ពលរដ្ឋ​ជា​អ្នក​ប្រក​បរបរ​ដឹក​រទេះគោ​បុរាណ​តាម​រ៉ឺម៉ក​ម៉ូតូ​លក់​អាច​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួ​សារបាន​

269
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ពលរដ្ឋ​ជា​អ្នក​ប្រក​បរបរ​ដឹក​រទេះគោ​លក់​តាម​រ៉ឺម៉ក​ម៉ូតូ នៅក្នុង​ភូមិសាស្ត្រ​នានា ដោយ​នាំគ្នា​ធ្វើដំណើរ​តាំងពី​ខេត្តកំពង់ចាម ខេត្តកំពង់ធំ មក​លក់ដូរ​នៅក្នុង​ខេត្តកំពង់ស្ពឺ ដល់​ល្ងាច​ត្រង់​កន្លែង​ណា នាំគ្នា​សុំ​វត្ត​ព្រះសង្ឃ​ស្នាក់នៅ​បណ្តោះអាសន្ន រហូតដល់​លក់ដាច់​អស់ ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​។

​បើតាម​សម្តី​ពលរដ្ឋ​ឈ្មោះ ចិន ចិត្ត ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គ​ ឃុំ​ត្រពាំង​គ​ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឈ្មោះ ខឹម ថន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង ឈ្មោះ ឌី យិន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់ នៅក្នុង​ភូមិ​ត្រពាំង​ជ្រៃ និង​ភូមិ​តា​ឌុ​ក ឃុំ​ប​ល័​ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​រៀបរាប់​ឱ្យ​កាសែត​រស្មី​កម្ពុជា ដឹងកាលពី​ល្ងាច​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២០​ថា​៖ ពួកគាត់​បាននាំគ្នា​ដឹក​រទេះ​បុរាណ (​រទេះសាឡី​) ចេញពី​ខេត្តកំពង់ចាម ចំនួន​១១​គ្រឿង ដោយ​បើកបរ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​មក​លក់ដូរ​នៅតាម​ភូមិ​ស្រុក​ក្នុង​ខេត្ត​នានា​។ ភាគច្រើន​គេ​ទិញ​យកទៅដាក់​តាំង​លំអ​នៅតាម​គ​ហ​ដ្ឋា​ន ឬ​រមណីយដ្ឋាន​។

​ពួកគាត់​បាន​បន្តថា រទេះ​បុរាណ​ទាំងអស់នេះ ធ្វើឡើង​ពី​ឈើ​គ្រញូង​, ឈើ​ធ្នង់​, និង​ឈើ​កកោះ​ជាដើម ហើយ​រទេះ​មួយគ្រឿង​លក់​ក្នុងតម្លៃ​៣៥០​ដុល្លារ ដោយ​អាច​បញ្ចុះតម្លៃ​ខ្លះៗ​ដែរ​។ ការបើកបរ​រ៉ឺម៉ក​ម៉ូតូ​ដើរ​លក់​រទេះ​បុរាណ ដែល​ពួកគាត់​ទិញ​ពី​ខេត្តកំពង់ចាម គឺ​ដើរ​លក់ដូរ​នៅតាម​ភូមិសាស្ត្រ​ក្នុង​ខេត្តកំពង់ស្ពឺ រយ​:​ពេល​៣​ថ្ងៃ​មកហើយ មាន​ម្ចាស់​រមណីយដ្ឋាន និង​ផ្ទះសំណាក់ នាំគ្នា​មក​តថ្លៃ ដើម្បី​ទិញ​យកទៅ​ដាក់តាំង​លំអ​ចំនួន​២​ទៅ​៣​គ្រឿង​ដែរ ហើយ​ពួកគាត់​ក៏​នៅ​បន្ត​លក់ដូរ រហូតដល់​ដាច់​អស់ ទើប​នាំគ្នា​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។

​ពួកគាត់​បញ្ជាក់ថា រទេះ​បុរាណ (​សាឡី​)​នេះ មិនសូវ​ធំ​ដូច​រទេះដឹក​កណ្តាប់​ស្រូវ​នោះទេ ជា​រទេះគោ​ដែលមាន​លក្ខណៈ​តូច​ អាច​ដឹក​បាន​តិចតួច​ប៉ុណ្ណោះ​។ តែ​រទេះគោ​ទាំងអស់នេះ មាន​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ ខណៈ​គេ​ទិញ​យកទៅ​តាំង​លំអ អាច​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ចូលទៅ​លេង ព្រោះ​បច្ចុប្បន្ន​រទេះគោស្ទើរតែ​ជិត​បាត់បង់​អស់រលីង​ទៅហើយ​។ គាត់​ថា មុខរបរ​ដឹក​រទេះគោ​លក់​តាម​រ៉ឺម៉ក​ម៉ូតូ​តាម​បណ្តា​ខេត្ត​ខាងលើ អាច​ផ្គត់ផ្គង់​ជី​ភាព​បាន​សមរម្យ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម