នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ឈ្នះ​ការបោះឆ្នោត​ក្នុង​រដ្ឋ តែ​មិន​ទាន់​ផុត​បញ្ហា​ទេ​

239
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កំពុង​ត្រូវ​គេ​ប្រជែង​យក​តំណែង កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​កញ្ញា​បាន​ឆ្លងកាត់​តេស្តិ៍​នយោបាយ​ដ៏​សំខាន់​មួយ​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ក្រោយ​ពី​សម្ពន្ធមិត្ត​របស់លោក​​បានឈ្នះ​សម្លេង​ប៉ផុតប៉ផើយ​នៅក្នុង​ការបោះឆ្នោត​ក្នុង​រដ្ឋ​សំខាន់​មួយ ។​

​នៅ​មុន​ការបោះឆ្នោត ពួក​អ្នកវិភាគ​បាន​ព្រមាន​ថា បរាជ័យ​ណាមួយ​ក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ​សា​បា​នេះ​សំរាប់​លោកនាយក​រដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ាស​ស៊ីន អាច​ស្មើនឹង​ការបញ្ចប់​ក្រុមចំរុះ​កំពុងកាន់​អំ​​ណា​ច​ដែល​មាន​សម្លេង​ភាគច្រើន​ស្តួចស្តើង​នៅក្នុង​សភា​។​

​ការបោះឆ្នោត​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​ប្រឆាំង លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ប៉ុនប៉ង​ទម្លាក់​រូប​លោក​នាយករដ្ឋមន្ត្រី​ចេញ​ពី​អំណាច ដោយ​អះអាង​ថា​រូបគាត់​មាន​ការគាំទ្រ​ពី​សមាជិក​សភា​​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​

​ម៉ាឡេស៊ី បាន​ជាប់​ក្នុង​ចលាចល​នយោបាយ​និង​ការដណ្តើម​អំណាច​គ្នា​ចាប់តាំងពី​ការដួលរលំ​រដ្ឋាភិបាល​មុន​កាលពី​ខែ​កុម្ភៈ​ដែល​ជា​រដ្ឋាភិបាល​កែ​ទំរង់​ដឹកនាំ​ដោយ​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​រួមជាមួយ​​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​។​

​លោកមូ​យីត​ឌីន ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​មុន បាន​ដណ្តើម​អំណាច​និង​ដឹកនាំ​ក្រុម​ចំរុះ​ថ្មី​មួយ​ដោយ​មាន​ការគាំទ្រ​ពី​គណបក្ស​មាន​រឿងអាស្រូវ​ពុករលួយ​មួយ​ជាហេតុ​នាំ​អោយ​មាន​ការ​ចោទសួរ​​អំពី​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក តែ​ជា​ជាង​បោះបង់​អំណាច អភិបាលរដ្ឋ​សា​បា​បាន​រំលាយ​សភា​រដ្ឋ​និង​ប្រកាស​ធ្វើ​ការបោះឆ្នោត​។​

​ការបោះឆ្នោត​នៅ​រដ្ឋ​លើ​កោះ​ប័រណេ​អូនេះ ត្រូវ​បាន​កោះ​ធ្វើឡើង​បន្ទាប់​ពី​សម្ពន្ធមិត្ត​មួយ​របស់​លោកមូ​យីត​ឌីន ប៉ុនប៉ង​ចូល​ដឹកនាំ​រដ្ឋាភិបាល​មូលដ្ឋាន​ដែល​កាន់កាប់​ដោយ​ក្រុមប្រឆាំង​។​តែ​ជា​ជាង បោះបង់​​អំណាច អភិបាលរដ្ឋ​ខាង​ក្រុម​ប្រឆាំង​បាន​រំលាយ​សភា​និង​ធ្វើ​ការបោះឆ្នោត​រើស​សភា​ប្រចាំ​រដ្ឋ​។​

​ក្រោយ​យុទ្ធនាការ​ដ៏​ស្វិតស្វាញ​មួយ ក្រុមចំរុះ​គណបក្ស​មួយ គាំទ្រ​ដោយ​រដ្ឋាភិបាល​ជាតិ បានឈ្នះ​បាន​សម្លេង​៣៨​ក្នុងចំណោម​៧៨​អស​នៈ​នៅក្នុង​សភា​រដ្ឋ ដោយ​ក្រុមប្រឆាំង​ទទួលបាន​តែ​៣២​និង​សល់​ពី​នេះ​​ជា​បេក្ខជន​ឯករាជ្យ​។​

​លោក​មូយី​ឌីន បាន​អបអរ​ជ័យជម្នះ​នេះ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ដោយ​លោក​និយាយថា “​វា​បង្ហាញ​ថា ប្រជាជន​នៅ​សា​បា មាន​ជំនឿ​ចិត្ត​លើ​បេក្ខជន​ទាំងអស់​ដែល​យើង​បាន​ដាក់​អោយ​ឈរឈ្មោះ​”​។​

​នៅពេល​លទ្ធផល​នេះ​មិន​ប៉ះពាល់​តុល្យភាព​អំណាច​ថ្នាក់ជាតិ​ដោយផ្ទាល់ តែ​វា​ជា​ការ​ធ្វើតេស្តិ៍​ដ៏​សំខាន់​មួយ​សំរាប់​ប្រជាប្រិយភាព​របស់​លោក មូ​យីត​ឌីន​។​បើ​លោក​មិនបាន​បំរើ​ការងារ​បាន​ល្អ​ទេ នោះ​ដៃគូ​​ក្នុង​ក្រុមចំរុះ​របស់លោក​អាច​នឹង​ដក​ការគាំទ្រ​ចេញពី​រដ្ឋាភិបាល និង​បង្ខំ​អោយមាន​ការបោះឆ្នោត​ថ្នាក់​ជាតិ​មុន​កាល​កំណត់​មួយ​។​

​ទោះជា​យ៉ាង​ណ ប្រ៊ី​ហ្កេ​ត វេលស៍ អ្នកជំនាញ​ម៉ាឡេស៊ី​មក​ពី​សកលវិទ្យា​ល័យ​ណ​ត់​ធី​ង​ហ៊ែ​ម បាន​ព្រមាន​ថា បញ្ហា​របស់​លោក​នៅ​មិនទាន់​ចប់​ទេ​ដោយ​លោក​នៅតែ​ជា​«​បុគ្គល​ខ្ចី​ពេល​»​ម្នាក់​។​

​អាន់​វ៉ា​អះអាងថា​មាន​សមាជិក​សភា​គ្រប់គ្រាន់​គាំទ្រ​លោក​ដើម្បី​បណ្តេញ​លោកមូ​យីត​ឌីន​ចេញ​ពី​អំណាច តែ​មិន​បង្ហាញ​ថា​ចំនួន​សមាជិក​សភា​ប៉ុន្មាន​គាំទ្រ​លោក នៅពេល​ស្តេច​ម៉ាឡេស៊ី​ពន្យារពេល​អោយ​​លោក​អាន់​វ៉ា​ចូលគាល់​ដោយ​សំអាង​ថា ទ្រង់​កំពុង​ពិនិត្យ​សុខភាព​៕​ប្រែ​សម្រួល​៖​វាសនា​

នាយក​រដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ាស​ស៊ីនធ្វើយុទ្ធនាការសម្រាប់ក្រុមចំរុះមួយក្នុងការបោះឆ្នោយនៅសាបា

ទីតាំងផ្សាយពាណិជ្ជកម្ម