កូរ៉េខាងជើង​ព្រមាន​អំពី​ភាព​តានតឹង​នៅ​សមុទ្រ ក្នុងអំឡុងពេល​ស្វែងរក​សព​ជន​កូរ៉េខាងត្បូង​

216
ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​កំពុង​ស្វែងរក​សាកសព​បុរស​កូរ៉េ​ខាងត្បូង​ម្នាក់ ដែល​ត្រូវបាន​បាញ់សម្លាប់​ដោយ​ទាហាន​របស់ខ្លួន តែ​បាន​ព្រមាន​ថា​ប្រតិបត្តិការ​របស់​កងទ័ព​ជើង​ទឹក​របស់​កូរ៉េ​ខាង​​ត្បូង​គំរាម​អោយមាន​ភាព​តានតឹង​, នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​។​

​កាលពី​ថ្ងៃ​សុក្រ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានធ្វើការ​សុំទោស​ដ៏​កម្រ​មួយ ចំពោះ​ការបាញ់​សម្លាប់​មន្ត្រីជលផល​កូរ៉េខាងត្បូង​នៅក្នុង​ដែនទឹក​កូរ៉េខាងជើង​។​

​យោធា​កូរ៉េខាងត្បូង បាន​ចោទប្រកាន់​ទាហាន​កូរ៉េខាងជើង​ថា​សម្លាប់​បុរស​នេះ និង​ចាក់​សាំង​ដុត​ចោល​នៅ​ជិត​ព្រំដែន​សមុទ្រ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​(​ខាងជើង​)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អាជ្ញាធរ​កូរ៉េខាងជើង​កំពុង​ពិចារណា​រក​វិធី​ប្រគល់​សាកសព​ជននេះ​ទៅ​អោយ​កូរ៉េ​ខាងត្បូង បើសិនជា​ខ្លួន​រក​ឃើញ​។​

​របាយការណ៍​នេះ​បាន​ហៅ​វា​ថា​ជា​«​ករណី​ឆ្គាំឆ្គង​ដែល​មិន​គួរ​កើតមាន​»​តែ​បាន​ព្រមាន​ថា ប្រតិបត្តិ​ការស្វែងរក​របស់​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឆ្លង​ចូល​ដែនទឹក​កូរ៉េ​ខាង​​ជើង​ហើយ​«​យើង​ស្នើ​សុំ​ភាគី​ខាងត្បូង​ឈប់​ជ្រៀតចូល​ដោយ​ឆ្លងកាត់​ខ្សែ​បន្ទាត់​ព្រំដែន​យោធា​នៅ​សមុទ្រ​ខាងលិច​ជាបន្ទាន់ ដោយសារ​វា​អាច​នាំ​ដល់​ភាព​តានតឹង​»​។​

​ទីភ្នាក់ងារ​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការស្វែងរក​ផ្ទាល់​របស់​ខ្លួន​ដែរ ដូច្នេះ​«​យើង​នឹង​ចាត់វិធានការ​ចាំបាច់​បន្ថែម​ដើម្បី​ធានា​ថា នឹង​មិន​មាន​ឧបទ្ទវហេតុ​បន្ថែម​ដែល​នឹង​បំ​​ផ្លាញ​ទំនាក់ទំនង ជំនឿ​និង​ការគោរព​គ្នា​…»​។​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍ បាន​ស្នើសុំ​អោយ​កូរ៉េខាងជើង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​អំពី​ការបាញ់​សម្លាប់​មនុស្ស​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

​កូរ៉េខាងជើង​ចោទប្រកាន់​កងទ័ពជើងទឹក​កូរ៉េខាងត្បូង​ថា បាន​ឆ្លង​ចូលក្នុង​ដែនទឹក​របស់​ខ្លួន​ក្នុងពេល​ស្វែងរក​សព​មន្ត្រីជលផល​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម