ស្លាប់​២​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​គោយន្ត​នៅ​ស្រុក​ប​វេ​ល​

207
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយ​ជិះ​ម៉ី​តូ​ឌុប​យ៉ាង​លឿន​ពេលយប់​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ ដែល​បត់​កាត់​ទទឹងផ្លូវ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវ​លេខ​៥៧B ត្រង់ចំណុច​ភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​។

​លោក​វរសេនីយ៍ឯក សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រ​ន្ទ​ត់​នេះ បង្កឡើង​ដោយសារ​គោយន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺម៉ក​១​គ្រឿង ដែល​បើកបរ​ដោយ​ឈ្មោះ យ៉ា​ម រដ្ឋា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល (​រងរបួស​បាក់ជើង​) ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើ​តៅ​កើត ដោយ​ម្ចាស់​គោយន្ត​នេះ ជា​អ្នកដើរ​ទិញស្រូវ​នៅតាម​ភូមិ​។ លុះដល់​ចំណុចកើតហេតុ​ខាងលើ គោយន្ត​នេះ​ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​គោយន្ត​នោះ​មួយ​ទំហឹង​តែម្ដង​។

​លោក​អធិការ​ស្រុក​បាន​បន្តថា សព​ទាំង​២​នាក់​មានឈ្មោះ សារឿ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សួស​អី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ រីឯ​អ្នករួមដំណើរ​ឈ្មោះ ខន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ទាំង​២​នាក់​គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា មាន​តួនាទី​ជា​ភ្នាក់ងារ​ទូរស័ព្ទ​ចល័ត​ដូចគ្នា​។ ក្រោយពី​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​កើតហេតុ​បាន បញ្ជាក់ថា អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AC 1680​។​

​បច្ចុប្បន្ន វត្ថុតាង​ទាំងពីរ ត្រូវបាន​កម្លាំង​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ជា​បណ្តោះអាសន្ន​។ ចំណែក អ្នកបើកបរ​គោយន្ត ក៏ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ផងដែរ​។ ដោយឡែក​សាកសព​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម