ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​ជូន​ក្រុមគ្រួសារ​សព​នគរបាល​ម្នាក់​ដែល​ទទួលមរណភាព​

217
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧ ខែកញ្ញា​ឆ្នាំ​២០២០ អនុវត្តតាម​លក្ខន្តិកៈ​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានប្រគល់​ថវិកា​សមា​គម​មិត្ត​នគរបាលជាតិ​កម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​សព លោក ជិន លី ជា​និវត្តជន៍​អតីត​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដែល​លោក បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​២៥ ខែ កញ្ញា​ឆ្នាំ​២០២០ ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​រោគា​ពា​ធិ ហើយ​សព​កំពុង​តម្កល់​ធ្វើបុណ្យ​ក្នុង​លំនៅដ្ឋាន ស្ថិតនៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​ក្នុងពេល​ជាមួយគ្នានេះ ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ក្រុង​បាត់ដំបង ដែលមាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អ​អធិការនគរបាល​ក្រុង​និង​ជា​ប្រធាន​សមាគម​បាន​ដឹកនាំ​ក្រុមការងារ​ទៅ ចូលរួម​ប្រគល់​ថវិកា​សមាគម​នាពេល​នោះដែរ​។

​លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាន​ឲ្យ​ដឹងថា ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​ចំនួន​៦​លាន​រៀល ថវិកា​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ចំនួន​៤​លាន​រៀល ថវិកា​ផ្ទាល់​របស់លោក​ស្នងការ​ខេត្ត​ចំនួន​២០០​ដុល្លារ អង្ករ​ចំនួន​៥០​គីឡូក្រាម ភេសជ្ជៈ​ចំនួន​៤​កេស ទឹក​សុទ្ធ​៤​កេស បានប្រគល់​ជូន​ក្រុមគ្រួសារ​សព ដើម្បី​បាន​ចាត់ចែង​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​នេះ​។​

​ក្រុមគ្រួសារ​សព​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់​ក្រុមគ្រួសារ​សមាជិកសមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ក៏​ដូច​ក្រុមគ្រួសារ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ នៃ​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម