មន្ត្រី​សង្គម​កិ​ច្ចៈ អ្នកទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ សូម​ប្រើប្រាស់​ថវិកា​ឱ្យមាន​ប្រយោជន៍​

256
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ អាច​ចាត់ទុកថា គឺជា​កម្មវិធី​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយក៏​ត្រូវ​បានទទួល​ស្គាល់​ថា គឺជា​កម្មវិធី​ពិសេស​លើសគេ​ក្នុង​តំបន់​ដែរ ព្រោះ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ( ប្រហែលជា​ទូទាំង​ពិភពលោក​ផង ) នៅពេល​ត្រូវបាន​រង​ការវាយប្រហារ​ដោយ​ជំងឺ​កូ​វីដ ១៩ បណ្តា​ប្រទេស​ទាំងនោះ ទីទៃ​ពី​ចាត់​វិធ​នា​ការ​នានា ដើម្បី ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវ​ដី ១៩ នេះ​ទៅ ក៏មាន​ត្រឹមតែ​បញ្ចូល​សាច់ប្រាក់ ឬ ថវិកា ទៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ដើម្បី កុំឱ្យ​សេដ្ឋកិច្ច​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពេក​តែប៉ុណ្ណោះ ។


​ដោយឡែក​នៅ​ប្រទេស កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ក្រៅតែពី​ការចាត់វិធានការ​នានា ប្រហាក់ប្រហែល​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៅ រាជរដ្ឋាភិបាល កម្ពុជា ក៏បាន​ដាក់ឱ្យអនុវត្ត​នូវ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ មួយទៀត ខណៈ​កម្មវិធី​នានា​ដែល​ធ្លាប់បាន​អនុវត្ត​ពីមុនមក ដូចជា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ជាដើម នៅតែ​អនុវត្ត​ជា​ប្រក្រតី ដែល​បានសេចក្តីថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ របស់​រាជរដ្ឋាភិបាល កម្ពុជា គឺជា​កម្មវិធី​លើសពី​បណ្តា​ប្រទេស​ដទៃ ។​


​គប្បី​រំឭកថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ បញ្ចប់ទៅ​កាលពី​ថ្ងៃទី ២៤ ខែ កក្កដា មាន​ប្រជាជន​ជាង ៥៦ ម៉ឺន​គ្រួសារ ចំណាយ​ថវិកា​អស់​ជាង ២៣ លាន ដុល្លារ​អាមេរិក ។ ខែ​ទី ២ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ កក្កដា និង បញ្ចប់ទៅ​កាលពី​ថ្ងៃទី ២៤ ខែ សីហា មាន​ប្រជាជន​ជាង ៦១ ម៉ឺន​គ្រួសារ ចំណាយ​ថវិកា​អស់​ជាង ២៦ លាន​ដុល្លារ​អាម​រិ​ក ។ ខែ​ទី ៣ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ សីហា និង បញ្ចប់ទៅ​កាលពី​ថ្ងៃទី ២៤ ខែ កញ្ញា មាន​ប្រជាជន​ជាង ៦៦ ម៉ឺន និង ០៩ ពាន់ គ្រួសារ ចំណាយ​ថវិកា​អស់​ជាង ២៨ លាន​ដុល្លារ​អាមេរិក ជា​សរុប​កម្មវិធី​ចំណាយ​ថវិកា​អស់​ជាង ៧៧ លាន ដុល្លារ​អាមេរិក មកហើយ ។


​បច្ចុប្បន្ននេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ កំពុង​ឋិត​នៅក្នុង​ដំណាក់កាល​ខែ​ទី ២ ជុំ​ទី ២ ឬ ខែ ទី ៤ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ២៥ ខែ កញ្ញា មាន​ប្រជាជន ៦៨ ម៉ឺន ០៩ ពាន់ និង ៩៧៣ គ្រួសារ ហើយ​កម្មវិធី​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាជាង ៣០ លាន ដុល្លារ​អាមេរិក ។
​ជា​ការណ៍​ពិត​ហើយ​ថា តាមរយៈ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នេះ បាន​ជួយ​សម្រួល និង សម្រាល​បាន​មួយចំនួន​ដល់​ជីវភាព​របស់​ប្រជាជន​ក្រីក្រ និង ងាយ​រងគ្រោះ នៅក្នុង​ដំណាក់​កាលដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំ​ន​ងឺ​កូ​វីដ ១៩ នេះ ។ ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​ឃើញថា បាន​នាំមក​នូវ​កត្តា​អវិជ្ជមាន​ខ្លះ​ដែរ ហើយ​ក្នុងនោះ​មាន​កត្តា​អវិជ្ជមាន​មួយ​ដែល​ត្រូវបាន​គេ​ដឹងឮ និង រង្កៀស​ចិត្ត​យ៉ាងខ្លាំង ដោយ​រួមទាំង​សាមី​បុគ្គល និង សាមីក្រសួង​ស្ថាប័ន នៃ កម្មវិធី​នេះ ដូចជា​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច ដែលជា​អ្នកដឹកនាំ​អនុវត្ត​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ខាងលើនេះ​ផងដែរ ។​


