ស្រវឹង​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​បុក​ដើម​គគីរ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

201
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ហើយ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បន្ទាប់ពី​ពួកគេ​បាន​ស្រវឹងស្រា ហើយ​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ទៅបុក​ដើម​គគីរ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ ស្ថិតនៅលើ​កំណាត់​ផ្លូវ​លេខ​៦ ក្នុងភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​និយាយថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​២​បាក់​បាន​ជិះ​ម៉ូត​ហុងដា ដ្រី​ម សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប ១H ៧៣០១ បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត ក្នុងស្ថានភាព​ស្រវឹង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ទៅបុក​ដើម​គគីរ​ដែល​នៅ​អម​សងខាង​ផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ពីក្រោយ​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​បាន​រងរ​បួស​ធ្ងន់​។​

​អ្នកស្លាប់​មានឈ្មោះ វ៉ាត ផង ភេទ ប្រុស អាយុ​២៨ ឆ្នាំ​, ចំណែក​អ្នកស្លាប់​ឈ្មោះ ឈាន ចន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ អ្នក​ទាំង​២​រស់នៅ​ភូមិ​អ​ង្គុ​ញ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​បញ្ជូន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំណែក​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម