសារ ដោយ​កម្មវិធី​ចំណាយ​ថវិកា​អស់​ជាង ២៦ លាន​ដុល្លារ ហៅថា ខែ ទី​ពីរ ជុំ​ទី មួយ ។

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ដែលជា​សមី​ក្រសួង នៃ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ (រូប៖ មេសា)

​បន្ទាប់ពីនោះ​មកទៀត កម្មវិធី​បានចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ សីហា និង បញ្ចប់ទៅ​កាលពី​ថ្ងៃទី ២៤ ខែ កញ្ញា មាន​ប្រជាជន​ជាង ៦៦៩.០០០​គ្រួសារ ដោយ​កម្មវិធី​ចំណាយ​ថវិកា​ជាង ២៨ លាន​ដុល្លារ ហៅថា ខែ ទីមួយ ជុំ​ទី ពីរ ដែល​បានសេចក្តីថា ក្នុង មួយ​ជុំ មាន ពីរ​ខែ ហើយ​ជា​សរុបមក​កម្មវិធី​ចំណាយ​ថវិកា​អស់​ជាង ៧៧ លាន​ដុល្លារ ។

​បច្ចុប្បន្ននេះ ( ២៦ កញ្ញា ) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ កំពុង​ឋិត​នៅក្នុង​ដំណាក់កាល​ខែ​ទី ពីរ ជុំ​ទី ពីរ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ២៥ ខែ កញ្ញា មាន​ប្រជាជន ៦៨៩.៩៧៣ គ្រួសារ ហើយ​កម្មវិធី​គ្រោង​នឹង​ចំណាយ​ថវិកា​ជាង ៣០ លាន ដុល្លារ ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បាន​ប្រាប់ រស្មី​កម្ពុជា តាម​បណ្តាញ តេ​ឡេ​ហ្ក្រា​ម នៅ​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នេះ ។​

​ការរៀបរាប់​ជា​ហូរហែ​មកនេះ មាន​ប្រការ​គួរឱ្យ​សម្គាល់​មួយ​គឺថា ចំនួន​គ្រួសារ​ក្រីក្រ បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី​មួយខែ ទៅ មួយខែ ហេតុនេះ ថវិកា​ដែល​ត្រូវ​ចំណាយ​ក៏​ចេះតែ​កើន​ឡើងជា​លំដាប់​ដែរ ដែល​នេះ​ត្រូវបាន​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​(​ដែលជា​សាមីក្រសួង​)​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកពាក់ព័ន្ធ​នៅឯ​ក្រសួង​សង្គមកិច្ច​ជា​លក្ខណៈ​បញ្ចើច​ថា “ កន្លងមក​ម្នាក់ៗ ខំ​ធ្វើ​គ្រប់យ៉ាង ដើម្បី កុំ​ឱ្យមើល​ដឹងថា ខ្លួនឯង ក្រ ប៉ុន្តែ​ឥឡូវនេះ មនុស្ស​ដណ្តើម​គ្នា ក្រ ព្រោះ ក្រ បាន​លុយ ! ហើយ​ចុះ​ចំនួន ប្រជាជន​ក្រីក្រ ម្តេចក៏​ចេះតែ​កើនឡើង​រាល់​ខែ ហើយ​កើនឡើង​លឿន​ម្ល៉េះ ? “ ។​

​ការលើកឡើង​របស់លោក វង សូត បែបនេះ ព្រោះ​លោក​កត់សម្គាល់ថា ទីមួយ​. តាំងពី​ជំនាន់​ណា​ជំនាន់​ណី​មក មិន​ដែលមាន​រដ្ឋាភិបាល ខ្មែរ ណាមួយ បាន​អនុវត្ត​កម្មវិធី​បើកប្រាក់​ជូន​ប្រជាជន​បែបនេះ​ទេ ខណៈ​ទី ពីរ​.​លោក​រដ្ឋមន្ត្រី ចង់​ពញ្ញាក់​ស្មារតី ឬ បញ្ជាក់​ដល់​អ្នកពាក់ព័ន្ធ​ឡើងវិញ​ថា តើ​មាន​សុ​ចរិតភាព​កម្រិតណា ហើយ​ថា តើ​ការចេញ​ប័ណ្ណ​ក្រីក្រ ឬ ប័ណ្ណ​សមធម៌ នោះ​មាន​ភាពត្រឹមត្រូវ​កម្រិត​ណា ព្រោះ​លោក​បារម្ភ ខ្លាចក្រែង​មានការ​ស៊ុមគ្រលុំ​គ្នា​ចេញ ប័ណ្ណ​ក្រីក្រ ជូន​គ្រួសារ​របស់ខ្លួន​ដែល​មិនមែនជា​អ្នកក្រីក្រ​ពិតប្រាកដ ។​ជាពិសេស​គ្រួសារ​មន្ត្រី​មូលដ្ឋាន ដែល​ប្រការនេះ លោក វង សូត តែងតែបាន​បញ្ជាក់ និង សង្កត់ធ្ងន់​ផ្តាំ​ហើយ​ផ្តាំ​ទៀត ជា​បន្តបន្ទាប់ និង ប្រាប់​ឱ្យ​អ្នកពាក់ព័ន្ធ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត ។​

​ទន្ទឹមនឹង​ការតាមដាន និង ដោះស្រាយ​ជាប្រចាំ​ថ្ងៃ​ទៅ ក៏មាន​កិច្ចប្រជុំ​បូកសរុប​លទ្ធផល និង លើកឡើង​នូវ​បញ្ហា​ប្រឈម​នានា​ជា​បន្តបន្ទាប់ ហើយ​បញ្ហា​ដែល​លោក វង សូត បារម្ភ និង លើកឡើង​ខាងលើនេះ ត្រូវបាន​តំណាង​ក្រសួងផែនការ ដែលជា​អ្នកកំណត់​អត្តសញ្ញាណ​កម្ម និង ចេញ​ប័ណ្ណ​ក្រីក្រ ពន្យល់ថា មូល​ហេតុដែល​គ្រួសារ​ក្រីក្រ ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់​នេះ ដោយសារ​គ្រួសារ​ខ្លះ​ទើបតែ​វិលត្រឡប់​មកពី​ចំណាកស្រុក និង ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ក្រីក្រ ខណៈ​គ្រួសារ​ខ្លះ បាន​ធ្លាក់ខ្លួន​ចូលក្នុង​សភាព​ក្រីក្រ ដោយសារតែ​ជំងឺ​កូ​វីដ ១៩ ។​

​ទោះយ៉ាងណា សម្រាប់​ខែ​ទី​ពីរ ជុំ​ទី​ពីរ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី ២៥ ខែ កញ្ញា នេះ ត្រូវបាន​តំណាង ក្រសួងផែនការ លើកឡើងថា នៅមាន​អ្នកដាក់ពាក្យ​ស្នើសុំ​ប័ណ្ណគ្រួសារ​ក្រីក្រ ថ្មី ប្រមាណ​ជាង មួយ​ពាន់ សំណើ​ប៉ុណ្ណោះ ដែល​បានសេចក្តីថា ចំនួន​អ្នកដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ក្រីក្រ បាន​ថយចុះ​យ៉ាងច្រើន គឺ​ទំនងជា​ជិត​អស់​គ្រួសារ​ក្រី​ក្រី​ហើយ ប្រសិនបើ​មាន​ក៏​នៅសល់​មិន​ច្រើន​ដូច​បណ្តា​ខែ​មុនៗ​ទៀត​ដែរ ។
​សម្រាប់​ខែ​បន្ទាប់ គឺ​ខែ តុលា គេ​មិនទាន់​ដឹងថា នឹងមាន​ចំនួន​គ្រួសារ​ក្រីក្រ​ប៉ុន្មាន​ទេ ព្រោះ​គេ​មិនទាន់​ដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ នឹង​នៅតែ​បន្ត​អនុវត្ត​ទៀត ឬ យ៉ាងណា​នៅឡើយ ព្រោះ​លោក វង សូត បានលើកឡើង​ជា​បន្តបន្ទាប់​មកហើយ​ថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល កម្ពុជា ថា​នឹង​បន្ត​អនុវត្ត​កម្មវិធី​នេះ​តទៅទៀត ឬ យ៉ាងណា​នោះ វា​អាស្រ័យទៅលើ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ ។​

​ជា​សរុបទៅ​គេ​ឃើញ ចំនួន​គ្រួសារ​ក្រីក្រ និង ការចំណាយ ដែលជា​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​ដោយផ្ទាល់ និង ផ្តាច់មុខ​តែម្នាក់ឯង​នេះ ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​ថ្នាក់ដឹកនាំ ជាពិសេស​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ដែលជា​សាមីក្រសួង​តាមដាន និង យកចិត្តទុកដាក់​យ៉ាងខ្លាំង ( ត្រូវ​បង្ហាញ​របាយការណ៍​លទ្ធ​ផល​ជូន សម្តេច​តេ​ជោ ហុន សែន នាយករដ្ឋមន្ត្រី ប្រចាំថ្ងៃ ) ជាពិសេស​បញ្ហា​សុចរិត​ភាព​ក្នុង​ការចេញ​ប័ណ្ណ​ក្រីក្រ ហើយក៏​ត្រូវបាន​តំណាង​ក្រសួងផែនការ ដែលជា​អ្នកកំណត់​អត្តសញ្ញាណ​កម្ម និង ចេញ​ប័ណ្ណ​ក្រីក្រ ពន្យល់​ដូចខាងលើ​នេះ​ស្រាប់ ។​
​បញ្ហា​ដ៏​រសើប​ផ្សេងទៀត​គឺ ត្រូវបាន​ចោទប្រកាន់​ជា​បន្តបន្ទាប់ ជាពិសេស​ពី​សំណាក់​អ្នកមាន​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល ក៏ដូចជា​ពី​ប្រជាជន​ខ្លះ​ដែរ​ថា មាន​ភាពមិនប្រក្រតី​ក្នុង​ការចេញ​ប័ណ្ណ​ក្រីក្រ និង មន្ត្រី​អនុវត្ត ជាពិសេស​មន្ត្រីឃុំ ឬ សង្កាត់​ខ្លះ​បាន​យកលុយ​ពី​ប្រជាជន ជា​ថ្នូរ ឬ ជា​សា​គុណ​នឹង​ក​ចេញ​ប័ណ្ណ​ក្រីក្រ​ជូន នេះ​ជាដើម ។​

​រស្មី​កម្ពុជា ដែល​បាន​តាមដាន​រឿងនេះ តាំងពី​ដំបូង​មក​បាន​សម្គាល់​ឃើញថា នៅ​រាល់ពេល​ទទួលបាន​ព័ត៌មាន​មិន​ប្រក្រតី​ណាមួយ ក្រុមមន្ត្រី​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច តែងតែ​ចុះទៅ​ដល់​មូលដ្ឋាន ដើម្បី ស្រាវជ្រាវ ពិនិត្យ​អង្កេត​រក​ការណ៍​ពិត ហើយ​ជា​លទ្ធផល​ក៏បាន​រកឃើញថា មាន​មន្ត្រីឃុំ សង្កាត់​ខ្លះ ពិតជា​បាន​យកលុយ​កាក់​ពី​ប្រជាជន​ពិតមែន ខណៈ​មន្ត្រី​ខ្លះ ត្រូវបាន​រកឃើញថា មិនបាន​ទារលុយ​ត្រង់ៗ​ពី​ប្រជាជន​ឡើយ គ្រាន់តែ​ព្រលយ​ពាក្យ គឺជា​អ្វីដែល​គេ​ហៅថា “ លេង បន្លំ មែន “ គឺ​ពួកគាត់​និយាយ​បែប​លេងសើច ហើយ​ក៏បាន​យកលុយ​ពី​ប្រជាជន​ដែលជា​អ្នកទទួល​ពី​កម្មវិធី​ខាងលើនេះ​មែន ។

​ដោយសារ​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ក្រសួង​សង្គមកិច្ច បានត្រឹមតែ​អនុវត្ត​កម្មវិធី និង រកឱ្យឃើញ​ថា មាន​ភាពមិនប្រក្រតី​មែន ឬ យ៉ាងណា​នោះ ( បច្ចេកទេស ) បន្ទាប់ពី​បាន​រកឃើញ​ដូចដែល​បានលើកឡើង​ខាងលើនេះ​មក មន្ត្រី​ក្រសួង​សង្គមកិច្ច បានធ្វើ​របាយការណ៍​ជូន​ក្រសួងមហាផ្ទៃ ដែលជា​អាណាព្យាបាល នៃ មន្ត្រី​ទាំងនោះ ហើយ​ចំពោះ​ថា មាន​ចំណាត់ការ​យ៉ាងណា​ទៀត​នោះ គឺ​វា​អាស្រ័យទៅលើ​ក្រសួងមហាផ្ទៃ និង ស្ថាប័ន​ច្បាប់​នានា ។

​បន្ទាប់ពី​ទទួលបាន​របាយការណ៍​ពី​ក្រុមមន្ត្រី​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច រួចមក គេ​បានឃើញ​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​ណែនាំ​ដល់​មន្ត្រីឃុំ សង្កាត់ ( ដែលជា​មន្ត្រីក្រោមឱវាទ​របស់​ក្រសួងមហាផ្ទៃ ហើយក៏​ជា​អ្នកប្រតិបត្តិ​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ) ដែល​តាមពិតទៅ​ការណែនាំ​បែបនេះ ត្រូវបានធ្វើ​រួចមកហើយ ដោយ​ថែមទាំង​ព្រមាន​ថា “ កុំ​ប៉ះពាល់​លុយកាក់​ប្រជាជន​ពី​កម្មវិធី​នេះ​ឱ្យសោះ​!​។ លូកដៃ រលា​កដៃ លូក​ជើង រលាកជើង “!​។​

​ទោះយ៉ាងណា​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ផ្តល់​សាច់ប្រាក់ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​នៅឯ​ក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃទី ២៣ ខែ កញ្ញា កន្លងទៅ នេះ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ដែលជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានលើកឡើង​ជា​ចំហ​ថា “ នៅតែមាន​មន្ត្រី​រពឹសដៃ ( មន្ត្រី​មូល​ដ្ឋា គឺ​មន្ត្រីឃុំ សង្កាត់ ដែល​នៅតែ​យកលុយ​ពី​ប្រជាជន​ក្រីក្រ ដែលជា​អ្នកទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ) នៅឡើយ “ ។ ហេតុនេះ គេ​ត្រូវ​រង់ចាំ​តាមដាន​មើល​តទៅ​ទៀតថា តើ​ក្រសួងមហាផ្ទៃ និង អ្នកពាក់ព័ន្ធ​នឹង​ចាត់វិធានការ​យ៉ាងណា​ចំពោះ “ មន្ត្រី​ដែល​ត្រូវបាន​រកឃើញថា មាន​ដៃ​រពឹស “ ទាំងនោះ ។​

​តាមពិតទៅ​ក៏មាន​ការចោទប្រកាន់​ច្រើន​ណាស់ដែរ ដែល​ត្រូវបាន​រកឃើញថា ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ ជាក់ស្តែង​ករណី​កូន​មេឃុំ រលាំងគ្រើល ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ ដែល​ត្រូវបាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​យ៉ាងហោច​ចំនួន ពីរបាន​ផ្សព្វផ្សាយ​ថា មេឃុំ ( រលាំងគ្រើល ដែល​ត្រូវជា​ឪពុក ) បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី ចេញ​ប័ណ្ណ​ក្រីក្រ ដល់​កូន​របស់គាត់ ( មេឃុំ រលាំងគ្រើល ) ពីព្រោះ​កូន​មេឃុំ រូបនោះ មានផ្ទះ​ធំ​សមគួរ​ដែរ ។​

​បន្ទាប់ពី​បានទទួល​ព័ត៌មាន​នោះ​ភ្លាម ក្រុមមន្ត្រី​បច្ចេកទេស​សង្គមកិច្ច បាន​ចុះទៅ​ដល់ទី​តាំង​ជាក់ស្តែង ហើយ​បាន​ឃើញថា កូន​មេឃុំ រូបនោះ មានផ្ទះ​ធំ​គួរសម​មែន ។ ប៉ុន្តែ​លទ្ធផល​ដែល​ក្រុមការងារ​បច្ចេកទេស​បាន​រកឃើញ​បន្ថែមទៀត​នោះ ធ្វើឱ្យ​មន្ត្រី​ទាំងនោះ​សង្វេគ​យ៉ាងខ្លាំង ដោយសារ​ឃើញថា គ្រួសារ​កូន​មេឃុំ​រូបនោះ មានផ្ទះ​ធំ​គួរសម​មែន ប៉ុន្តែ​គឺមាន​តែ​សម្បក​ផ្ទះ​ទទេ​ប៉ុណ្ណោះ ខណៈដី​ស្រែចម្ការ លក់​អស់​គ្មាន​សល់​ឡើយ ដោយសារ​ត្រូវ​បង្ខំចិត្ត​ដើម្បី ព្យាបាល​កូនប្រុស ( ដែលជា​អ្នករ៉ាប់រង​គ្រួសារ​កន្លងមក ប៉ុន្តែ​មុន​នោះ គាត់​បាន គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​យកទៅ​ព្យាបាល​នៅ វៀតណាម ) ខណៈ​ប្តី ដែលជា​មេ​គ្រួ​សារបាន​ស្លាប់​ពីរ​បី​ឆ្នាំមុន ហើយ​ស្ត្រី​ជា​ភរិយា ក៏បាន​ធ្លាក់ខ្លួន​មាន​ជំងឺសរសៃប្រសាទ ( ដោយសារ​ទុក្ខសោក​ក្នុង​គ្រួសារ ) ទើបតែ​ជាសះស្បើយ​វិញ ខណៈ​គ្រួសារ​គ្មាន​សល់​អ្វី​បន្តិច​សោះ ក្រៅតែពី​កំពុង​ជំពាក់​បំណុល​គេ​ជុំ​ទិស ។ ដោយសារ​រកឃើញ​លទ្ធ​ផល​បែប​នោះ ទើប​ក្រុមការងារ បានសម្រេច​ចិត្ត​រក្សាទុក​ប័ណ្ណ​ក្រីក្រ ជូន​គ្រួសារ កូន​មេឃុំ រលាំងគ្រើល នោះ តទៅទៀត ។​

​តាមពិតទៅ ទីទៃ​តែ​ពី​ការចេញ​ប័ណ្ណ​ក្រីក្រ រាប់​រាប់ម៉ឺន​ដូចដែល​បានលើកឡើង​ខាងលើនេះ ក្រសួងផែនការ និង អ្នកពាក់ព័ន្ធ ក៏បាន​ដកហូត​ប័ណ្ណ​ក្រីក្រ មកវិញ​បាន​ជាង​មួយ ម៉ឺន​ប័ណ្ណ​ដែរ ដោយសារ​ត្រូវបាន ក្រសួងផែនការ និង អ្នកពាក់ព័ន្ធ រកឃើញថា គ្រួសារ​ទាំងនោះ បាន​ចាក​ផុតពី​ភាពក្រីក្រ​ហើយ ។ ក្នុង​បរិបទ​នេះ គេ​គប្បី​ដឹងថា តាម​គោលការណ៍ គឺ​ក្រសួងផែនការ ធ្វើ​បច្ចុប្បន្នភាព​ប័ណ្ណ​ក្រីក្រ ជា​លក្ខណៈ​វិលជុំ គឺ​ក្នុង​រយៈពេល​បី ឆ្នាំ​ម្តង ប៉ុន្តែ​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ ១៩ គឺជា​ករណី​ពិសេស ពោលគឺ​មិន​រង់ចាំ​ដល់​បី ឆ្នាំ​ម្តង​ទេ ។ ជា​ការណ៍​ពិត​ហើយ​ថា ការដក​ប័ណ្ណ​ក្រីក្រ មកវិញ ក្នុងពេល ( មានកម្ម​វិធី​បើក​ផ្តល់​សាច់ប្រាក់ ) នេះ គឺ​បង្ក​ជាការ​ខឹងសម្បា ពី​សំណាក់​គ្រួសារ​ទាំងនោះ ។ ប៉ុន្តែ​ក្រសួងផែនការ និង អ្នកពាក់ព័ន្ធ ក៏​នៅតែ​អនុវត្ត​ទៅតាម​នីតិវិធី ។​

លោក ឈួ​រ សុ​បញ្ញា ( កណ្តាល ) ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ដែលជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ (រូប៖ មេសា)

​បើ​យោងតាម​ការលើកឡើងរ​បស់​មន្ត្រី​ទទួលបន្ទុក​ដោយផ្ទាល់ និង អ្នកពាក់ព័ន្ធ មានដូចជា​លោក ឈួ​រ សុ​បញ្ញា ជាដើម រស្មី​កម្ពុជា បាន​សង្កេតឃើញថា បញ្ហា​ខ្លះ​គឺជា​បញ្ហា​របស់​អ្នកទទួលផល​សុទ្ធសាធ ប៉ុន្តែ​ដោយសារតែ​ពួកគាត់​មិនទាន់​យល់ ទើប​លើក​កំហុស​ដាក់​អ្នកអនុវត្ត នៅពេល​បើកប្រាក់​មិនបាន ដូចជា​ប្រជាជន​ខ្លះ មិន​គិតគូរ​យកចិត្តទុកដាក់​រក្សា​ប័ណ្ណ បែរជា​ធ្វើឱ្យ បាត់​ប័ណ្ណ ខូច​ប័ណ្ណ ភ្លេច​លេខ​កូត​សម្ងាត់ ប័ណ្ណ​ក្រីក្រ​មិនមាន​ឈ្មោះ​មេ​គ្រួសារ លួច​កែ​លេខ​ប័ណ្ណ ប័ណ្ណ​ផុត​សុពលភាព មិន​ព្រមទៅ​ផ្ទៀងផ្ទាត់ ឬ ធ្វើ​បច្ចុប្បន្នភាព​ប័ណ្ណ​របស់គាត់​ជាដើម ខណៈ​ករណី​គ្រួសារ​ខ្លះ​មាន​ជីវភាព​ធូរធារ រហូត​មាន​រថយន្ត ប៉ុន្តែ ពួកគេ​បាន​យក​ឪពុកម្តាយ​ចាស់ជរា ទៅ​ដាក់ឱ្យ​រស់នៅ​ក្នុងផ្ទះ​ខ្ទម ដើម្បី ស្នើសុំ​ប័ណ្ណ​ក្រីក្រ ដែល​ប្រាកដ​ណាស់​ស្ថានភាព និង ពុតត្បុត​បែបនេះ គឺ​មន្ត្រី​បច្ចេកទេស ពិតជា​មិន​ចេញ​ប័ណ្ណ​ក្រីក្រ ជូន​ពួកគាត់​ឡើយ ក៏​បង្កើតបានជា​កំហឹង និង ដើរ​និយាយ​ពាក្យ​អវិជ្ជមាន មិនតិច​ដែរ ។​

​ពេលខ្លះ​នៅមាន​ករណី​ដែល​សូម្បីតែ​តំណាង​ស្ថាប័ន​ព័ត៌មាន​មួយចំនួន​ក៏​ឆ្ងល់ និង ហួសចិត្ត​ដែរនោះ​គឺថា ក្នុង​ខែ​នីមួយៗ នៃ រយៈពេល​បី ខែ​មកនេះ រមែង​មាន​ប្រជាជន​មិនតិចជាង​មួយ ទៅ ពីរ​គ្រួសារ​ឡើយ​ដែល​មិនបាន​ទៅ​បើកប្រាក់​របស់ខ្លួន ហើយ​ភាគច្រើន នៃ គ្រួសារ​ដែល​មិនបាន​ទៅ​បើកប្រាក់​របស់ខ្លួន​នោះ គឺ​ដោយសារ​ពួកគាត់​មិនបាន​ទទួល​ព័ត៌មាន ពោលគឺ​ពេល​សួរ​បញ្ជាក់​មែនទែនទៅ ពួកគាត់​ឆ្លើយ​ឡើង​ថា “ មិនដឹង​ទៅ​បើក​នៅឯណា បើក​របៀប​ម៉េច “ ជាដើម ។​

​តាមពិតទៅ​តាំង​ពីមុន​បន្តិច នៃ ការចាប់ផ្តើម​អនុវត្ត​កម្មវិធី​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ក្រសួង​សង្គមកិច្ច និង នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច តែងតែបាន​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក និង ក្រៅ​ស្រុក ក៏ដូចជា​ការផ្សព្វផ្សាយ​ដោយផ្ទាល់​នៅតាម​ភូមិ ស្រុក ដោយមាន​ទាំង​ការដើរ​ប្រាប់​ផ្ទាល់មាត់ ការបិទ​ខិតប័ណ្ណ ការប្រជុំ សូម្បីតែ​មេក្រូ នៅតាម​វត្ត​អារាម ក៏​គេ​ឃើញថា ត្រូវបាន​អាជ្ញាធរ​ស្នើសុំ​ឱ្យជួយ​ចាក់ផ្សាយ​ព័ត៌មាន​ទាំងនេះ​ដែរ ។ ប៉ុន្តែ​សម្រេច​សម្រួច​ទៅ គឺ​នៅតែមាន​គ្រួសារ​ក្រីក្រ រាប់ម៉ឺន​គ្រួសារ​មិនបាន​ទៅ​បើកប្រាក់​របស់ខ្លួន ដោយសារតែ​មូលហេតុ​ចម្បង​មួយ​ថា “ ពួកគាត់​មិន​ទទួលបាន​ព័ត៌មាន “ ដែល​ប្រការនេះ ត្រូវបាន​អ្នកខ្លះ​លើកឡើងថា ការមិនទទួលបាន​ព័ត៌មាន ដោយសារតែ​ការមិន​យកចិត្តទុកដាក់​របស់​បុគ្គល​ផ្ទាល់ខ្លួន ទំនង​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ ដែលនាំឱ្យ​ពួកគាត់​ក្លាយជា​អ្នកក្រីក្រ ព្រោះថា បើទោះជា​គេ​ខំប្រឹង​ផ្សព្វផ្សាយ​ពន្យល់​យ៉ាងណា ក៏​ទំនងជា​មិនមាន​ប្រសិទ្ធភាព​ប៉ុន្មាន​ដែរ ដ៏​រាប​ណា​ខ្វះ​ការយកចិត្តទុកដាក់​ពី​បុគ្គល​ដែលជា​គោលដៅ ។

​ក៏​នៅមាន​ខ្លះ​ដែរ ដែល មូលដ្ឋាន​ខ្លះ មានការ​ផ្លាស់ប្តូរ​អ្នកទទួលបន្ទុក​ភ្លាមៗ ធ្វើឱ្យ​អ្នក​ចូលមក​ជំនួស មិនមាន​ចំណេះដឹង​ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ទេ ព្រោះ​កម្មវិធី​នេះ ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​បច្ចេកវិជ្ជា ខណៈ​មន្ត្រី​ប្រតិបត្តិ​ករ​មូលដ្ឋាន ភាគច្រើន​មិនមាន​ចំណេះដឹង​ផ្នែក​នេះឡើយ ។ គឺ​ដោយសារ​បែប​នោះ​ហើយ ទើប​មុនពេល​ចាប់ផ្តើម​អនុវត្ត អ្នកពាក់ព័ន្ធ​ទាំងឡាយ ជាពិសេស​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច បាន​បណ្តុះបណ្តាល​យ៉ាងច្បាស់​លាស់​ដល់​មន្ត្រី​មូលដ្ឋាន ដែលជា​អ្នកអនុវត្ត​ដោយផ្ទាល់ ។ ប៉ុន្តែ​នៅពេល​ពួកគាត់ ( អ្នក​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល ) ត្រូវបាន​ផ្លាស់ប្តូរ​ចេញ​ភ្លាម​នេះ អ្នក​ចូលមក​ជំនួស ពិតជា​មិនអាច​ធ្វើ​អ្វី​កើត​ឡើយ ទើបត្រូវ​ការ​នូវ​ការបណ្តុះបណ្តាល​ឡើងវិញ ដែល​ប្រការនេះ គឺ​ពិតជា​ប្រថុចញ៉ុច​មែនទែន ព្រោះ​ពេលនេះ គឺជា​ពេល​ផ្តល់​សេវា​ជូន​ប្រជាជន​ដ៏​យ៉ាង​មមាញឹក​បំផុត​មួយ ។

​ទោះយ៉ាងណា បញ្ហា​ទាំងនេះ ត្រូវបាន​ដោះស្រាយ​យ៉ាងសកម្ម ពេលខ្លះ ដោះស្រាយ​ទាំងយប់​ក៏មាន ធ្វើយ៉ាងណា ដើម្បី ឱ្យ​អ្នកទទួលផល​បាន​ទាន់ពេលវេលា ហើយ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​ទទួលបន្ទុក ជាពិសេស​លោក ឈួ​រ សុ​បញ្ញា ក៏ដូចជា​ការសង្កេត​ផ្ទាល់ គឺ​ឃើញថា បញ្ហា​នានា​បាន​ថយចុះ​ពី​ខែ​មួយ​ទៅ​ខែ​មួយ ។ ទោះយ៉ាងណា គេ​ក៏ត្រូវ​រង់ចាំ​តាមដាន​តទៅទៀត ថា​តើ​នឹងមាន​អ្វី​កើតឡើង ។​
​នៅមាន​ករណី​មួយទៀត​ដែល​ទើបតែ​កើតឡើង​ថ្មីៗ​នេះ គឺថា មុនពេល​ភ្ជុំបិណ្ឌ ក្រសួង​សង្គមកិច្ច បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ហើយ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ស្ថាប័ន យកទៅ​ផ្សាយ​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ នឹង​ផ្អាក ឬ ឈប់សម្រាក​រយៈពេល ០៥ ថ្ងៃ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ ហើយ​សន្យាថា​នឹង​ចាប់ផ្តើម​អនុវត្ត​ឡើងវិញ​ពីថ្ងៃ​ទី ២១ ខែ និង ឆ្នាំ ដដែល ។ គឺ​ក្នុងអំឡុងពេល នៃ ការឈប់​សម្រាក​នោះឯង​ហើយ មាន​មនុស្ស​ខ្លះ ដែល​លោក​រដ្ឋមន្ត្រី វង សូត ហៅថា ទំនង​ជាមាន​ចេតនា​មិនល្អ​ផ្នែក​នយោបាយ ដើរ​និយាយ​បញ្ឆេះ​ប្រជាជន​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ត្រូវ​បិទ ឬ ឈប់​ផ្តល់ប្រាក់​ឱ្យ​ប្រជាជន ( ចាប់​ពីថ្ងៃ​សម្រាក​នោះ ) ហើយ ព្រោះ​រដ្ឋាភិបាល ( កម្ពុជា ) អស់​លុយ​ហើយ ហើយ​ថា រដ្ឋាភិបាល​យកចិត្ត យក​ថ្លើម​ប្រជាជន​តែមួយ​ឆាវៗ​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា នៅពេលដែល​ថ្ងៃ​កំណត់​បាន​ចូលមក​ដល់ ( ២១ កញ្ញា ) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ បានចាប់ផ្តើម​ដំណើរ​ដូច​ប្រក្រតី​ឡើងវិញ ហើយ​បច្ចុប្បន្ននេះ ថែមទាំង​បាន​ចូលដល់​ខែ​ថ្មី​ទៀតផង ហើយ​គ្រាន់តែ​មួយថ្ងៃ គឺ​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ មាន​ប្រជាជន​សរុប ២៣៥ . ៧០៥ គ្រួសារ ដោយ​កម្មវិធី​ចំណាយ​ថវិកា​អស់​ជាង ១០ លាន​ដុល្លារ​ទៅហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម