កូរ៉េខាងត្បូង​ប្រគល់​ឆ្អឹង​ទាហាន​១១៧​នាក់​ទៅ​អោយ​ចិន​

251
ចែករម្លែក

​អដ្ឋិធាតុ​(​ឆ្អឹង​)​របស់​ទាហាន​ចិន​១១៧​នាក់​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣ ត្រូវបាន​ប្រគល់​ទៅអោយ​ចិន​ក្នុង​ពិធី​បញ្ជូន​ត្រឡប់​អដ្ឋិធាតុ​ប្រចាំឆ្នាំ ក្រោយ​ត្រូវ​បាន​ពន្យារពេល​ដោយ​​សារ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​កូរ៉េខាងត្បូង​បានប្រគល់​អដ្ឋិធាតុ​ទាំងនេះ​នៅ​ពិធី​មួយ​នៅ​អាកាសយានដ្ឋាន​អ៊ី​ន​ឆុន នៅក្រៅ​រដ្ឋធានី​សេ​អ៊ូ​ល ខណៈ​ដែល​យន្តហោះ​ដឹកជញ្ជូន​យោធា​ចិន​មួយ​មក​ពី​ទីក្រុង​សិន​យ៉ាង ជិត​ព្រំដែន​កូរ៉េ​​ខាងជើង​កំពុង​រង់ចាំ​។​

​សូមបញ្ជាក់​ថា ទាហាន​ចិន​បានរួម​ប្រយុទ្ធ​ជាមួយ​ទាហាន​កូរ៉េខាងជើង​ប្រឆាំង​នឹង​កងកម្លាំង​ដឹកនាំ​ដោយ​អាម៉េរិក​នៅ​កូរ៉េខាងត្បូង ក្នុងអំឡុង​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​។​

​ភាគច្រើន​នៃ​ឆ្អឹង​ទាហាន​ទាំង​១១៧​នាក់​នេះ​ត្រូវបាន​រកឃើញ​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េខាងត្បូង​និង​ខាងជើង​។​វា​ជា​ការបញ្ជូន​ត្រឡប់ ឬ​ការធ្វើ​មាតុភូមិ​និវត្ត​ប្រចាំ​ឆ្នាំ​លើក​ទី​៧ និង​ធំ​បំ​​ផុត​ចាប់តាំងពី​អដ្ឋិធាតុ​៤៣៧ ត្រូវបាន​ប្រគល់​នៅ​ឆ្នាំ​២០១៤​។​

​សរុប អដ្ឋិធាតុ​ទាហាន​ចិន​៧១៦​នាក់​ត្រូវបាន​ធ្វើ​មាតុភូមិ​និវត្ត​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម