សហប្រជាជាតិ​និង​អាម៉េរិក​អំពាវនាវ​អោយ​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​ឈប់​ប្រយុទ្ធ​គ្នា​ភ្លាម​

341
ចែករម្លែក

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស កាលពី​ថ្ងៃអាទិត្យ​ទី​២៧​កញ្ញា​បាន​និយាយថា លោក​មាន​ការព្រួយបារម្ភ​ជាខ្លាំង អំពី​ការ​បន្ត​ប្រយុទ្ធ​គ្នា​រវាង​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​នៅ​​តំបន់​បំបែក​ខ្លួន ណាហ្ក័រ​ណូ កា​រ៉ា​បាក់​(Nagorny Karabakh)​។​

​អ្នកនាំពាក្យ​របស់​លោក​ហ្គូ​ទែ​រ៉េ​សបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « លោក​អគ្គលេខា បាន​អំពាវនាវ​អោយ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់ បន្ថយ​ភាព​តានតឹង​និង​វិល​ទៅ​រក​ការចរចា​ដ៏​មាន​​ន័យ​ដោយ​គ្មាន​ពន្យារពេល​»​។​

​សេចក្តីថ្លែងការណ៍​បាន​បន្តថា លោក​ហ្គូ​ទែ​រ៉េស​ថ្កោលទោស​ការ​ប្រើកម្លាំង​និង​សោកស្តាយ​ចំពោះ​ការបាត់បង់​អាយុជីវិត​ជន​ស៊ីវិល​។​

​ការប្រយុទ្ធ​គ្នា​រវាង​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់ ដោយសារ​តំបន់​ណាហ្ក័រ​ណូ កា​រ៉ា​បាក់ បណ្តាល​អោយ​យុទ្ធជន​ផ្តាច់ខ្លួន​អា​ម៉េនី​១៦​នាក់​និង​ជន​ស៊ីវិល​២​នាក់​ស្លាប់ ហើយ​ជាង​១០០​នាក់​ទៀត​រងរបួស នេះ​បើ​​តាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​របស់​តំបន់​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​អា​ម៉េនី​នេះ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ បាន​និយាយថា ទាហាន​របស់លោក​ក៏​រង​ការបាត់បង់​ជីវិត​និង​រងរបួស​ផងដែរ តែ​មិន​បាន​ផ្តល់​តួលេខ​ជាក់ស្តែង​ទេ​។​

​អា​ម៉េនីក៏​បាន​អះអាង​ផងដែរ​ថា ឧទ្ធម្ភាគចក្រ​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​៤​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់ និង​រថក្រោះ​អា​ហ្ស៊ែ​របៃ​ហ្សង់​ចំនួន​៣៣​គ្រឿង​រង​គ្រាប់កាំភ្លើង​ធំ តែ​ក្រសួង​ការពារជាតិ​អា​ហ្ស៊ែ​របៃ​ហ្សង់​បាន​​ច្រាន​ចោល​ការអះអាង​កាលពី​មុន​មួយ​ដែលថា ឧទ្ធម្ភាគចក្រ​២​ត្រូវ​បាន​បាញ់​ទម្លាក់​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​បាន​ចូលរួម​ជាមួយ​ពិភពលោក អំពាវនាវ​អោយ​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​បញ្ចប់​ការប៉ះទង្គិច​គ្នានេះ ដោយ​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយថា ខ្លួន​បាន​ទាក់ទង​​ប្រទេស​ទាំង​ពីរ​ដើម្បី​ទទូច​អោយ​ពួក​គេ​បញ្ឈប់​ជម្លោះ​ជាបន្ទាន់ ប្រើ​បណ្តាញ​ទាក់ទង​ដែលមាន​ស្រាប់​ដើម្បី​បញ្ចៀស​ការធ្វើអោយ​ស្ថាន​កាន់តែ​អាក្រក់​ទៅ និង​ជៀសវាង​ពាក្យសម្តី​និង​អំពើ​ដែល​មិន​ជួយ​អោយ​​សភាពការណ៍​ធូរស្រាល »​។​

​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់ បាន​ចោទប្រកាន់​ម្ខាងៗ​ថា​ចាប់ផ្តើម​បាញ់​មុន​កាលពី​ថ្ងៃអាទិត្យ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៣​នាក់​និង​គំរាម​ទាញ​តំបន់​អោយ​ធ្លាក់​ក្នុង​ការដណ្តើម​អំណាចរ​វាង​រុស្ស៊ី​និង​​តួ​ក​គី​។​

​បារាំង អាឡឺម៉ង់ អ៊ីតាលី និង​សហភាព​អឺរ៉ុប ក៏​បាន​ទទូច​អោយ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់​ផង​ដែរ នៅពេល​សម្តេច​ប៉ាប ហ្វ្រង់​ស៊ីស បន់ស្រន់​សុំ​សន្តិភាព​៕​ប្រែ​សម្រួល​៖​វាសនា​

​រូបភាព​ដែល​ក្រសួងការពារជាតិ​អា​ម៉េនី អះអាងថា ជា​យានយន្ត​យោធា​និង​រថក្រោះ​អា​ហ្ស៊ែ​របៃ​ហ្សង់​ដែល​ខ្លួន​បំផ្លាញចោល​

ទីតាំងផ្សាយពាណិជ្ជកម្ម