ស្មានតែរួចខ្លួននាឆ្នាំនេះ ៖ ស្រូវទុំដើមរដូវនៅស្រុកមង្គលបុរីចាប់ផ្តើមរងគ្រោះ ដោយជំនន់ ទឹកភ្លៀងនិងជំនន់ទឹកស្ទឹង

229
ចែករម្លែក
ស្មានតែរួចខ្លួននាឆ្នាំនេះ ៖ ស្រូវទុំដើមរដូវនៅស្រុកមង្គលបុរីចាប់ផ្តើមរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកស្ទឹង

ដោយ ៖ ភ្នំស្វាយ / បន្ទាយមានជ័យ ៖ជំនន់ទឹកស្ទឹងនិងជំនន់ទឹកភ្លៀងកើតឡើងពីភ្លៀងធ្លាក់៣ថ្ងៃ(ថ្ងៃទី២៥-.២៧ខែកញ្ញា) ដែលជាឥទ្ធិពល​បាតុភូតជ្រលងសម្ពាធ ទាប   បានបង្កឲ្យចាប់ផ្តើមប៉ះពាល់ លិចលង់ដំណាំស្រូវស្រាលរដូវនិងបង្កការលំបាកដល់ការប្រមូលផលរបស់កសិករនៅស្រុកមង្គលបុរីដូចឆ្នាំមុនៗទៀតហើយ ។

   លោករ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបុរីប្រាប់នាថ្ងៃទី២៧ខែកញ្ញាថា: ទំហំនៃការលិចលង់ស្រូវបង្កើនរដូវ(ស្រូវស្រាលដើមរដូវវស្សាពូជមិនប្រកាន់រដូវ )ដែលចាប់ផ្តើមទទួលផលប៉ះពាល់លិចលង់ ហើយត្រូវបានអន្តរាគមន៍សង្គ្រោះនោះគឺមាននៅភូមិកាមល ឃុំរហាត់ទឹក ទំហំប្រមាណ១០ហិកតា ។

កសិករម្ចាស់ស្រែបានតម្អក់មិនព្រមប្រើម៉ាសុីនច្រូតកាត់ ត្បិតឃើញផលស្រូវមិនល្អផង ទើបបង្កឲ្យទៅជាលិចលង់ដូច្នេះ ។

      លោករ័ត្ន ដាស៊ីណង បានបន្តថា កម្រឹតកម្ពស់ទឹកស្ទឹងមង្គលបុរីផ្នែកកណ្តាលបានហក់ឡើងជាង០,៧ម៉ែត្រ(៧តឹក)ក្នុងប៉ុន្មានថ្ងៃមកនេះ ។

ស្ថានភាពនៅលំនឹងនៅឡើយបើប្រៀបធៀបថ្ងៃម្សិលមិញ ដោយសារទ្វារទឹកនៅស្រុកបវេលខេត្តបាត់បងត្រូវបានបិទ។

        ចំណែកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ៖ អាជ្ញាធរមានសមត្ថកិច្ចនិងពលរដ្ឋបាននឹងកំពុង វាយតម្លៃ រកដំណោះស្រាយ ត្រៀមបង្ការ សង្គ្រោះឆ្លើយតបនូវគ្រោះជំនន់ទឹកភ្លៀងនិងជំនន់ទឹកស្ទឹងនេះ។

នៅថ្ងៃទី២៧ខែកញ្គ លោកឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគិ៥ ទទួលជាមេបញ្ជាការតំបន់ទិសទី១ បន្ទាយមានជ័យបានដឹកនាំកម្លាំងប្រមាណ៥០០នាក់ នៃកងពលតូចលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបុរី និងកម្លាំងយោធាការពារព្រំដែនបានចុះអន្តរាគមន៍ជួយច្រូតកាត់ដោយដៃដើម្បី ដណ្ដើមផលស្រូវទុំចេញពីជំនន់វិញ ហើយប្រគល់ជូនកសិករ ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំស្រូវស្រាលដើមរដូវវស្សានៅវាលស្រែប៉ែកខាងលិច ខាងកើតនិងខាងត្បូងស្ទឹងមង្គលបូរីនិងផ្នែកខ្លះនៃក្រុងសិរីសោភ័ណតែងរងការលិចលង់ ហើយត្រូវការកងកម្លាំង  មន្ត្រីនិងយុវជនចុះជួយអន្តរាគមន៍ច្រូតសង្គ្រោះ ។

បញ្ហានោះ មកពីកត្តាគ្រោះធម្មជាតិផងនិងមកពីទម្លាប់អាក្រក់របស់កសិករដែលខ្ជីខ្ជីធ្វើស្រែបែបយថាផលផង ហើយ ការអន្តរាគមន៍ចុះជួយច្រូតជារៀងរាលឆ្នាំគឺច្រើន ឯចំណេញតិចតួចប៉ុណ្ណោះ៕ សរន/Ha

  កម្លាំងចម្រុះ៥០០នាក់ចុះអន្តរាគមន៍ច្រូតស្រូវស្រាលដើមរដូវដណ្តើមពីទឹកជំនន់ដែលផ្តើមលិចលង់១ផ្នែកតូចនៅស្រុកមង្គលបូរីនាខែកញ្ញាឆ្នាំ២០២០(រូប៖ ភ្នំស្វាយ )

រូបថត ៖  ១ -២ ៖  កម្លាំងចម្រុះ៥០០នាក់ចុះអន្តរាគមន៍ច្រូតស្រូវស្រាលដើមរដូវដណ្តើមពីទឹកជំនន់ដែលផ្តើមលិចលង់១ផ្នែកតូចនៅស្រុកមង្គលបូរីនាខែកញ្ញាឆ្នាំ២០២០(រូប៖ ភ្នំស្វាយ )

៣ ៖ កម្លាំងអន្តរាគមន៍ចុះជួយច្រូតស្រូវក្នុងទឹកជំនន់កាលពីខែសីហាឆ្នាំ២០១៩ (រូប ៖ ភ្នំស្វាយ )

ទីតាំងផ្សាយពាណិជ្ជកម្ម