ពីរ​នាក់​បាន​ស្លាប់​និង​ម្នាក់​របួសធ្ងន់​ដោយសារ​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ឈូក​

216
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ដោយសារតែ​ការប្រើប្រាស់​ល្បឿន​លឿន ម៉ូតូ​ពីរ​គ្រឿងបាន​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ពីរ​នាក់​បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​។ ហេតុការណ៍​នេះ បានកើត​ឡើង​នា​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈូក ស្រុក​ឈូក​។​

​នគរបាល​ចរាចរណ៍​ស្រុក​ឈូក​បាន​ប្រាប់​ឱ្យដឹងថា អ្នក​ដែល​បាត់បង់​ជីវិត រួមមាន ១. ឈ្មោះ​ឌូ​ច អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ច្បារមន ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត​។ ២. ឈ្មោះ ថេ អៀង អាយុ ៣១​ឆ្នាំ មាន​លំនៅ​ភូមិ​ខ្ពប​រុន ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។ ចំណែក​អ្នករងរបួស​ឈ្មោះ អង ថេត អាយុ ១៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយ​ឈ្មោះ ថេ អៀង​។

​សមត្ថកិច្ច​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​លើ​ល​ដងផ្លូវ​ពី​ផ្សារ​ឈូក​ឆ្ពោះទៅ​ស្រុក​ជុំ​គិរី​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ស្របពេលនោះ ក៏មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មកពី​ទិស​ខាងជើង រួច​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​ដួល​ច្រងាប់ច្រងិល​រៀងៗ​ខ្លួន​តែម្តង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ ក្នុងស្ថានភាព​បែប​នោះ អ្នកជិតខាង​ក៏​ចូលទៅ​ជួយ ​ស្រាប់តែ​ឃើញ​យុវជនដែលជា​អ្នកបើក​ម៉ូតូ​ទាំងសងខាង​បាន​ស្លាប់​ទៅហើយ​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​ធ្ងន់​ទើប​អ្នកភូមិ​ប្រញាប់ប្រញាល់ ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម