កាសែតញូវយ៉កថែមស៍ ៖ ត្រាំបង់ពន្ធប្រាក់ចំណូលសហព័ន្ធតែ៧៥០ដុល្លារក្នុងឆ្នាំ២០១៦

268
ចែករម្លែក

ដកស្រង់ទិន្នន័យពន្ធប្រាក់ចំណូលជាង២០ឆ្នាំមកនេះ កាសែតញូវយ៉កថែមស៍បានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៧កញ្ញាថា ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានបង់ពន្ធសហព័ន្ធត្រឹមតែ ៧៥០ ដុល្លារក្នុងឆ្នាំ ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត។

កាសែតនេះបានបន្ថែមទៀតថា គាត់ក៏បានបង់ពន្ធត្រឹមតែ ៧៥០ ដុល្លារផងដែរក្នុងឆ្នាំដំបូងរបស់គាត់នៅសេតវិមានហើយគាត់មិនបានបង់ពន្ធលើប្រាក់ចំណូល ១០ ឆ្នាំក្នុងចំណោម ១៥ ឆ្នាំមុននេះ ពីព្រោះគាត់បានរាយការណ៍ថាបានខាតបង់ប្រាក់ចំណេញដែលគាត់រកបាន។

ភ្លាមៗនោះលោកត្រាំបានច្រានចោលរបាយការណ៍នេះថាជា “ព័ត៌មានក្លែងក្លាយទាំងស្រុង”។

ច្បាប់មិនតម្រូវឱ្យប្រធានាធិបតីអាម៉េរិកបង្ហាញព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនទេប៉ុន្តែគ្រប់ប្រធានាធិបតីចាប់តាំងពីលោករីឆាត និចសុន សុទ្ធតែបានរាយការណ៍អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោកត្រាំបានធ្វើខុសនឹងទំនៀមទម្លាប់ប្រធានាធិបតី ដោយបដិសេធមិនបញ្ចេញប្រាក់ចំណូលរបស់គាត់ តស៊ូក្តីនៅក្នុងតុលាការ និងជំរុញឱ្យមានការសន្និដ្ឋានផ្សេងៗអំពីអ្វីដែលអាចមាននៅក្នុងរបាយការណ៍ប្រាក់ចំណូលនោះ។

ពន្ធប្រាក់ចំណូលរបស់គាត់ ដែលជាចំណុចជជែកដេញដោលដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ត្រូវគេលើកយកមកនិយាយឥតឈប់ឈរក្នុងអំឡុងពេលដែលលោកកំពុងកាន់តំណែងប្រធានាធិបតីនិងនៅមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកានេះ នៅពេលដែលលោកត្រាំកំពុងស្វែងរកអាណត្តិទី២។

កាសែតញូវយ៉កថែមស៍បានសរសេរថា ទិន្នន័យពន្ធដែលខ្លួនបានឃើញ គឺ “ផ្តល់នូវផែនទីបង្ហាញផ្លូវនៃការលាតត្រដាង ចាប់ពីការជម្រះបញ្ជីសម្រាប់ការចំណាយរបស់មេធាវីការពារក្តីព្រហ្មទណ្ឌនិងការប្រើភូមិគ្រឹះធ្វើជាកន្លែងលំហែលក្ខណៈគ្រួសាររហូតដល់ទឹកប្រាក់រាប់លានដុល្លារដែលលោកប្រធានាធិបតីបានទទួលពីកម្មវិធីប្រឡងបវរកញ្ញាចក្រវាលឆ្នាំ ២០១៣ នៅទីក្រុងមូស្គូ”។

កាសែតនេះបានបន្ថែមថា ទិន្នន័យនេះ “បង្ហាញពីការលាក់ពុតដ៏ប៉ិនប្រសព្វនៅពីក្រោយមុខមាត់មហាសេដ្ឋីសាងទ្រព្យសម្បត្តិដោយខ្លួនឯងនេះ”។

លោក អាឡាន់ ហ្គាធិន មេធាវីរបស់អង្គការត្រាំ បានប្រាប់កាសែតនេះជាការឆ្លើយតបថា “ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះលោកប្រធានាធិបតីត្រាំបានបង់ពន្ធផ្ទាល់ខ្លួនរាប់សិបលានដុល្លារដល់រដ្ឋាភិបាលសហព័ន្ធរួមទាំងការបង់ពន្ធផ្ទាល់ខ្លួនរាប់លានដុល្លារចាប់តាំងពីការប្រកាសបេក្ខភាពរបស់លោកនៅក្នុងឆ្នាំ ២០១៥”៕​ ដោយ ៖ កញ្ញាដាលីស

កាសែតញូវយ៉កថែមស៍ថាត្រាំបង់ពន្ធប្រាក់ចំណូលតែ៧៥០ដុល្លារក្នុងឆ្នាំ២០១៦

ទីតាំងផ្សាយពាណិជ្ជកម្ម