ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

178
ចែករម្លែក

ដោយ​: លី ម៉េង​ហួរ / ភ្នំពេញ​: ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​រម្លឹក​ប្រជាជន​កម្ពុជា​ពី​តម្លៃ​នៃ​សន្តិភាព​។ តាមរយៈ​សារលិខិត​ជូន​ជនរួមជាតិ​កម្រាស់ ៥​ទំព័រ សម្តេច​តេ​ជោ លើកឡើងថា សន្តិភាព ពិតជា​មានតម្លៃ​ណាស់ សម្រាប់​មាតុភូមិ​កម្ពុជា​។ សន្តិភាព​នេះហើយ ដែល​នាំ​ឲ្យ​កម្ពុជា មានឱកាស​ប្រឹងប្រែង ងើបឈរ​ខ្លួនឯង ប្រកបដោយ​មោទកភាព​។​

​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​២១ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ក្តី​រំពឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន នឹង​អាចរួមចំណែក​ទាក់ទាញ​អ្នកវិនិយោគ​អាមេរិក មករក​ស៊ី​នៅ​កម្ពុជា​។ តាម​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​អ្នកវិនិយោគ​អាមេរិក គួបផ្សំ​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ជាច្រើន ដែល​កើតចេញពី​ការប្តេជ្ញា​ធ្វើកំណែទម្រង់​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ដល់​សាធារណជន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​។ ដោយឡែក ប្រជាពលរដ្ឋ នៅ​តំបន់​មាត់សមុទ្រ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៣ ខែកញ្ញា បាន​បន្ត​ប្រកាស អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតមាន ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ជំនន់​ទឹកភ្លៀង បាន​កើតឡើង​រួចមកហើយ នៅ ៦​ខេត្ត ប៉ះពាល់​ផ្ទះ​ជិត ៣៥០០​ខ្នង ស្លាប់​មនុស្ស ២​នាក់​។ រីឯ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បានសម្លាប់​មនុស្ស ៨​នាក់ របួស ៣​នាក់ និង​បំផ្លាញ​ផ្ទះ ៣៨​ខ្នង នៅ ៣​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ តាម​ប្រព័ន្ធ​វិ​ដេ​អូ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់​ពី​ផលវិបាក​នានា​នៃ​ប្រទេស​ក្រីក្រ ទន់ខ្សោយ ឬ​ប្រទេស កំពុងអភិវឌ្ឍន៍ ដែល​បង្កឡើង​ដោយ​ការប្រកួតប្រជែង​រវាង​ពួក​មហាអំណាច​។ ក្នុង​សុន្ទរកថា​របស់​សម្ដេច ដែល​អាន​ដោយ​មន្ត្រីជាន់ខ្ពស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់ថា ការ​ប្រជែង​រវាង​មហាអំណាច កំពុង​រាំងខ្ទប់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អាណា​ថូ​លី បូ​រូ​វី​ក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​សហព័ន្ធ​រុស្សី ប្រចាំ​កម្ពុជា​។ ជំនួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ផ្តោត​សំខាន់​លើ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​រុស្សី សំដៅ​ផ្តល់នូវ​ផលប្រយោជន៍​រួម សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ជា​ខួប ២៧​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ ដែលនាំអោយ​កម្ពុជា មាន​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ ឈានដល់​អាយុកាល ២៧​ឆ្នាំ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។ សម្តេច​តេ​ជោ ចាត់ទុកថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​និង​ការឯកភាព​ផ្ទៃក្នុង បាន​នាំអោយមាន​ការបង្កើតឡើង​នូវ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣​។

​ថ្ងៃទី​២៤ ខែកញ្ញា ជា​ខួប ២៧​ឆ្នាំ ដែល​កម្ពុជា បានប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បានអនុម័ត​ជា​ឯកច្ឆន្ទ ដោយ​សភាធម្មនុញ្ញ នៅ​ឆ្នាំ​១៩៩៣​។ ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ដោយ​លើកឡើងថា រដ្ឋធម្មនុញ្ញ ជា​ដំបូល​នីតិរដ្ឋ​។​