​ការ​រង្កៀស​ចិត្ត​ទាំងនេះ ដោយសារ​ត្រូវបាន​គេ​ដឹង​ឮជា​ហូរ​ហែម​កថា អ្នកទទួលផល​ខ្លះ បន្ទាប់ពី​បានទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល តាមរយៈ​កម្មវិធី​ខាងលើ​ដែល​ប្រតិបត្តិ​ករ​ទូទាំងប្រទេស ខិតខំ​ដុតដៃដុតជើង​យ៉ាងខ្លាំង មិន​ថា​យប់ មិន​ថា​ថ្ងៃ ទម្រាំ​អាច​បញ្ជូន​ថវិកា​ទាំងនេះ​ទៅ​ដល់ដៃ​អ្នកទទួលផល​នេះ​មក ពួកគេ ( អ្នកទទួលផល​ខ្លះ ) លែង​ខ្វល់ខ្វាយ​ពី​ការប្រកបមុខរបរ​រ​ក​ទទួលទាន​អ្វី​ឡើយ ហើយ​ថែមទាំង​យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ខុស​គោលដៅ ខុសពី​បំណង​របស់​រាជរដ្ឋាភិបាល ដូចជា​លេងល្បែង​ស៊ីសង និង យកទៅ​ទិញ​គ្រឿង​ស្រវឹង​ក៏មាន ដែល​ប្រការនេះ​វា​ពិតជា​គួរឱ្យ​សោកស្តាយ​ជាង​ខ្លាំង ។​

នៅក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ គេ​បានឮ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បារម្ភ​អំពី​អ្នកទទួលផល​ខ្លះ អាច​យក​ថវិកា​ទៅប្រើ​ប្រាស់​មិន​ប្រកបដោយ​គុណប្រយោជន៍ ( រូបៈ មេសា )


​ហេតុនេះ ជាថ្មី​ម្តងទៀត តាមរយៈ​បណ្តាញ តេ​ឡេ​ហ្ក្រា​ម នៅ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ លោក ឈួ​រ សុ​បញ្ញា បាន​សំណូមពរ និង ពន្យល់ថា “ សូម​សាធារណជន ជាពិសេស​បងប្អូន​អ្នកទទួលផល​មេត្តា​ជ្រាបថា ថវិកា​ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នេះ មិនមែន​បើក​ផ្តល់ជូន​ជា​រៀងរហូត​ទេ ហើយក៏​មិនមែនជា​ការចិញ្ចឹម​ប្រជាជន​ដែរ គឺ​គ្រាន់តែ​ជាការ​អន្តរាគមន៍​អំឡុងពេល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ ១៩ តែប៉ុណ្ណោះ ។ ហេតុនេះ​សូម​បងប្អូន​មេត្តា​ឆ្លៀតឱកាស ប្រើប្រាស់​ថវិកា​ដែល​បានមកពី​កិច្ច​ខិត​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការ​ត្បិតត្បៀត​សន្សំសំចៃ​នេះ ឱ្យ​បានជា​ប្រយោជន៍​ដល់​គ្រួសារ ជាពិសេស​ចៀសវាង​ឱ្យបាន​នូវ​ការយក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ខុស​គោលដៅ ក្នុង​ផ្លូវ​មិនល្អ ដែល​ជាការ​ខុសពី​គោលបំណង និង ទឹកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល ដូចជា​យកទៅ​ទិញ​គ្រឿង​ស្រវឹង និង លេងល្បែង​ស៊ីសង​ជាដើម “ ។

​តាមពិតទៅ ការ​សំណូមពរ​ក្រើនរំឭក​របស់លោក ឈួ​រ សុ​បញ្ញា បែបនេះ មិនមែនជា​លើក​ទី ១ ទេ ពោលគឺ​ទាំង​លោក ឈួ​រ សុ​បញ្ញា ទាំង​លោក វង សូត សុទ្ធតែ​បាន​សំណូមពរ​ក្រើនរំឭក ប្រហាក់ប្រហែលគ្នា​នេះ ជា​ហូរហែ​មកហើយ ប៉ុន្តែ​គេ​ហាក់ដូចជា​ទង្វើ ឬ អាកប្បកិរិយា ( របស់​អ្នកទទួលផល​ខ្លះ ដូចដែល​បានលើកឡើង​ខាងលើ ) មិនមាន​ការប្រែប្រួល​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ ។​


​ទោះយ៉ាងណា ក្រសួង​សង្គមកិច្ច ដែលជា​សាមីក្រសួង នៃ កម្មវិធី​ខាងលើ គ្មាន​សិទ្ធិ​ទៅ​ចាប់បង្ខំ ឬ ហាមឃាត់​ពួកគេ ( អ្នកទទួលផល ) ឡើយ គឺ​បានត្រឹមតែ​អំពាវនាវ សំណូមពរ និង ពន្យល់​ណែនាំ​ប៉ុណ្ណោះ ពីព្រោះ​គោលការណ៍ នៃ ការបើកប្រាក់​ឧបត្ថម្ភ​ខាងលើនេះ មិន​មានចែង​កំណត់ ឬ កំហិត​អំពី​អ្នកទទួលផល ត្រូវ​ប្រើប្រាស់​ថវិកា​ដោយ​របៀប​ណា​ឡើយ គឺមាន​កំណត់​ត្រឹមតែ​ថា គ្រួសារ​នោះ​ពិតជា​ក្រីក្រ​មែន ឬ យ៉ាងណា​ប៉ុណ្ណោះ ដែល​ប្រការនេះ វា​ត្រូវការ​នូវ​ការ​ភ្ញាក់រឭក​ម្ចាស់ការ​ដោយ​ខ្លួនឯង ពី​សំណាក់​អ្នកទទួលផល​ទាំងនោះ និង ការជួយ​ក្រើនរំឭក​ពន្យល់​ណែនាំ​បន្ថែម​ពី​អ្នកជិតខាង ជាពិសេស​សាច់ញាតិ និង អាជ្ញាធរ​មូលដ្ឋាន​ជាការ​រួមផ្សំ​គ្នា​ខ្លះ​ផង ៕ Kh

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច ដែលជា​អ្នកដឹកនាំ​អនុវត្ត​ដោយផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ( រូបៈ មេសា )
​មន្ត្រី​សង្គមកិច្ច​ចុះ​ពិនិត្យ​ការអនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម