រថយន្តពាក់ផ្លាកលេខខ.ម ដឹកសត្វប្រវឹកចំនួន៤០០ក្បាល ត្រូវបានសមត្ថកិច្ចឃាត់និងចាប់ខ្លួនពីរនាក់បញ្ជូនទៅតុលាការ

261
ចែករម្លែក

ដោយ:គូលែន/សៀមរាប: រថយន្តពាក់ផ្លាកលេខខ.មមួយគ្រឿង ដែលដឹកសត្វប្រវឹកព្រៃចំនួន៤០០ក្បាល បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ រួមសហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី ឃាត់និងចាប់មនុស្ស២នាក់។

  ករណីឃាត់ចាប់រថយន្តដឹកសត្វប្រវឹកព្រៃខាងលើ បានធ្វើឡើងនៅម៉ោង១២និង៣០​យប់ឈានចូលថ្ងៃទី២៧ ខែកញ្ញាស្ថិតនៅភូមិជ្រៃ​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ។

លោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បាននិយាយថា នៅថ្ងៃទី ២៧ខែកញ្ញា សមត្ថកិច្ចយើង បានយកសត្វប្រវឹកទាំង៤០០ក្បាល លែងនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ក្នុង ស្រុកបន្ទាយស្រី។

លោកបានបន្តថា រថយន្តឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា ពាក់ផ្លាកលេខ ខម2-6158 បានដឹកប្រវឹកព្រៃទាំងនេះ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់មនុស្សពីរនាក់​ ។ម្នាក់ជាអ្នកបើកបរ​និងម្នាក់ទៀតជាអ្នក​រួមដំណើរ​ ។

លោកបានបញ្ជាក់ថា  ជនសង្ស័យឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី​ សង្កាត់ពន្លក​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ និងឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ។

     ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ​លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ  ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕សរន

រូបភាព: រថយន្តពាក់ស្លាកខម ដឹកសត្វប្រវឹកចំនួន៤០០ក្បាល ត្រូវបានសមត្ថកិច្ចឃាត់និងចាប់ខ្លួនមនុស្ស២នាក់បញ្ជូនទៅតុលាការ៕គូលែន

ទីតាំងផ្សាយពាណិជ្ជកម្ម