​ចំណែក​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់ចេញ​យន្តការ ៣​ចំណុច ដើម្បី​ជំរុញ​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ ខិតខំ​ការដោះស្រាយ​បញ្ហា កង្វល់ និង​សំណូមពរ​នានា ដែល​ពាក់ព័ន្ធ​ន​នឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។ នេះ​គឺ​យន្តការ​ថ្មី​បន្ថែម​ពីលើ​យន្ត​ការទទួល​សម្របសម្រួល និង​ដោះស្រាយ​កម្រិត​ក្រសួង ក្រុមការងារ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​របស់​សម្ដេច​។​

កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​។ ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វិ​ដេ​អូ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ តំណាង​ក្រុមហ៊ុន​អាមេរិក ចំនួន ៦ នៅ​កម្ពុជា បាន​ជម្រាប​បង្ហាញ​គោលបំណង​ពង្រីក​កា​រវិន​យោគ ខណៈ​សម្ដេច​ក្រឡាហោម ស ខេង ឯណោះ​វិញ ក៏បាន​សម្ដែង​ការគាំទ្រ​។​

​គណៈកម្មការ​ចេញផ្សាយ​របាយការណ៍​វេជ្ជសាស្ត្រ ប្រចាំ​សបា្តហ៍ របស់​ពិភពលោក Lancet បានផ្តល់​ចំណាត់ថ្នាក់​លេខ ៤ ដល់​ប្រទេស​កម្ពុជា នាំមុខ​ប្រទេស​ជិត ៩០ លើ​ពិភពលោក ក្នុងការ​ទប់ស្កាត់បាន​ល្អ​នូវ​ជំងឺ​កូ​វីត​១៩​។ វិធាន​ការល្អ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ ជំងឺ​កូ​វីត​១៩​នេះ គួបផ្សំ​នឹង​ការធ្វើកំណែទម្រង់​មួយចំនួន ក៏បាន​ធ្វើអោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កែប្រែ​កា​ព្យាករណ៍​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ ពី​ផលិតផល​ក្នុងស្រុក​សរុប ក្នុង​ឆ្នាំ ២០២០ ក្នុង​រង្វង់​ដក ៤ ភាគរយ ធៀប​នឹង​ដក ៥,៥ ភាគរយ នៃ​ការ​ព្យាករ កាលពី​ខែមិថុនា កន្លងមក​។ សេដ្ឋកិច្ចកម្ពុជា ក៏​នឹង​ស្ទុះ​ងើបឡើង​វិញ ដល់ ៥,៩ ភាគរយ ក្នុង​ឆ្នាំ​២០២១ ខាងមុខ​ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​បុរស​ជនជាតិ​ហុង​គ្រី អាយុ ៧០​ឆ្នាំ ម្នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ​១៩​។ បុរស​ជនជាតិ​ហុង​គ្រី​នេះ ស្នាក់នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។ បុរស​នេះ បានគេច​ពី​គ្រូពេទ្យ កាលពី​យប់​ថ្ងៃទី​២៥ ខែកញ្ញា ទៅ​ស​ង្ងំ​នៅក្នុង​ផ្ទះ​វីឡា​មួយ ក្នុង​បុរី​អាថែន ភូមិ​គ្រូ​ស ឃុំ​ស្វាយដង្គុំ ក្រុង​សៀមរាប ក្រោយពេល​ក្រុមគ្រូពេទ្យ​យក​សំណាក​របស់គាត់​ទៅពិនិត្យ​។ បុរស​ជនជាតិ​ហុង​គ្រី​នេះ បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ហើយ​បាន​បន្តទៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ដោ​យស​ង្ងំ​នៅតែ​ក្នុងផ្ទះ ជាមួយ​ភរិយា​តែប៉ុណ្ណោះ​។​

​គិត​មកដល់​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា​នេះ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៧៦​នាក់ ព្យាបាល​ជាសះស្បើយ ២៧៤​នាក់ និង​២​នាក់ ជា​បុរស​ជនជាតិ​អង់គ្លេស និង​ជនជាតិ​ហុង​គ្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម