សម្តេច​តេ​ជោ : យើង​ត្រូវតែ​ច្រានចោល​យ៉ាង​ដាច់អហង្ការ រាល់​ការប៉ុនប៉ង​ណាមួយ​ដែល​នាំទៅរក​ការ​សាដាន​នៃ​ប្រវត្តិសាស្ត្រ

272
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ស្ថិរភាព និង វិបុលភាព​រយៈពេល​វែង​បំផុត ក្នុងសម័យ​ទំនើប​នេះ​, ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរ​-​ជាតិ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៤៥ នោះ​, កំពុង​ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង ព្រោះ​គុណ​តម្លៃ​ជា​មូលដ្ឋាន​ដែលជា​គ្រឹះ​នៃ​សណ្ដាប់ធ្នាប់​នេះ ក៏ដូចជា គោលការណ៍​ស្នូល​នៃ​ច្បាប់​អន្តរជាតិ ត្រូវបាន​គេ​រំលោភបំពាន និង​លែង​គោរព​។ ជាងនេះទៅទៀត​, និន្នាការ​ឯកតោភាគី​និយម និង ការប្រើ​កម្លាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ កំពុងតែ​កើនឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ និង វិធាន​ពហុភាគី​និយម​។​

ជាការ​ពិត​, សព្វថ្ងៃនេះ យើង​កត់សម្គាល់ឃើញ​យ៉ាង​ប្រចក្ស នូវ​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​អាវុធ​អន្តរជាតិ និង ការកើនឡើង​យ៉ាង​ស្រួចស្រាល​នៃ​ហានិភ័យ​នុយក្លេអ៊ែរ​។

​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៥ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០២០​។​

​សម្តេច​តេ​ជោ បាន​បន្តថា យើង​ក៏​សង្កេតឃើញ​មានការ​ផ្លាស់ប្តូរ​ដ៏​គួរឱ្យ​ភ័យព្រួយ​នៃ​គោលនយោបាយ និង លទ្ធិ​យោធានិយម ឆ្ពោះទៅរក​ទស្សនៈ​មួយ​ដែលថា​ការ​-​បង្កើត​សង្គ្រាម ដើម្បី​រក្សា​ឧត្តមភាព​របស់ខ្លួន​ជា​ទង្វើ​មួយ​ដែល​អាច​ទទួលយកបាន ។ តួយ៉ាង​, កិច្ចព្រមព្រៀង​ជាស​កល ត្រូវបាន​គេ​បដិសេធ​ជា​ឯកតោភាគី ហើយ​ស្ថាប័ន​អន្តរជាតិ ក៏ត្រូវ​បាន​គេ​វាយប្រហារ​យ៉ាង​កំរោល​, ខណៈ ដែល​សំឡេង​ប្រកបដោយ​ហេតុផល ត្រូវបាន​គេ​រារាំង​ដោយ​ការប្រព្រឹត្ត​តាម​ទំនើងចិត្ត តាមរយៈ​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី និង វិធានការ​ចាប់បង្ខំ​ផ្នែក​នយោបាយ​, សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សេងទៀត ព្រោះតែ​ប្រទេស មានអំណាច​បំផុត តម្កល់​ផលប្រយោជន៍​ខ្លួន​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។​

​លើសពីនេះ​ទៀត​, ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​ឥត​ញញើត និង ធ្វើឡើង​ក្នុង​កម្រិត​មួយ​ដែល​បំផ្លិចបំផ្លាញ​គោលការណ៍​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជាអាទិ៍ សិទ្ធិ​ស្វ័យ​-​សម្រេច និង អធិបតេយ្យ​ជាតិ ។ ក្នុង​បរិបទ​នេះ​, ការបំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ គឺជា​មូលហេតុ​នៃ​ក្ដីបារម្ភ​ដ៏​ធំធេង​របស់​យើង ។ ទន្ទឹមនេះ​, លទ្ធភាព​នៃ​ការកើតឡើង​នូវ “​សង្គ្រាមត្រជាក់​បែប​ថ្មី​” ក៏បាន​ក្លាយជា​កង្វល់​ដ៏​ចម្បង​មួយទៀត ព្រោះថា ប្រទេស​កម្ពុជា​ដ៏​តូច​មួយ​នេះ ធ្លាប់បាន​បង់ថ្លៃ​យ៉ាងដំណំ ដោយសារ​ជម្លោះ​សង្គ្រាមត្រជាក់​, ការខ្វែងគំនិត​គ្នា​ផ្នែក​មនោគមវិជ្ជា និង ការប្រកាន់​ឥរិយាបថ​ជាតិនិយម​ជ្រុល ។ ហេតុនេះ​, យើង​ត្រូវតែ​ច្រានចោល​យ៉ាង​ដាច់អហង្ការ រាល់​ការប៉ុនប៉ង​ណាមួយ​ដែល​នាំទៅរក​ការ​សាដាន​នៃ​ប្រវត្តិសាស្ត្រ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម